Covid-19

រដ្ឋមន្ត្រីការបរទេស ឥណ្ឌាជំរុញឲ្យអង់គ្លេស ដោះស្រាយបញ្ហាជម្លោះការធ្វើចត្តាឡីស័កកូវីដ

បរទេស៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា នៅថ្ងៃអង្គារនេះ បានជំរុញប្រទេសអង់គ្លេស ឲ្យដកចេញច្បាប់ ដែលតម្រូវឲ្យពលរដ្ឋឥណ្ឌាធ្វើដំណើរទៅអង់គ្លេស ត្រូវធ្វើចត្តាឡីស័ក បើទោះជាពួកគេបានចាក់ថ្នាំវ៉ាក់សាំង រួចទាំងស្រុងក៏ដោយ។ 

ថ្នាំវ៉ាក់សាំង Covishield របស់ឥណ្ឌា ដែលអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca និងផលិតក្នុងប្រទេសឥណ្ឌា ដោយវិទ្យាស្ថាន Serum Institute តាមសេចក្តីរាយការណ៍ មិនត្រូវបានអង់គ្លេសទទួលស្គាល់ ក្រោមច្បាប់ថ្មី បើទោះជាដូចគ្នាបេះបិទ ទៅនឹងថ្នាំដែលផ្តល់ឲ្យដល់ពលរដ្ឋអង់គ្លេស រាប់លាននាក់ក៏ដោយ។ 

ច្បាប់អង់គ្លេសថ្មី ដែលដាក់ចូលឲ្យអនុវត្តជាធរមាន នៅខែក្រោយនេះ បានបង្កឲ្យមានការខឹងសម្បារជាខ្លាំង ដោយជនជាតិឥណ្ឌាជាច្រើននាក់ បានចាត់ទុកការសម្រេចចិត្តនោះ ថាជាការរើសអើង។ ពលរដ្ឋអង់គ្លេស ដែលបានចាក់វ៉ាក់សាំងនៅអង់គ្លេស ជាមួយថ្នាំវ៉ាក់សាំងផលិតដោយឥណ្ឌាដូចគ្នា មិនត្រូវបានតម្រូវឲ្យ ធ្វើចត្តាឡីស័កនោះទេ។ 

ក្រោយជួបជាមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ក្នុងទីក្រុងញូយ៉ក រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយក្នុងសារធ្វីតធ័រមួយដូច្នេះថា “(លោក) បានជំរុញឲ្យមានការ ដោះស្រាយឲ្យបានលឿនចំពោះបញ្ហាធ្វើចត្តាឡីស័យ ដើម្បីផលប្រយោជន៍រួម”។ 

គួរបញ្ជាក់ថា ច្បាប់ថ្មីរបស់អង់គ្លេសនេះ  អាចនឹងបណ្ដាលឲ្យមានការសងសឹកវិញ ពីទីក្រុងញូដេលី ដោយប្រភពពីរដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនទំនងជានឹងចាត់វិធានការ វាយបកវិញ ប្រសិនបើបញ្ហាមិនដោះស្រាយ ឲ្យបានលឿនទេនោះ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top