ព័ត៌មានអន្តរជាតិ

យុទ្ធសាស្រ្ត ត្រួតត្រាពិភពលោក របស់អាមេរិក តាមរយៈបាតដៃ CIA

គោលនយោបាយ និងយុទ្ធសាស្រ្តដើម្បីទន្រ្ទានកាន់កាប់ !

យោងតាមការសិក្សារបស់ Michel Collon គឺយុទ្ធសាស្រ្តបច្ចុប្បន្ន និងក្នុងអនាគតរបស់អាមេរិក ក្នុងការត្រួតត្រាពិភពលោក នៅតែមានគោលដៅដ៏សារវ័ន្ត ៥យ៉ាងដដែល រួមមានៈ

១-គ្រប់គ្រងឲ្យបានធនធានប្រេង-ឧស្ម័ននៅក្នុងបណ្ដាប្រទេសអាស៊ីកណ្តាល!

២-កសាងឲ្យបាននូវមូលដ្ឋានទ័ព ឲ្យស្ថិតនៅចំស្នូលកណ្តាលអាស៊ី ដែលមូលដ្ឋានយោធាទាំងនេះស្ថិតនៅចំទីតាំងភូមិសាស្រ្តកណ្ដាលរវាងចិន និងរុស្ស៊ី!

៣-បន្តរក្សាឲ្យបាននូវសិទិ្ធអំណាចក្នុងការគ្រប់គ្រងនៅ Saudi Arabia

៤-យោធូបនីយកម្មសេដ្ឋកិច្ច បន្តទប់ស្កាត់ កុំឲ្យមានវិបតិ្តកើតឡើងនៅក្នុងប្រទេសអាមេរិក!

៥-កម្ទេច ឬឯកោនូវរាល់ការប្រឆាំងជំទាស់ ពីកម្លាំងតតីយលោក និងចលនាប្រឆាំងទាំងឡាយទៅនឹងភាពអវិជ្ជមានរបស់សកលភាវូបនីយកម្ម!

គោលដៅទី១ ការគ្រប់គ្រងធនធានប្រេងឧស្ម័ន នៅក្នុងបណ្ដាប្រទេសអាស៊ីកណ្តាលៈ

បណ្តាសហក្រុមហ៊ុន ពហុរដ្ឋ និងរដ្ឋការអាមេរិក តែងតែមានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្នុងការត្រួតត្រាគ្រប់គ្រង មកលើផ្លូវនាំប្រេងឧស្ម័ន ចេញទៅក្រៅពីតំបន់ អាស៊ីកណ្តាលទៅកាន់លោកខាងលិច ទើបពួក CIAតែងតែមានឧបាយកល ក្នុងការបង្កើតឲ្យមានសង្រ្គាម នៅប្រទេសទាំងអស់! ជាអកុល ផ្លូវដែលត្រូវនាំប្រេងចេញទៅក្រៅប្រទេសបែរទៅជាស្ថិតនៅលើដងផ្លូវនៃបណ្តាប្រទេស Chechnya, Gruzia, Kurdistan, Macedonia និងYugoslavia។

មិនត្រឹមតែប៉ុណ្ណឹង ពួកគេថែមទាំង មានបំណងចង់រារាំង ទប់ស្កាត់នូវផ្លូវនាំប្រេង ទៅកាន់ទិសខាងកើត (ចិន និង ជប៉ុន)ទៀតផង ដោយនៅទិសខាងនេះ ពួក CIA ដែលពីយូរមកហើយ តែងតែបានផ្តល់ការគាំទ្រយ៉ាងសកម្ម ដល់កុលសម័្ពន្ធទាំងឡាយ ដែលកាន់សាសនាឥស្លាមនៅក្នុងតំបន់ ស្វយ័ត Xinjiang Uygur ឲ្យប្រឆាំងទៅនឹងអ្នកកាន់អំណាចរបស់ចិន!។ ចំពោះផ្លូវធ្វើដំណើរមកកាន់ភាគខាងត្បូង ក៏ស្ថិតនៅក្នុងចក្ខុរបស់ CIA ផងដែរ ដោយ ពួក CIA មានឧបាយកល ក្នុងផែនការរបស់ក្រុមហ៊ុន UNOCAL របស់អាមេរិក ពីយូរមកហើយផងដែរ ដោយពួក UNOCAL នេះបានចលនាឲ្យមានការកសាងបំពង់នាំប្រេង (Pipelines) រត់កាត់ប្រទេស Afghanistan និង Pakistan ឲ្យបានដែរ ទោះបីជាការកសាង Pipelines នេះត្រូវស្ថិតក្នុង ស្ថានភាពណាមួយ និងក្នុងតម្លៃណាមួយក៏ដោយ។

ឧស្សាហកម្ មប្រេង-ឧស្ម័ន គឺជាវិស័យមួយដ៏សំខាន់ ក្នុងការចាត់ចែងគ្រប់គ្រង មកលើខឿនសេដ្ឋកិច្ចរបស់អាមេរិក ។ ចាប់តាំងពីសង្រ្គាមលោកលើកទី២ចប់ លើកលែងតែ Colin Powers ចេញ ក្រៅពីនេះគឺរដ្ឋមន្រ្តីការបរទេស របស់អាមេរិកទាំងឡាយ សុទ្ធតែជាមនុស្សក្នុងកម្មសិទ្ ធរបស់ប្រេងទាំងអស់! ដោយរួមមានទាំងគ្រួសារ របស់ប្រធានាធិបតី Bush គឺជាក្រុមគហិបតី ប្រេងប្រចាំរដ្ឋ Texas ពិសេស អនុប្រធានាធិបតី Dick Cheney គឺជាមនុស្សដ៏សំខាន់មួយរូប ក្នុងការគ្រប់គ្រងប្រេងពិតប្រាកដ ។ នៅក្នុងសេតវិមាន អស់រយៈកាល៥ឆ្នាំ Dick Cheney ធ្វើជាមេរបស់ក្រុមហ៊ុន Halliburton គឺជាក្រុមហ៊ុនបម្រើផ្តាច់មុខសេវាកម្មប្រេង ដែលមានវត្តមាន ក្នុង១៣០ប្រទេស មានបុគ្គលិកបម្រើការជាង ១០ម៉ឺននាក់ ហើយដែលមានចំណូលប្រចាំឆ្នាំរាប់សិបកោដិដុល្លារអាមេរិក ! ។

ដើម្បីសម្រេចឲ្យបាន គោលដៅទី១នេះ ក្រុងWashington គ្មានជម្រើសអ្វីក្រៅ ពីសម្រេចលេងល្បែង នយោបាយប្រេងជាមួយពួកយោធានិយមនៅមីយ៉ាន់ម៉ាមុននេះ ! បើកភ្លើងខៀវឲ្យមានការកាប់សម្លាប់ ក្រុមអ្នកប្រឆាំងនៅក្នុង ប្រទេស Nigeria! ជួបចរចារសម្ងាត់ ជួយឲ្យ Halliburton ដណ្តើមបានកុងត្រាខ្លាញ់យ៉ាងច្រើននៅអាស៊ី អាហ្រ្វិក មជ្ឈិមបូព៌ា និងតំបន់អាស៊ីកណ្តាល (នេះបើយោងតាមឯកសារសម្ងាត់ របស់ក្រសួងការបរទេសអាមេរិកដែលត្រូវបានកាសែត Los Angeles Times បង្ហើបឲ្យដឹង)អំពីការធ្វើអាជីវកម្មប្រេងឧស្ម័ន របស់រដ្ឋការអាមេរិក ដោយពួកឈ្មួញប្រេងទាំងនេះ ពុំដែលបានមិនគិត អំពីរបបនយោបាយឡើយ! ។

អស់រយៈកាលជាងទសវត្សរ៍ សេតវិមានបានស្វែងរក គ្រប់វិធានការធ្វើយ៉ាងណា ដើម្បីគ្រប់គ្រងត្រួតត្រា Afghanistan ឲ្យបាន! ព្រោះដោយភូមិសាស្ត្រ Afghanistan ស្ថិតលើទីតាំងផ្លូវបែកជាបួន នៃផ្លូវនាំប្រេងក្នុងតំបន់អាស៊ី ។ ហើយពិតមែន តែយុទ្ធវិធីមានការផ្លាស់ប្តូរ ប្រែប្រួលទៅតាមដំណាក់កាលនីមួយៗក៏ដោយ ប៉ុន្តែគោលដៅយុទ្ធសាស្ត្រក្នុងការកាន់កាប់ប្រេងគឺនៅដដែល! ។ក្នុងការអនុវត្តន៍គោលដៅយុទ្ធសាស្ត្រនេះ ដំបូងឡើយពួក CIA បំពាក់អាវុធអោយពួកសកម្មប្រយុទ្ធ អ៊ីស្លាម ដែលមាននិន្នាការប្រឆាំងទៅនឹងសហភាពសូវៀត ។ នៅបណ្តាឆ្នាំ១៩៩៦ មានមន្ត្រីការទូតជាន់ខ្ពស់របស់អាមេរិកម្នាក់ ប្រចាំនៅ Pakistanពោលថា“គោលដៅដែលអាមេរិកជួយចលនា Jihad អ៊ីស្លាម ពុំមែនដើម្បីសុខសន្តិភាពនៅ Afghanistan នោះទេ! តែដើម្បីមួយគត់ គឺការកម្ទេចពួកកម្មុយនីស្ត និងបណ្តេញពួកសូវៀតចេញ ពីទីលាននេះ” ។ CIA បានផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅ Afghanistan តែការទម្លាក់រដ្ឋាភិបាលចាស់ បន្តុបឡើងនូវរដ្ឋាភិបាលAfghanistan ថ្មី ក៏ពុំបាននាំមកនូវវិឌ្ឍន៍ភាពសង្គមឡើយក្រៅអំពីការចិញ្ចឹមពួក Mujahiddin ដែលមានការគាំទ្រ ពេញទំហឹងពី CIA ដោយបានត្រឹមតែប្រែក្លាយទឹកដី Afghanistan ទៅជាទីកន្លែងផលិត Heroin ដែលនៅទីនេះមានបណ្តាញ រត់ពន្ធគ្រឿងញៀនចេញពី Afghanistan ចូលទៅ Turkey ចេញទៅតំបន់ Balkan រត់ចូលអឺរ៉ុប និងលើពិភពលោក ក្រៅពីនេះពួក Mujahiddin ក៏នៅមានការរត់ពន្ធជួញដូអាវុធ និង ប្រេងផងទៀតដែរ។

បន្ទាប់ពីជ័យជំនះនេះ សហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រ ដោយឥតលក្ខខណ្ឌ ចំពោះពួក Taliban ក្នុងការប្រយុទ្ធប្រឆាំងទៅនឹង សូវៀតដោយមិនអើពើទៅនឹងការតិះទៀន ភាពឃោរឃៅ សិទ្ធិមនុស្សពីបណ្តាអង្គការ អន្តរជាតិអំពីសិទ្ធមនុស្ស លើសកលលោកឡើយ។ ពេលដែលមានការចោទសួរ អំពីជោគវាសនារបស់ស្ដ្រី Afghanistan ក្រោមអំណាចត្រួតត្រារបស់ពួក Taliban ! ពេលនោះ Madeleine Albright រដ្ឋមន្ដ្រីការបរទេសអាមេរិក បានឆ្លើយតប ដោយគ្មានមនសិកាថា នេះជាកិច្ចការផ្ទៃក្នុង របស់Afghanistan យើងមិនចូលរួមចាប់អារម្មណ៍ទេ ! ការថ្លែងដោយគ្មានវិចារណញ្ញាណយ៉ាងដូច្នោះ ព្រោះពេលនោះ Madeleine Albright កំពុងបំពេញបេសកកម្មពិសេសជា “ប្រេសិតពាណិជ្ជកម្ម” ឲ្យក្រុមហ៊ុនប្រេង Unocal ដែលក្រុមហ៊ុនប្រេងនេះកំពុងតែអញ្ជើញពួកTaliban មកទស្សនកិច្ចនៅ Texas នោះ ។ នៅឆ្នាំ១៩៩៥ Henry Kissinger បានចូលរួម ជាសាក្សី ក្នុងពិធីចុះហត្ថលេខា លើកិច្ច ព្រមព្រៀង សាងសង់បំពង់នាំប្រេង(Pipelines ) រវាងតំណាង Unocalជាមួយក្រុមហ៊ុនDelta របស់ Saudi Arabia និងជាមួយប្រធានាធិបតីTurkmenistanផង ។ ក៏ប៉ុន្ដែក្រោយមក ដោយសភាពការណ៍វិវត្តន៍ ប្រែប្រួលនៃយុទ្ធសាស្រ្ត របស់ពិភពលោកនិងតំបន់ ធ្វើឲ្យអ្នកកាន់អំណាចរបស់អាមេរិក និង Unocal សម្រេចដោះដូរកូនអុកនយោបាយ ដោយពួកនេះមើលឃើញពួក Taliban ពុំអាចបំពេញភារកិច្ចធ្វើឲ្យ មានស្ថេរភាព នៅក្នុងប្រទេសAfghanistan បាន ទើបពួក Taliban ពីស្ថានភាព ជាសម្ព័ន្ធមិត្តបានប្រែក្លាយទៅជាវត្ថុ ឧបសគ្គមួយ ក្នុងនយោបាយ របស់អាមេរិកនូវក្នុងតំបន់ទៅវិញ។ ប៉ុន្ដែការផ្ដួលរំលំពួក Taliban ពុំមែនជារឿងស្រួល ហើយបើមានសង្គ្រាមនៅ Afghanistan វិញ ក៏មិនដឹងថា ដល់ពេលណា ត្រូវចប់ផងដែរ ! ។មិនត្រឹមតែមានសង្គ្រាមនៅ Afghanistan តែមួយនោះទេ? តែក៏មានសង្គ្រាមនៅ Iraqនៅក្នុងតំបន់ Caspian នៅ Columbia Algeria Nigeria Angola ។ ល ។ ជារួមនៅទីណាមានប្រេង គឺនៅទីនោះអាមេរិកបានស្វែងរក នូវគ្រប់មធ្យោបាយ ដើម្បីបង្កើតមូលដ្ឋានទ័ព និងបំផុសឲ្យមានសង្គ្រោម ដើម្បីងាយស្រួលក្នុងការត្រួតត្រា និងគ្រប់គ្រង លើពួកប្រទេសក្នុងតំបន់ទាំងនេះ។

ក្នុងបរិបទមួយនេះ មានមតិជាច្រើនបានចោទសួរថា តើអាមេរិកត្រូវការប្រេង-ឧស្ម័ន រហូតដល់បានសម្រេចក្នុងការកាន់កាប់មកលើប្រភពប្រេងនៅគ្រប់ទិសទីលើសកលលោករួមទាំងការធ្វើសង្រ្គាមផង ! ដែលក្នុងពេលនោះ នៅអាមេរិក មានរោងចក្រឧស្សាហកម្មជាច្រើន មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ រួមទាំងអគ្គិសនី ថាមពលប្រើប្រាស់ គឺប្រទេសអាមេរិកទាំងមូល បានប្រើប្រាស់ថាមពលយ៉ាងខ្ជះខ្ជាយ បំផុត ក្រុងមួយណាក៏ pollution ហើយដែលគួរឲ្យចម្លែក អាមេរិកត្រូវការប្រេង ! ដែលក្នុងពេលនោះ សាំងមួយលីត្រនៅអាមេរិក មានតម្លៃថោកជាងទឹក សុទ្ធមួយលីត្រទៀតផងនោះ ។

ជាតថភាព សហរដ្ឋអាមេរិក មិនត្រូវការប្រេងដល់បុណ្ណឹង ណាស់ណាទេ ព្រោះគ្រាន់តែប្រេងយុទ្ធសាស្រ្ដ ដែល សហរដ្ឋអាមេរិក លាក់ស្តុកនៅក្រោមដី មានបរិមាណច្រើន លើសពី ទៅដង នៃចំនួនប្រេងដែលស្ដុក នៅក្នុងតំបន់ អាស៊ីកណ្ដាល ហើយបើឧស្ម័ន វិញអាមេរិក បានស្ដុកច្រើនលើស១០ដងរបស់តំបន់អាស៊ី -កណ្ដាលទៅទៀត។នៅពេលដែលមានសង្គ្រាមជាមួយបណ្តាប្រទេសផលិត ប្រេង អាមេរិកតែងតែបំប៉ោងពាក្យ ថា“ដើម្បីធានា ដល់សន្តិសុខថាមពលរបស់អាមេរិក” ដែលនេះជាពាក្យស្លោកមួយ សម្រាប់បិទបាំង មតិសាធារណៈ នៅក្នុងប្រទេស និងលើពិភពលោក ក្នុងលេសមួយសម្រាប់បង្កហេតុ បង្កើតបញ្ហា ដើម្បីឈានទៅដល់ការកាន់កាប់ និងការធ្វើសង្រ្គាមនោះ! ។

ដូច្នេះ ប្រេង-ឧស្ម័ន គឺជាសំណូមពរនៃសេចក្តីត្រូវការដ៏ចាំបាច់បំផុត របស់អាមេរិកពិតប្រាកដឬ? No! ប្រេង ឧស្ម័នពុំមែនជា គោលដៅការពារខ្លួនរបស់អាមេរិកទេ! តែជាអាវុធ ជាមធ្យោបាយសម្រាប់ អ្នកកាន់អំណាច របស់អាមេរិក ធ្វើការគំរាមកំហែង រកលេសដើម្បីបង្កហេតុឈានទៅដល់ការត្រួតត្រាកាន់កាប់តែប៉ុណ្ណោះ ។ ព្រោះក្នុងទ្រឹស្តី របស់ចក្រពត្តិ“បើចង់គ្រប់គ្រង់ពិភពលោក គឺត្រូវក្តោបក្តាប់ប្រេង ឧស្ម័ន ទាំងអស់នៅក្នុងដៃ ! ទោះបីស្ថិតនៅទីណាក៏ដោយ” ។ ក្នុងករណីបើមានការផ្ទុះសង្គ្រាម ជាមួយពួកប្រទេសមូលធន ក៏ដូចជាមួយពួកប្រទេសចក្រពត្តិផ្សេង ទៀត គឺសហរដ្ឋអាមេរិកដាច់ខាត ត្រូវមានមធ្យោបាយនៅក្នុងដៃ ដើម្បីធ្វើការកៀបសង្កត់ពីលើដូចជាការគ្រប់គ្រង មកលើប្រភពផ្គត់ផ្គង់វត្ថុធាតុដើមឲ្យបាននៅមុនពេលដែលប្រេងឧស្ម័នទាំងនេះ ហូរទៅដល់បណ្តាប្រទេស គូបដិបក្ខធំៗ (អឺរ៉ុប ជប៉ុន ចិន) ក៏ដូចជាមួយពួកប្រទេស រឹងក្បាល (Rogue States) ទាំងឡាយផងដែរ ! ។

ឧទាហរណ៍ជាក់ស្តែងមួយ បើមានបំពង់នាំប្រេង រត់ពីតំបន់ Caspian ឆ្ពោះទៅទិសខាងលិច គឺបំពង់ទាំងនោះ ច្បាស់ជារបស់រុស្ស៊ី ដោយពុំមែនជា Pipelinesរបស់ Turkeyឬរបស់ Macedoniaឡើយ ដូច្នេះអឺរ៉ុបនិងត្រូវទទួលបានការគាំទ្រ ជួយជំនួយពីប្រភពប្រេង ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិក ! ។ ដោយមានមូលហេតុនយោបាយ យុទ្ធសាស្រ្ត ចម្បងទាំងនេះ ទើបនៅពេលដណ្តើមបាននូវសិទ្ធិបង្កើតមូលដ្ឋានយោធា នៅក្នុងតំបន់ ដែលមានប្រេងទាំងឡាយ គឺសហរដ្ឋអាមេរិកតែងតែមិនសូវស្វាគមន៍ ក្នុងការអញ្ជើញពួកសម្ព័ន្ធមិត្តអឺរ៉ុប ឲ្យចូលរួមក្នុងផែនការយោធាទាំងអស់នេះឡើយ ! ក្រៅពីអង់គ្លេសតែមួយគត់ ។ប៉ុន្តែ ត្រូវទទួលស្គាល់ការពិតមួយថា ប្រេងពុំមែនជាបញ្ហា មួយមុខដែលនាំឲ្យអាមេរិក ចាប់បញ្ចូនកងទ័ពទៅកាន់ Afghanistan នោះទេ! ព្រោះសហរដ្ឋអាមេរិក ក៏បានត្រង់ញ្ញាណថា អង់គ្លេស និងសូវៀត ធ្លាប់ជាប់ជុង រើខ្លួនមិនរួចចេញពីភូមិសាស្ត្រAfghanistan ក្នុងអតីតកាល ដែលនេះជាបច្ច័យ ដ៏អាក្រក់មួយ ក្នុងការនាំទៅដល់ការបរាជ័យ ជាយុទ្ធសាស្ត្ររបស់ប្រទេសពីរនេះ នៅលើទឹកដីព្រះ Allah មួយ យ៉ាងអាម៉ាស់ជាទីបំផុតនោះ ។

គោលដៅទីពីរ ៖ កសាងឲ្យបាននូវមូលដ្ឋានទ័ព ឲ្យស្ថិតនៅចំកណ្ដាលអាស៊ី

ដែលមូលដ្ឋានយោធាទាំងនេះ ស្ថិតនៅចំកណ្ដាល ទីតាំងភូមិសាស្រ្តរវាងចិននិងរុស្ស៊ី ចាប់តាំងពីបណ្ដាឆ្នាំ១៩៩៧ មក Brzezinski ទីប្រឹក្សាសន្តិសុខ របស់អាមេរិក បានអះអាងដោយកំណត់ថា “គោលការណ៍ ចម្បងនៃមាគ៌ា នយោបាយការបរទេសរបស់អាមរិក គឺការគ្រប់គ្រងឲ្យបានអឺរ៉ុបនិងអាស៊ីដែលទ្វីបទាំង២នេះ មាន៧៥% នៃចំនួនប្រជាជនក្នុងសាកលលោក មាន៦០% នៃសម្បត្តិធម្មជាតិ និងសក្ដានុពលសេដ្ឋកិច្ច! ដូច្នេះដើម្បីត្រួតត្រាអឺរ៉ុប និងអាស៊ីឲ្យបានគ្មានអ្វីក្រៅអំពីការធ្វើឲ្យពួកប្រទេសទាំងនេះធ្លាក់ទន់ខ្សោយទៅរួមមានអឺរ៉ុប រុស្ស៊ី និងចិនប្រជាមានិត ព្រមទាំងធ្វើការរារាំងទប់ស្កាត់កុំឲ្យពួកប្រទេសទាំងនេះមានការខិតជិតរកគ្នានិងឈានទៅដល់ការចងសម្ព័ន្ធភាពជាមួយគ្នាឲ្យបាន” ។

ការពង្រឹងនិងការវាទទីអំណាចរបស់អាមេរិកមានភាពស្រួចស្រាវ និងខ្លាំងក្លាបំផុតនៅក្នុងទ្វីបអាស៊ីនេះឯង! ហើយចិន ជាមុខសញ្ញាចម្បងដែលត្រូវ រារាំង-ទប់ស្តាត់ ដោយចិនក្នុងប៉ុន្មានឆ្នាំនេះមាន Power of Purchasing ដ៏មហិមាមានGDP កើនឡើងជានិរន្តរភាពក្នុងពីរទសវត្សរ៍នេះ ជិត៩,៨% ហើយពិសេសជាងនេះ គឺក្នុងបណ្ដាឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០១០ ជញ្ជីងផលិតកម្មរបស់ចិនមានការកើនឡើងលើសបីដង។ ទន្ទឹមទៅនឹងអត្រាទាំងនេះពួកអ្នកវិភាគសេដ្ឋកិច្ចជាច្រើនបានធ្វើការព្យាករណ៍ថា Market Shares របស់អាមេរិក ក្នុងផលិតផលសរុបរបស់ពិភពលោក និងមានការធ្លាក់ចុះចាប់ពី៥០% ក្នុងឆ្នាំ១៩៤៥ ចុះមកត្រឹម៣៥% ក្នុងទសវត្សរ៍ទី៦០ បច្ចុប្បន្ននៅសល់តែ២៨% ហើយដល់ឆ្នាំ២០២០ ប្រហែលនៅសល់ត្រឹម១០%ទៅ១៥% ហើយដែលពេលនោះ Portionរបស់ចិនមានភាពប្រហាក់ប្រហែលស្មើទៅនឹង សហរដ្ឋអាមេរិក លើ Market Sharesក្នុងទីផ្សារពិភពលោក! ។

ពីដើមឡើយ សហរដ្ឋអាមេរិក តែងតែសុបិន្តមើលឃើញថា ចិនប្រជាមានិតនឹងប្រែក្លាយទៅជា ដែនដីអាណានិគមបែបថ្មី របស់អាមេរិក ដោយចិននឹងបោះបង់ចោល នៅលិទ្ធិសង្គមនិយម! តែការគិតនេះពិបាកនឹងក្លាយ ទៅជាភាពប្រាកដនិយម ដែលទោះបីជាសហរដ្ឋអាមេរិក ត្រូវប្រើប្រាស់នូវគ្រប់មធ្យោបាយ ជាដុល្លារ ឬអាវុធយុទ្ធភ័ណ្ឌក៏ដោយនោះ ! មូលបទចម្បងដែលពុំអាចបំផ្លាញចិន បាននោះដោយចិនដាច់ខាត លើកកម្ពស់គោលមាគ៌ាបង្កើន ចង្វាក់ផលិតកម្មសេដ្ឋកិច្ចផង ! ទន្ទឹមនឹងនេះក៏បន្តភាព pursue បន្ថយភាពតានតឹងនិងរួមរស់ ជាមួយចក្រពត្តិ អាមេរិក ក្នុងសន្តិសហវិជ្ជមាន! ។ក៏ប៉ុន្តែទោះបីស្ថិតនៅក្នុងកាលៈទេសៈណាមួយក៏ដោយក៏ថ្នាក់ដឹកនាំចិនទាំងអស់ទ្រង់ញាណអំពីការព្រមានទាំងឡាយ របស់អាមេរិកនាឆ្នាំ១៩៩៩ ឆ្លងតាមរយៈការទម្លាក់គ្រាប់បែករបស់ទ័ពអាកាសអាមេរិក មកលើស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅ Belgrade នៃប្រទេសយូហ្គោស្លាវីកន្លងមក ។

អ្វីដែលបាននិងកំពុង កកើតនៅ Afghanistan, Syria, Libya កូរ៉េខាងជើងនិងសមុទ្រចិនខាងត្បូង ។ល។ សុទ្ធតែជាយុទ្ធវិធី ជាអន្ទាក់យុទ្ធសាស្រ្ត ក្នុងការហ៊ុំព័ទ្ធចិនប្រជាមានិតពីចម្ងាយ ដោយអាមេរិកបានកំណត់ចិន ជាគូបដិបក្ខមួយដ៏សំខាន់ របស់អាមេរិកក្នុងពេលនេះ។បន្ទាប់មកគូបដិបក្ខទីពីរ មានរុស្ស៊ីដែលបច្ចុប្បន្នប្រទេសនេះ បាននិងកំពុងងើបឡើងនៅលើឆាកអន្តរជាតិ។ ប្រទេសរុស្ស៊ីក្រោមការដឹកនាំរបស់ Putin បានអនុវត្តន៍នូវនយោបាយមុខពីរ គឺដើរស្របជាមួយពួកប្រទេសលោកខាងលិចខ្លះលើបញ្ហាមួយចំនួនដូចជាការលក់ដូររកស៊ីធ្វើពាណិជ្ជកម្មនិងសេដ្ឋកិច្ច ក៏ប៉ុន្តែរុស្ស៊ី បែទៅជាចងសម្ព័ន្ធភាព ជាមួយបណ្ដាប្រទេសដែលសហរដ្ឋអាមេរិកចាត់ទុកថាជាRogue Statesនោះទៅវិញ! ដូចជាកូរ៉េខាងជើង អ៊ីរ៉ង់ Syria ។ល។ ឆ្លៀតពេលដែលរុស្ស៊ីកំពុងមានការលំបាក នៅក្នុងស្រុកពួកCIA បានផ្ដល់កម្លាំងចិត្តដោយផ្ដល់ជំនួយ ជាអាវុធយុទ្ធភ័ណ្ឌទៅឲ្យពួកសកម្មប្រយុទ្ធអ៊ីស្លាមបំបែករដ្ឋនៅChechnya សំដៅធ្វើឲ្យ រុស្ស៊ីបន្តហូរឈាមចុះខ្សោយទៅៗ ក្នុងគោលបំណងបំបាក់មិនឲ្យរុស្ស៊ីមានVitamins គ្រប់គ្រាន់អាចងើបឡើងជាគូបដិបក្ខស្មើភាពជាមួយអាមេរិកបានក្នុងរយៈពេលមួយដ៏យូរអង្វែង។

គូបដិបក្ខទីបីអាចកំណត់បានថា ជាប្រទេសអ៊ីរ៉ង ដោយនៅក្នុងឆ្នាំ១៩៥២ CIA បានធ្វើរដ្ឋប្រហារផ្ដួលរំលំ នាយករដ្ឋមន្រ្តី Mossadegh ហើយលើកបន្តុប Shah Pahlavi ឡើងកាន់អំណាចតែក្រោយមករបបផ្ដាច់ការ Pahlavi ត្រូវផ្ដួលរំលំ ដោយមានចលនាបដិវត្តន៍អ៊ីស្លាមមួយផ្ទុះឡើងនាឆ្នាំ១៩៧៩ ដឹកនាំដោយព្រះគ្រូ Ayatollah Khomeini ទៅ។ ដោយមើលឃើញ សភាពខ្លាំងក្លាដ៏មហិមា របស់ចរន្តបដិវត្តន៍ អ៊ីស្លាមរបស់អ៊ីរ៉ង់ នៅក្នុងតំបន់ទើបCIA បានដាក់ចេញនូវផែនការធ្វើឲ្យរដ្ឋអំណាចអ៊ីរ៉ងធ្លាក់ចុះទន់ខ្សោយទៅដោយពួក CIA បានបំផុសឲ្យមាន សង្រ្គាមអ៊ីរ៉ង់ និងអ៊ីរាក់ (១៩៨០-១៩៨៨) បង្កើតបញ្ហានិងបំផុស ឲ្យមានទំនាស់សាសនារវាងពួកអ៊ីស្លាមនិកាយ Shiite (Iran)ជាមួយពួកអ៊ីស្លាមនិយមនិកាយ Sunnite (Saudi Arabia) ឲ្យមានការវិវាទវាយគ្នាស្លាប់រស់រហូតដល់ពេលនេះ ។ ដោយការមិនចុះសំរុងគ្នាក្នុងយុទ្ធសាស្ត្រពួកCIA បានបើកភ្លើងខៀវឲ្យឧត្តមសេនីយ៍ Zia កំចាត់ចោលនាយករដ្ឋមន្ត្រី Bhutto ហើយក្រោមការដឹកនាំរបស់ ពួកយោធានិយម Zia ពួក CIA បានប្រើប្រាស់ពួកTaliban, Mujahideen និងជនជាតិ Afghanistan ដោយការជួយគាំទ្រឧបត្ថម្ភទាំងនេះត្រូវបានធ្វើតាមរយៈកម្លាំងសម្ងាត់របស់Pakistanក្នុងការវាយប្រហារមកលើសូវៀត និងអុកឡុកIran ក្រោមគ្រប់រូបភាព! ។

ដោយអត្ថិភាព និងភាពរឹងមាំលើផ្នែកសេដ្ឋកិច្ចរបស់ចិន បានធ្វើឱ្យទីប្រឹក្សា Brzezinski នៅមានការបារម្ភមួយយ៉ាងជ្រាលជ្រៅថា ចិនអាចនឹងក្លាយទៅជា សសរទ្រូងមួយ ក្នុងការកកើតទៅជាសម្ព័ន្ធអនុត្តរភាពមួយរួមមាន ចិន រុស្ស៊ីនិងអ៊ីរ៉ង់! ។ ព្រោះសញ្ញានេះបានឃើញហើយតាមរយៈការកកើតក្រុមសៀងហៃ រួមមានប្រទេសចិន, រុស្ស៊ី, Kazakhstan ,Tajikistan , Kyrgyzstan និងUzbekistan ។ អ្នកវិភាគអូស្ត្រាលីបានសន្និដ្ឋាន ថា ក្រុមសៀងហៃនេះអាចងើបឡើង ក្លាយទៅជាកម្លាំងសរុបមួយដ៏ខ្លាំងក្លា ប្រឆាំងទៅនិងឥទ្ធិពល របស់អាមេរិក នៅក្នុងតំបន់! ហើយទន្ទឹមនឹងនេះទីភ្នាក់ងារ Interfax របស់រុស្ស៊ីក៏បានបង្ហើបឲ្យដឹងថាឥណ្ឌា,ប៉ាគីស្ថាន ក៏អាច ចូលរួមនៅក្នុងប្លុកសៀងហៃនេះផងដែរ។

ចំពោះ Henry Kissinger វិញពេលដែលធ្វើសេចក្តីរាយការណ៍មួយ នៅចំពោះមុខសភា អាមេរិក ក៏ធ្លាប់បានអះអាងថា “ចិនអាចរួមជាមួយជប៉ុន ក្នុងការរួមគ្នាបង្កើតឡើង នូវតំបន់ពាណិជ្ជកម្មសេរីមួយនៅអាស៊ី” ក្នុងករណីបើមានវិបត្តិហិរញ្ញវត្ថុមួយ ក្នុងទ្រង់ទ្រាយធំកើតឡើងនៅអាស៊ីឬនៅក្នុងក្រុមប្រទេសប្រជាធិបតេយ្យឧស្សាហកម្ម! ពេលនោះហើយដែលបង្ខំឲ្យពួកប្រទេសអាស៊ីខិតខំប្រឹងប្រែង ក្នុងការធ្វើយ៉ាងណាដើម្បីគ្រប់គ្រង សេដ្ឋកិច្ច និងរបបនយោបាយ របស់ពួកគេឲ្យបានកុំឲ្យធ្លាក់ ទៅក្នុងព្យុះសង្ឃរានៃវិបត្តិទូទៅទាំងនេះ។ ដោយបារម្ភទៅនឹងពួកប្រទេសអាស៊ីមានចរិតអមិត្តហើយដែលសំបូរទៅដោយសម្បត្តិធម្មជាតិ ដែលជាហេតុបច្ច័យទៅនឹងការមិនអំណោយផលទៅដល់ ផលប្រយោជន៍របស់អាមេរិកនោះ ទើបមូលហេតុ ដែលនាំឲ្យមានវត្តមាន យោធារបស់អាមេរិក នៅក្នុងទ្វីបអាស៊ីគឺជាភាពចាំបាច់ និងជាគោលដៅចម្បងក្នុង ការរារាំងទប់ស្កាត់ មិនឲ្យទ្វីបអាស៊ីអាចប្រែក្លាយទៅជាប្លុកអវិភាពមួយបាន ! ព្រោះបើតាមនិយមន័យរបស់ Kissinger គឺអវិភាពនៅទីនេះ មានន័យថា មិនដើរតាម មិនគោរពធ្វើតាមអាមេរិកនោះ!។

ក្នុងមូលបទយុទ្ធសាស្ត្រនេះ ទើបសហរដ្ឋអាមេរិកសម្រេចលោតចូល Afghanistan ដោយ Afghanistan មានទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលទ្វីបអាស៊ី! យក Afghanistan ធ្វើជាមូលដ្ឋានយោធាសម្រាប់ដំណើរការធ្វើអន្តរាគមន៍ចូលមករុស្ស៊ី អ៊ីរ៉ង់ និងចិន ។ល ។ បន្ទាប់មកអាមេរិកបានប្រែក្លាយ Uzbekistan ទៅជាមូលដ្ឋានយោធា និងទ័ពអាកាសសំដៅសម្រាប់ឃ្លាំមើលនូវរាល់សកម្មភាពរបស់វាលយន្តហោះនៅ Turkmenistan និងផែនការយូរអង្វែង ក្នុងការបណ្តេញជនជាតិរុស្ស៊ី ឲ្យចេញពីតំបន់មួយនេះ ! ការបង្កើតមូលដ្ឋានយោធា នៅតំបន់នេះក៏មានលក្ខណៈត្រៀមបម្រុង ក្នុងករណីដែលមូលដ្ឋានយោធា ទាំងឡាយរបស់អាមេរិក ប្រចាំនៅកូរ៉េខាងត្បូង និងជប៉ុន មានឧបសគ្គណាមួយកើតឡើងជាយថាហេតុក្នុងអនាគតនោះ!។

នៅក្នុងបរិបទមួយនេះ ហើយទើបប្រេង ពុំមែនជាមូលហេតុមួយគត់ ក្នុងការរុញឲ្យសហរដ្ឋអាមេរិក លោតចូលក្នុងទីលាន Afghanistan នោះទេ!

អាមេរិកបានចាត់បញ្ជូនទ័ព ទៅកាន់ Uzbekistan ក្រោយព្រឹត្តិការណ៍11/9 ក្រោមការយកលេសថា នេះជាវិធានការអាសន្ន! តែជាការពិត ចាប់តាំងពីបណ្តាឆ្នាំ ១៩៩៩ ក្រុង Washington បានចាត់បញ្ជូនចូលប្រទេសនេះនូវក្រុម Green Beret យ៉ាងច្រើនរួមទាំងការជ្រើសរើសនាយទាហានពីប្រទេសនេះទៅបណ្តុះបណ្តាហ្វឹកហ្វឺនក្នុងសាលាយោធារបស់អាមេរិកជាបន្តបន្ទាប់ទៀតផង! ទំនាក់ទំនង ក្នុងយុទ្ធសាស្ត្រយោធានេះ បានប្រែក្លាយ Uzbekistan ទៅជាសមាជិកមួយ ក្នុងសម្ព័នភាព ប្រឆាំងទៅនឹងផលប្រយោជន៍របស់រុស្ស៊ី រួចមាន Georgia, Ukraine, Azerbaijan, Uzbekistan និង Moldova ដោយហៅកាត់ថា GUAM ។គំនិតផ្តួចផ្តើម យុទ្ធសាស្ត្ររបស់អាមេរិក គឺធ្វើយ៉ាងណាក្នុងការកកើត ឲ្យមានតំបន់យុទ្ធសាស្ត្រមួយដូចប្រទេសអ៊ីស្រាអែលនៅក្នុងតំបន់មជ្ឈិមបូព៌ា! ។ ក្រោយពីឧបទ្ទវហេតុនៅKosovo និង Albania មកគឺមានប្រទេសពីរ Azerbaijan និង Uzbekistan ត្រូវបានអាមេរិកចាត់ទុកជាប្រទេសអាទិភាពក្នុងការត្រូវអូសទាញ។ បើនៅCaspian វិញប្រទេសពីរគឺ Azerbaijan និង Georgiaបានចូលរួមក្នុងយុទ្ធសាស្ត្ររបស់អាមេរិក ។ ប៉ុន្តែក្រៅពីនេះ ពួកប្រទេសដែលសំបូរប្រេង នៅក្នុងតំបន់ អាស៊ីកណ្តាល នៅមានភាពស្ទាក់ស្ទើ! ក៏ប៉ុន្តែពួកគេបានជ្រើសរើស ដើរជាមួយអាមេរិកក្នុងការសហប្រតិបត្តិការ លើផ្នែកសេដ្ឋកិច្ច តែចំពោះគោលនយោបាយសន្តិសុខវិញគឺបន្តដើរជាមួយរុស្ស៊ី និងចិន ដដែលដោយកត្តាភូមិសាស្ត្រយុទ្ធសាស្ត្រ របស់ពួកប្រទេសទាំងនេះ។

ក្នុងករណី បើប្រទេសពីរនេះ Azerbaijan និងGeorgia មានឥរិយាបថនយោបាយ មិនសហការជាមួយអាមេរិកនោះ! គឺមិនឆាប់មិនយូរអាមេរិក នឹងធ្វើឲ្យប្រទេសពីរនេះ បាត់ស្ថិរភាពដោយអាមេរិកនឹងប្រើប្រាស់ពួកសកម្មប្រយុទ្ធអ៊ីស្លាមនៅAfghanistan ចូលមកអុកឡុកដូចដែលសហរដ្ឋអាមេរិកបានធ្លាប់អនុវត្តន៍ Scenario នេះនៅ Kosovo ដោយពេលនោះទ័ពអាមេរិកឈរជើងនៅមូលដ្ឋានយោធា Bondsteel បានផ្តល់ការគាំទ្រដល់ពួកភេរវកម្មUCK ឲ្យបើកការវាយប្រហារចូលមក Serbia នាចុងឆ្នាំ២០០០ បើកការវាយប្រហារចូលមក Macedonia នៅដើមឆ្នាំ២០០១ ។ បច្ចុប្បន្នពួកប្រទេសនៅអាស៊ីកណ្តាលទាំងនេះគ្មានប្រទេសណាមួយដែលពុំមានការប្រឈមមុខជាមួយពួកឧទ្ទាមអ៊ីស្លាមនិយមជ្រុលនៅក្នុងស្រុកឡើយ!ហើយសព្វថ្ងៃនេះពួកអ៊ីស្លាមជ្រុលនិយមបានធ្វើសកម្មភាពខ្លាំងនៅម្តុំChechnya រុស្ស៊ី និងនៅ Xinjiangរបស់ចិន

ឆ្លៀតមានសង្គ្រោម ឈ្លានពាននៅ Iraq សហរដ្ឋអាមេរិក បានបង្កើតឲ្យមាន មូលដ្ឋានយោធា បន្ថែមនៅតំបន់ Perasigue ឆ្លៀតមានសង្រ្គាមប្រឆាំង Yugoslavie អាមេរិកក៏បានបង្កើតមូលដ្ឋានយោធានៅ Kosovo Bosnia និង Macedonia! ហើយឥឡូវក្នុងផែនការយុទ្ធសាស្រ្តថ្មីទៀត សហរដ្ឋអាមេរិកមានកំលាំងជំរុញបង្កើតមូលដ្ឋានយោធាបន្ថែមនៅ Gauzier, Azerbaijan, Uzbekistanនិង Turkmenistan ទន្ទឹមនេះក៏ជំរុញផែនការ ទំនើបកម្ម មកលើមូលដ្ឋានទ័ពដែលមានស្រាប់ នៅ Turkey និង Saudi Arabiaទៀតផង។

បើអនុវត្តបានជាស្ថាពរ នូវផែនការខាងលើទាំងអស់នេះ គឺលើផ្នែកយោធាសហរដ្ឋអាមេរិក បានខិតជិតទៅនៅក្បែច្រមុះរបស់ Iran ,Pakistan ចិននិងហ៊ុំព័ទ្ធរុស្ស៊ី ។

មូលដ្ឋានយោធាទាំងនេះ ក៏ជាឈ្នាន់ដ៏ពិសេស និងល្អបំផុតក្នុងការបង្កលក្ខណៈសម្បត្តិ ឲ្យកងទ័ពអាមេរិកមានលក្ខណៈងាយស្រួល ក្នុងការប្រតិបត្តិសកម្មភាពយោធា ចុះមកតំបន់ភាគខាងត្បូង ចូលមកសមុទ្រឥណ្ឌា មកតំបន់ឥណ្ឌូចិន និងសមុទ្រចិនខាងត្បូង ដោយមានភាពរលូនជាទីបំផុត (Sic)! ។

ការគ្រប់គ្រង មកលើប្រភពប្រេង របស់ចិន៖

មូលហេតុចម្បងណា ដែលនាំឲ្យសហក្រុមហ៊ុនប្រេង UNOCAL និងថ្នាក់ដឹកនាំ របស់ពួកនេះផ្តោត អាម្មណ៍ យកចិត្តទុកដាក់ខ្លាំង មកលើផ្លូវដឹកជញ្ជូនប្រេង ដែលរត់ឆ្លងកាត់Afghanistan ! ពិតមែនតែផ្លូវនេះពោរពេញទៅដោយភាពគ្រោះថ្នាក់ និងហានិភ័យដ៏ខ្ពស់ក៏ដោយនោះ! ដែលក្នុងពេលនោះពួកគេអាចដឹកជញ្ជូនប្រេងចេញ ពីតំបន់ អាស៊ីកណ្តាលទៅកាន់អឺរ៉ុបបាននោះ! ។ ក្នុងបរិបទមួយនេះលោក Bob Tudor អនុប្រធានរបស់ UNOCAL បានធ្វើការបកស្រាយថា “អឺរ៉ុបខាងលិចជាទីផ្សារមួយដ៏លំបាក ដោយផលិតផល ពីប្រេងនៅទីនេះ មានតម្លៃខ្ពស់ ទើបមានការពិបាកក្នុងការលក់ចេញ !ហើយប្រជាជនភាគច្រើនជាអ្នកមានវ័យចាស់ ទើបឧស្ម័ន ហ្គាស់ មានការប្រកួតប្រជែងខ្លាំងជាមួយនិងប្រេង! ម៉្យាងទៀតនៅអឺរ៉ុប មានក្រុមហ៊ុនលក់ប្រេងច្រើន ដែលធ្វើការ រកស៊ីមានការប្រកួតប្រជែងគ្នាខ្ពស់ ! ដូច្នេះហើយទើប UNOCAL ចាប់អាម្មណ៍ មកលើទីផ្សារនៅអាស៊ីជាង ។ បំពង់នាំប្រេង (Pipelines) ត្រូវបានកសាងឡើងដោយរត់កាត់ប្រទេសAfghanistan ចេញទៅសមុទ្រឥណ្ឌា ចូលមកកាន់ទីផ្សារសំខាន់ៗ នៅក្នុងទ្វីបអាស៊ីតែម្តង។ ពេលនេះហើយដែលក្រុមហ៊ុនប្រេងដ៏ធំទាំងឡាយ របស់អាមេរិកនឹងលក់បានច្រើននូវផលិតផលនៅលើទីផ្សារដែលកំពុងតែអភិវឌ្ឍន៍ រីកចម្រើនទាំងនេះ ដោយការលក់ប្រេង អាចទទួលបានតម្លៃចំណេញយ៉ាងច្រើន បើប្រៀបធៀបទៅនឹងទីផ្សាររបស់អឺរ៉ុបនោះ! ។ ក៏ប៉ុន្តែបំពង់នាំប្រេងទាំងនេះ អាចនឹងចាប់ផ្តើមមានដំណើរការបានល្គឹកណាដែល Afghanistan មានរដ្ឋាភិបាលមួយស្របច្បាប់ ស្ថិរភាពរឹងមាំ និងត្រូវបានអន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយនោះ(sic)! ។

ទស្សនទានរបស់ UNOCAL គឺគិតអំពីផលប្រយោជន៍ ចំណេញ ចំពោះអ្នកកាន់អំណាចរបស់អាមេរិកវិញគឺគិតទៅដល់ការបង្កើនកម្លាំង សម្ពាធមកលើចិនប្រជាមានិតទៅវិញ ! ។ ដើម្បីអនុវត្តន៍ នូវយុទ្ធសាស្ត្រដែលBrzezinski និងKissinger លើកឡើងដូចខាងលើ ក្នុងអាទិភាពទីមួយ គឺសហរដ្ឋអាមេរិកត្រូវក្តាប់ឲ្យបាននូវអាវុធ ប្រេងកាត! ព្រោះវិស័យឧស្សាហកម្មរបស់ចិនបាននិងកំពុងរីកផុសផុលលើគ្រប់ផ្នែកធ្វើឲ្យសំណូមពរអំពីប្រេង មានសេចក្តីត្រូវការខ្ពស់ ។ ក្នុងវិធានការនេះ សហរដ្ឋអាមេរិកបានអនុវត្តន៍ នូវយុទ្ធសាស្ត្រ “គ្រប់គ្រងប្រភពប្រេង និងត្រួតត្រាមកលើផ្លូវនាំប្រេងដើម្បីក្តាប់សេដ្ឋកិច្ចរបស់បណ្តាប្រទេសដែលនៅពឹងពាក់ រណបមកលើកត្តាពីរ ខាងលើនេះប្រេងនិងផ្លូវជញ្ចូនប្រេង !

ដោយឃើញភាពគ្រោះថ្នាក់ទាំងអស់នេះ ទើបចាប់តាំងពីបណ្តាឆ្នាំ២០០០ អាជ្ញាធរចិនបានបង្កើន ការនាំប្រេងចូលស្តុកទុកក្នុងស្រុកយ៉ាងច្រើន ដើម្បីឆ្លើយតបទៅនិងចង្វាក់វិវត្តន៍ របស់ខឿនសេដ្ឋកិច្ចក្នុងស្រុករបស់ចិន ! ក្នុងការលំបាកនេះ រដ្ឋាភិបាលចិន ក៏មានគោលបំណង បណ្តាក់ទុន នៅក្រៅប្រទេស ដែលមានប្រេង ក៏ប៉ុន្តែ ក្រុមហ៊ុនមូលធនផ្តាច់មុខទាំងឡាយ ដែលមានការគាំទ្រ ពីរដ្ឋាភិបាល របស់ពួកគេបានទន្ទ្រាន កាន់កាប់ និងវាទទីមកលើទីផ្សារប្រេងដ៏ធំៗ លើពិភពលោកមុនចិនអស់ហើយ។ ដោយមានការជួយជ្រោមជ្រែង ពីរដ្ឋាភិបាលពួកក្រុមហ៊ុនលោកខាងលិចទាំងនេះ បានកាន់កាប់សម្បត្តិធនធានប្រេងទាំងអស់របស់ពួកប្រទេស អាស៊ីកណ្តាល ហើយក្នុងយុទ្ធសាស្ត្រនេះ ពួកគេដាច់ខាត និងរារាំងទប់ស្កាត់ មិនឲ្យទោះបីក្រុមហ៊ុនណាមួយ របស់ចិនចូលមករកស៊ីបណ្តាក់ទុន នៅក្នុងតំបន់នេះឲ្យបានឡើយ ! ក្នុងមូលបទដ៏យុទ្ធសាស្ត្រនេះ ទើបរដ្ឋាភិបាលចិន បានដាក់ចេញនូវផែនការជាតិ គឺជំរុញ ការផលិតប្រេងដែលមានស្រាប់ នៅក្នុងដែនដីប្រទេសចិន ជាជំហានចំពោះមុខរបស់ចិន សម្រាប់ការដោះស្រាយប្រេង ! ។

ដោយមានការព្រមព្រៀង ជាមួយនិងរុស្ស៊ី ទើបចិនរួមជាមួយរុស្ស៊ី គ្រោងកសាងបំពង់នាំប្រេង ចេញពីបណ្តា ប្រទេសអាស៊ីកណ្តាល ក៏ប៉ុន្តែបន្ទាប់ពីមានឧបទ្ទវហេតុ 11/9 នៅ New York មក សហរដ្ឋអាមេរិក បានយកបញ្ហាភេរវកម្ម នេះជាលេសនយោបាយមួយដ៏ធំ ក្នុងការចាត់បញ្ចូនកងទ័ពឲ្យមកឈរជើងក្នុងតំបន់ អាស៊ីកណ្តាល មួយចំនួនធ្វើឱ្យចិន និងរុស្ស៊ី បាត់ឱកាសទៅ ! ។

គោលដៅទី៣៖ បន្តរក្សាឲ្យបាននូវសិទ្ធិអំណាច ក្នុងការគ្រប់គ្រង របស់អាមេរិកនៅ Saudi Arabia!

សង្គ្រាមរបស់អាមេរិក បច្ចុប្បន្នគឺសំដៅ កាន់កាប់មាសខ្មៅ ដែលមាននៅក្នុង តំបន់អាស៊ីកណ្តាល ដោយផែនការយុទ្ធសាស្ត្រនេះបំផុស ធ្វើឲ្យមានសង្គ្រាមដើម្បីការពាររាជវង្ស Saudi Arabia ផង និងក៏ដើម្បីការពារប្រភព ប្រេងផង។ Saudi Arabia ជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ដែលមានកត្តាកំណត់ក្នុងតំបន់ មជ្ឈឹមបូព៌ា របស់សហរដ្ឋអាមេរិក! ។

តាមការអះអាងរ បស់កាសែត New York Time គឺ Saudi Arabia ជាប្រទេសសក្តិភូមិផ្តាច់ការមួយគត់លើលោកនេះ ដែលពុករលួយ និងគ្មានការគោរពសិទ្ធិមនុស្ស តែដោយអំណាចរបស់ប្រេង និងលុយ បានធ្វើឲ្យអ្នកកាន់ អំណាចរបស់អាមេរិក ភ្លេចនូវអ្វីៗទាំងអស់!ព្រោះក្នុងប៉ុន្មានទសវត្សរ៍នេះ អាមេរិក និង Saudi Arabia ទទួលបាននូវផលលាភយ៉ាងមហាសាល ទើបពួកគេមិនខ្វល់ពីនរណា!អាមេរិកទទួលប្រេងពី Saudi Arabia ដើម្បី បម្រើឲ្យសង្វាក់អភិវឌ្ឍន៍ សេដ្ឋកិច្ច ចំពោះSaudi Arabia វិញទទួលយកនូវកំពែងការពារផ្តាច់មុខពីអាមេរិក ដើម្បីភាពសួនតួរមានបានរបស់ប្រទេសខ្លួន! ។

នៅឆ្នាំ២០០០ Saudi Arabia បានលក់ប្រេង មកលើទីផ្សារពិភពលោក ក្នុងទឹកប្រាក់ប្រមាណ ៨០កោដិដុល្លារអាមេរិក ដែលចំនួនទឹកប្រាក់នេះ មានបរិមាណពាក់កណ្តាលនៃចំណូលសរុបរបស់ប្រទេសទាំងអស់ នៅក្នុងតំបន់  មជ្ឈឹមបូព៌ាទាំងមូល ។ ប្រការមួយដែលធ្វើឲ្យក្រុង Washington ពេញចិត្តបំផុតនោះ គឺលុយដ៏មហិមា ខាងលើ មិនត្រូវបាន Saudi Arabia យកមកវិនិយោគទុនសារជាថ្មីនៅក្នុងស្រុក ដើម្បីពង្រឹងចង្វាក់ផលិតកម្ម ឬមួយក៏ដើម្បីកែលម្អដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្លួនដូចIraq ដែលធ្លាប់បានធ្វើកន្លងមកនោះទេ!ដោយលុយដែលបានមកពីការលក់ប្រេង គឺ Saudi Arabia បានយកលុយទាំងនេះ ទៅទិញភាគហ៊ុន ក្នុងបណ្តាធនាគាររបស់អាមេរិក ព្រមទាំងយក ទៅផ្ញើនៅWall Street និងសម្រាប់ការទូទាត់ទិញអាវុធ សំដៅទំនើបកម្ម វិស័យយោធារបស់ប្រទេសខ្លួន។ សកម្មភាពរបស់ Saudi Arabiaក៏បាននាំឲ្យប្រទេស Kuwait និងប្រទេស អារ៉ាប់មួយចំនួនធ្វើតាមដើម្បីរក្សាស្ថេរភាព នៅក្នុងស្រុកបន្តការកាន់អំណាច និងសម្រួលឲ្យក្រុងWashington មានលទ្ធភាពក្នុងការកំណត់ថ្លៃប្រេង ជាអត្រាលុយដុល្លារ ដោយពុំមែនជាលុយEuro ឡើយ ! ។

ការដោះដូរ ទូទាត់ខាងលើ ពុំបានធ្វើឱ្យប្រជាពលរដ្ឋ Saudi Arabia មានការពេញចិត្ត ពេញថ្លើមឡើយ ដែលភាពទោមនស្សនេះធ្វើឲ្យមានកើតចេញមនុស្សជាច្រើនដូច ករណី Bin Laden អីចឹង ! ។ ភាពមិនពេញចិត្តទាំងនេះ បានធ្វើឲ្យស្រទាប់ អ្នកមានជាច្រើនរបស់ Saudi Arabia យកលុយ ទ្រព្យសម្បត្តិ របស់ខ្លួនបញ្ជូនទៅក្រៅប្រទេស ដើម្បីជួយដល់កម្លាំងភេរវកម្មអន្តរជាតិ ដែលសហរដ្ឋអាមេរិក ក៏ទទួលស្គាល់ថា នេះក៏ជាសកម្មភាពមានពិតប្រាកដ ក្នុងការប្រឆាំងទៅនឹងផលប្រយោជន៍ របស់អាមេរិកនោះមែន ! ។ ត្រូវចេះប្រើប្រាស់ដុល្លារបានមកពីប្រេង ឲ្យចំគោលដៅ និងមានគុណប្រយោជន៍ខ្ពស់ !ដោយមើលឃើញជាបន្តបន្ទាប់ នូវការជ្រៀតជ្រែក អន្តរាគមន៍របស់អាមេរិកចូលមកក្នុងតំបន់ មិនឈប់ឈរ ទើប នៅខែកុម្ភៈ ឆ្នាំ១៩៩០ ពេលនោះ Saddam Hussein បានលើកជាសំណួរនៅចំពោះមុខក្រុមប្រឹក្សាអារ៉ាប់ (រួមមាន Iraq ,Saudi Arabia, Jordan និង Egypt) ដោយSaddam Hussein ទាមទារសុំឲ្យដកកងកម្លាំងអាមេរិកចេញពីតំបន់នេះ ។Saddam បន្តអះអាងថា បើពួកប្រទេសក្នុងតំបន់ Persique ពុំមានការប្រុងប្រយ័ត្ន មិនឆាប់មិនយូរអារ៉ាប់ទាំងមូល និងត្រូវអាមេរិកត្រួតត្រា គ្រប់គ្រងមិនខាន ។ បន្ទាប់មក Saddam បានលើកឡើងនូវគំនិតបង្កើត កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងប្រទេស នៅក្នុងតំបន់ Persique ជាមួយគ្នាឲ្យកាន់តែមានភាពស្អិតរមួត!។

អាចធ្វើសេចក្តីសន្និដ្ឋាន បានថានេះ ជាសេចក្តីចាប់ផ្តើមរបស់ Saddam Hussein ក្នុងការលើកឡើង នូវទស្សនទានមួយស្តីពីចំណងសាមគ្គីភាពរវាងពួកប្រទេសអារ៉ាប់ ឲ្យរួមគ្នាការពារផលប្រយោជន៍ សំរាប់ពួក ប្រទេសនៅក្នុងតំបន់Persique ដែលជាភាពប្រឈម មួយយ៉ាងស្រួចស្រាវបំផុត ប្រឆាំងទៅនឹងអត្ថប្រយោជន៍យុទ្ធសាស្រ្តរបស់អាមេរិក នៅក្នុងតំបន់នេះ !។ ក្រោយពីមានសេចក្តីអំពាវនាវនេះ ក្រុង Washington សម្រេចដាក់ទណ្ឌកម្មយ៉ាងចាស់ដៃមកលើIraq ព្រមទាំងឈានជើងទៅដល់ការកម្ទេចប្រទេសIraq ទាំងស្រុងទុកជាមេរៀនមួយដល់ស្រទាប់មូលធន គហិបតី របស់ប្រទេសអារ៉ាប់ ផ្សេងទៀត ដែលមានបំណងចង់លើកកំពស់ ឯករាជ្យភាព ឥស្សរភាពរបស់ខ្លួន នៅចំពោះមុខមហិច្ឆតា នៃយុទ្ធសាស្រ្តរបស់អាមេរិក នៅក្នុងតំបន់មជ្ឈឹមបូព៌ានោះ!។ ដើម្បីបំផុសឲ្យមានសង្រ្គាមប្រឆាំងទៅនិងប្រទេសIraq ក្រោមការដឹកនាំរបស់ Saddam Hussein គឺពួកCIA បានបង្កើតឲ្យមានរឿងអាស្រូវមួយស្តីពី«អាវុធប្រល័យលោក Weapon of Mass Destruction-WMD» របស់ Bagdad ដើម្បីជាលេសបើកការវាយប្រហារ កាន់កាប់Iraq !។ ដល់ពេលបែកការណ៍ ពួកCIA បានដាក់កំហុស អំពីការខុសឆ្គងនេះមកពីមានរបាយការណ៍ចេញពីសេតវិមាន ទើបពួកគេអនុវត្តន៍ធ្វើតាម(Sic) ! ។

ក្រោយអំពីព្រឹត្តិការណ៍នៅIraqមក ក្រុង Washington ប្រឈមមុខយ៉ាងខ្លាំង ទៅនិងចរន្តទោមនុស្ស ក្ដៅក្រហាយពីពិភពអារ៉ាប់ ! ក៏ប៉ុន្តែទោះបីត្រូវស្ថិតនៅក្នុងស្ថានភាព ឬកាលៈទេសៈណាមួយ ក៏ដោយក៏អាមេរិក ដាច់ខាតមិនបោះបង់ចោលអ៊ីស្រាអែល និងឈប់ទាក់ទងជាមួយ Saudi Arabia ឡើយ ! ព្រោះអ៊ីស្រាអែល ជាសន្លឹកបៀរអាត់លើផ្នែកយោធា របស់អាមេរិក ក្នុងការពង្រីកនិងវាទទី អំណាច យុទ្ធសាស្រ្ត របស់អាមេរិក នៅក្នុងតំបន់មជ្ឈឹមបូព៌ាទាំងមូលចំពោះ Saudi Arabia វិញគឺជាសន្លឹកបៀរហិរញ្ញវត្ថុ របស់អាមេរិក ដោយការទូទាត់ប្រេងរបស់ Saudi Arabia ពុំមែនជាលុយ តែជាការយកអាវុធយុទ្ធភ័ណ្ឌ របស់អាមេរិកមិនចេះចប់នោះ! ។

តែយ៉ាងណាក៏ដោយក៏ការតស៊ូរបស់ប្រជាជនPalestinianគឺជាសុបិនមួយដ៏អាក្រក់ និងចលនា Intifadaជាជំងឺរ៉ាំរ៉ៃប្រចាំកាយ មិនចេះចប់ ចំពោះគោលនយោបាយ យោធា និងការពង្រីកឥទ្ធិពលរបស់អាមេរិក នៅក្នុងតំបន់មជ្ឈឹមបូព៌ានោះ! ។

គោលដៅទី៤ ៖ យោធូបណីយកម្មសេដ្ឋកិច្ច បន្តទប់ស្កាត់កុំឲ្យមានវិបត្តិកើតឡើង នៅក្នុងប្រទេសអាមេរិក !

ពិតមែនតែមានភាពអំណោយផល យ៉ាងច្រើនក៏ដោយ ក៏ប៉ុន្តែពួកមូលធន របស់លោកខាងលិច នៅតែជួបប្រទះទៅ នឹងវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុអាស្រ័យ ទៅតាមហេតុការណ៍នីមួយៗ របស់វា ហើយក្នុងវិបត្តិនីមួយៗ យ៉ាងដូច្នេះធ្វើឲ្យពួកសេដ្ឋវិទូមានការបារម្ភខ្លាច Wall Street និងប្រព័ន្ធមូលធននិយមទាំងមូល ត្រូវគួចធ្លាក់ ទៅក្នុងស្ថានការណ៍ ឱនភាពមួយដ៏គ្រោះថ្នាក់ ដូចសម័យកាលនៃវិបត្តិទូទៅ (Great Depression) នៅក្នុងឆ្នាំ១៩២៩ កើតឡើងមកសារជាថ្មីនោះ! ព្រោះសញ្ញាទាំងអស់នេះ មានលេចចេញមកឲ្យឃើញ នូវរោគវិបត្តិសេដ្ឋកិច្ចកើតឡើងសារជាថ្មី នៅក្នុងឆ្នាំ២០០០កន្លងមកហើយនោះ!។

ដើម្បីជាការរំដោះគ្រោះជាបណ្តោះអាសន្ន នៃរលកវិបត្តិទាំងនេះ ពួកមូលធនលោកខាងលិចតែងតែស្វែងរកនូវគ្រប់វិធានការក្នុងការបង្វែរការលំបាក ផលវិបាក មកពីវិបត្តិទាំងអស់នេះ រុញមកលើក្រុមប្រទេសតតីយលោក និងស្រទាប់មនុស្សក្រីក្រនៅក្នុងសង្គម មានករណីជំងឺកូវីដ១៩ជាដើម ។ ក៏ប៉ុន្តែដំណោះស្រាយទាំងនេះ បែរទៅជាបង្កើតឲ្យមានការលំបាកមួយផ្សេងទៀត ! ព្រោះបើជួបប្រទះនូវឧបទ្ទវហេតុទាំងនេះ គឺផលិតផលដែលផលិត ដោយពួកប្រទេស អភិវឌ្ឍន៍ ពុំអាចលក់ទៅឲ្យពួកប្រទេសតតីយលោក អាចទិញយកទៅប្រើប្រាស់បាន ដែលជាហេតុធ្វើឲ្យទំនិញ ទាំងនោះកកស្ទះ រោងចក្រមិនដំណើរការ កម្មករអស់ការងារធ្វើនៅក្នុងប្រទេសរបស់ពួកគេទៅវិញ។

ការខុសគ្នារវាង ភាពមានបាន និងភាពក្រីក្រ គឺជាអំពើអយុត្តិធម៌មួយនៅក្នុងសង្គម ហើយក៏ជាចំណោទមួយដែលគ្មានចម្លើយរបស់លិទ្ធិមូលធននិយមផងដែរ !។ ដើម្បីស្រោចស្រង់ នូវសភាពការណ៍ទាំងអស់នេះ រដ្ឋាភិបាល របស់អាមេរិក តែងតែមើលឃើញនូវការដាក់បញ្ជាទិញ (Order) យោធូបករណ៍ ពីបណ្តារដ្ឋាភិបាលបរទេស ដើម្បីបំពេញបន្ថែមមកលើក្បាលម៉ាស៊ីន សង្គ្រាមរបស់ប្រទេសទាំងនេះ! ។ ក្នុងសម័យកាលនៃសង្គ្រាមឥណ្ឌូចិនលើកទី មានពួកអ្នកសេដ្ឋកិច្ចអាមេរិក ដ៏ល្បី១៥នាក់ បានឲ្យមតិយោបល់ថា “គ្មានអ្វីប្រសើរជាងនេះក្នុងការរក្សាពង្រឹងខឿនសេដ្ឋកិច្ចរបស់អាមេរិកក្រៅអំពីដំណើរការធ្វើសង្គ្រាម!ព្រោះប្រសិទ្ធភាពខ្ពស់បំផុតរបស់សង្គ្រាម គឺការត្រួតពិនិត្យគ្រប់គ្រងបាននូវរាល់ចង្វាក់ពលកម្មក្នុងប្រទេស ការងារផលិតកម្ម និង ចង្វាក់ នៃការប្រើប្រាស់នូវយោធូបករណ៍ បានដោយភាព Effective ខ្ពស់បំផុត ។ ដំណើរការសង្គ្រាមបាន និងកំពុងជាកត្តាមួយ ដ៏សារវ័ន្ត ក្នុងការធានាស្ថេរភាព នៃការធ្វើសង្គ្រាមរបៀបទំនើប នាពេលបច្ចុប្បន្ននេះ ។ វិស័យយោធា គឺជាផ្នែកមួយដ៏សំខាន់បំផុត និងតែមួយគត់ ក្នុងខឿនសេដ្ឋកិច្ចសរុបដែលចាំបាច់ ត្រូវស្ថិតនៅក្រោមការត្រួត ពិនិត្យដាច់ខាត របស់រដ្ឋាភិបាលដើម្បីជាការសំរេច និងជាការកំណត់ទិសដៅ… ! ព្រោះមានតែសង្គ្រាម និង សង្គ្រាមតែមួយគត់ទេ ដែលអាចទូទាត់ ដោះស្រាយនូវរាល់ ទំនិញ ដែលកកស្ទះនៅក្នុងឃ្លាំងស្តុក ឲ្យអស់ជាស្ថាពរ (sic) បាន !។

ដូច្នេះក្នុងបរិបទគុណអត្ថប្រយោជន៍ យូរអង្វែង សង្គ្រាម គឺជាមិត្តរួមដំណើរ របស់ពួកមូលធននិយមហើយសន្តិភាព ជាបច្ចាមិត្តរបស់ពួកចក្រពត្តិ! ។ នៅចុងអាណត្តិរបស់ខ្លួន Bill Clinton បានអំពាវនាវឲ្យមានការបង្កើន ៧០% មកលើថវិកាយោធា សម្រាប់រយៈពេលឆ្នាំ ដែលទោះបីជាថវិកាយោធា របស់អាមេរិកពេលនោះមានអត្រាខ្ពស់ ជាងប្រទេសមហាអំណាចយោធាទាំងអស់ បូកមកជាមួយគ្នាក៏ដោយ។ បន្ទាប់មក Bush បន្តដើរតាមផែនការរបស់ Clinton ដោយ Bush បានបង្កើនថវិកាយោធា ៦០កោដិដុល្លារបន្ថែមទៀត ដើម្បីកសាងប្រព័ន្ធកាំជ្រួច National Missile Defense- NMD ព្រមទាំងបានចុះកុងត្រាផលិតប្រភេទយន្តហោះ ប្រតិកម្មទំនើបបំផុត Joint Strike Fighter- JST ក្នុងតម្លៃ ២០០កោដិដុល្លារ រួមទាំងកម្មវិធីយោធាផ្សេងៗជាច្រើនទៀត ក្នុងហេតុផលតែមួយគត់ គឺបម្រើឲ្យបុព្វហេតុសង្រ្គាមតែប៉ុណ្ណោះ ! ។

ការធ្វើយោធូបណីយកម្ម សេដ្ឋកិច្ច របស់អាមេរិកក្នុងគោលបំណងពីរ ៖

ទីមួយ ដោយសំណូមពរនៃការប្រើប្រាស់ មានលក្ខណៈជាឯកជន មានការថយចុះយ៉ាងខ្លាំង ទើបត្រូវជំនួស នូវការប្រើប្រាស់ ទាំងនេះ ទៅជាការប្រើប្រាស់ មានលក្ខណៈជាសាធារណៈវិញ ! គឺជាការដាក់បញ្ជាទិញ (Order)នូវសំភារៈយោធាវិញ! ។ របស់ដែលហៅថា សហក្រុមហ៊ុនឧស្សាហកម្មយោធា Groups of Military Industries មិនត្រឹមតែរួមមាន ពួកឈ្មួញលក់អាវុធ តែថែមទាំងមាន Groups ឧស្សាហកម្មដ៏ធំនៅជាមួយផង ដូចជា Ford, General Motors, Motorola, Lockheed Martin ។ ល ។

ទីពីរ គឺការបង្កើនថាមពលយោធា ឲ្យកាន់តែមានសភាពខ្លាំងក្លា ដើម្បីទន្ទ្រានកាន់កាប់សម្បត្តិធម្មជាតិ ឲ្យកាន់តែច្រើនពីប្រទេសដទៃ ដែលការដណ្តើមនេះ មិនត្រឹមតែបានមកពីបណ្តាប្រទេស តតីយលោក តែថែមទាំង ដណ្តើមពីពួកប្រទេសដែលជាសម្ព័ន្ធមិត្តជាមួយគ្នាផង ! ការពិតពួកប្រទេសមូលធនទាំងអស់នេះ ក៏ជាគូប្រកួតប្រជែង របស់អាមេរិក នៅលើក្តារអុកនយោបាយយុទ្ធសាស្រ្ត ក្នុងការបែងចែកពិភពលោក ជាមួយគ្នាផងដែរនោះ !

ជាតថភាព កម្មវិធីកាំជ្រួច NMD គឺជាឧទាហណ៍យោធាមួយដ៏ជាក់ស្តែងបំផុត ដោយនេះជាប្រភេទកាំជ្រួចវាយប្រហារ ដូច្នេះសហរដ្ឋអាមេរិក មានលទ្ធភាពអាចវាយប្រហារមកលើទោះបីប្រទេសណាមួយ ដោយមិនបារម្ភ ទៅនឹងការវាយបកវិញ។ ការកសាងប្រភេទអាវុធកាំជ្រូចនេះបាននាំឱ្យក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន Boeing និងក្រុមហ៊ុន ជាច្រើនទៀតរបស់អាមេរិក ទទួលបានកម្រៃចំណេញយ៉ាងច្រើនដ៏មហិមា ។ ម្យ៉ាងទៀត កម្មវិធី NMD នេះក៏មាន លក្ខណៈពិសេសក្នុងការធ្វើឲ្យមានឧត្តមភាពយោធា ហើយក៏ធ្វើឲ្យពួក ប្រទេសដទៃទៀត នាំគ្នារត់ប្រណាំង សព្វាវុធថ្មី រវាងអាមេរិក អឺរ៉ុប រុស្ស៊ីនិងចិន ។ ល។ ល ។ ដែលផែនការរត់ប្រណាំងសព្វាវុធនេះ ធ្វើឲ្យប្រទេសជាច្រើន ជួប ការលំបាក ដោយមានបញ្ហាសេដ្ឋកិច្ច សង្គមដូចករណីរបស់សហភាពសូវៀត ក្នុងបណ្តាឆ្នាំ៧០ និង៨០ កន្លងមកនោះ !។

គោលដៅទី៥ កម្ទេច ឬឯកោនូវរាល់ការប្រឆាំងជំទាស់ ពីកម្លាំងតតីយលោក និងចលនាប្រឆាំងទាំងឡាយ ទៅនិងភាពវិជ្ជាមាន របស់សកលភាវូបនីយកម្ម!

ចរន្តនៃចលនាប្រឆាំង ទៅនឹងគំនិតចក្រពត្តិ មូលធននិយម បាននិងកំពុងវិវត្តន៍រីកចម្រើន នៅគ្រប់វិស័យ ដោយការប្រឆាំងនេះមិន ត្រឹមតែកើតមានឡើង នៅក្នុងបណ្តាប្រទេសតតីយលោក តែថែមទាំងមាន នៅក្នុងបណ្តាប្រទេសអ្នកមានទៀតផង !។ទោះបីជាស្ថិតនៅក្នុងស្ថានភាពណាមួយក៏ដោយ ក៏ Cuba នៅតែប្តេជ្ញាការពារសមិទ្ធផល សង្គម និយមរបស់ប្រទេសខ្លួន! ប្រទេសកូរ៉េទាំងពីរប្តេជ្ញាឆ្ពោះ ទៅរកការឯកភាពបង្រួបបង្រួមជាតិ ឲ្យបានក្នុងដំណើរ សន្តិភាវូបណីយកម្ម! ចំពោះColombia, Nepal, India, Mexico Philippines ល-ល។ សុទ្ធតែមានចលនាបដិវត្តន៍ ដែលចលនាទាំងអស់នេះ មានគោលមាគ៌ានយោបាយ ដើរដោយឡែករបស់ពួកគេ។ពិសេសជាងនេះទៅទៀត គឺពួកប្រទេសក្នុងទ្វីបអាមេរិកឡាទីន បាននិងកំពុងធ្វើឱ្យក្រុង Washington មាន ការបារម្ភដោយក្នុងតំបន់នេះ បានកកើតឡើងនូវត្រីកោណ Colombia, Venezuela, Ecuador ដែលទំនាក់ទំនងត្រីកោណមួយនេះ មានលទ្ធភាពអាចនាំឲ្ យពួកប្រទេសអាមេរិកឡាទីន រួចផុតពីភាពហ៊ុំព័ទ្ធ ឯកោ ដែលអាចធ្វើឱ្យមានការក្រឡាប់ចាក់នៃតុល្យភាពកម្លាំង ក្នុងទ្វីបនេះទាំងមូល ដែលជាហេតុបច្ច័យមួយអាចនាំឱ្យមានទីបង្អែកមួយ សំរាប់ចលនាបដិវត្តន៍ទាំងឡាយមានមូលដ្ឋាន នៅក្នុងបណ្តាប្រទេស Brazil ,Argentina ល-ល នោះ!។

ដោយឡែកចលនា Intifada អាចជាកត្តាមួយដ៏សំខាន់បំផុត ក្នុងពិភពលោកបច្ចុប្បន្ននេះ ដោយ Intifada ជានិមិត្តរូប ឲ្យការឈឺចាប់ គឺនៅទីណាមានការជិះជាន់ ទីនោះមានការតស៊ូរើបំរះ ។ ហើយទោះបីជាកងកម្លាំង NATOបានយកជ័យជំនះមកលើSerbia បានក៏ដោយ តែចំពោះជនជាតិ Palestineវិញ នៅតែប្តេជ្ញាតស៊ូ មិនរាថយ នៅចំពោះមុខនៃអំណាច របស់ពួកយោធានិយមអាមេរិក អ៊ីស្រាអែល ដើម្បីឥស្សរភាពរបស់ខ្លួន។ ក្រៅពីនេះ នៅក្នុងប្រទេស Greece, Italy, Spain និងពួកប្រទេសឧស្សាហកម្មមួយចំនួន របស់លោកខាងលិច ក៏មានចរន្តយុវជនថ្មី ពោរពេញទៅដោយថាមពលប្រយុទ្ធប្រឆាំង ទៅនឹងអំពើអយុត្តិធម៌នៅក្នុងសង្គម ដែលភាពអគតិនេះ មកពីមានចរន្តសកលភាវូបណីយកម្ម ដែលយុវជនជំនាន់ថ្មីទាំងនេះ មានបំណងប្រាថ្នាដ៏ទទូចតែមួយគត់គឺ ចង់កសាងនូវពិភពលោកមួយថ្មីគ្មានអំពើជិះជាន់ ពីពួកសហក្រុមហ៊ុនឧស្សាហកម្មយោធាទាំងនេះ (Sic)! ។

តែយ៉ាងណាក៏ដោយ ក៏គ្រប់ចលនាយុវជន កម្មករ សហជីព នៅក្នុងពួកប្រទេសអភិវឌ្ឍន៍ បានជួបប្រទះទៅនិងបញ្ហាយ៉ាងច្រើន ! ពិសេសគឺជួបប្រទះទៅនឹងវិធានការទប់ស្កាត់ពីកម្លាំងសម្ងាត់ និងពួក CIA ដោយពួក CIA មានការភ័យខ្លាចទៅនិងចលនាទាំងអស់នេះ មានចរិតបំរើឱ្យមាគ៌ា គោលនយោបាយរបស់រុស្ស៊ី -ចិន ឬកម្លាំងទីបីធ្វើឲ្យបាត់ផលប្រយោជន៍របស់អាមេរិក

ក្នុងពិភពលោកបច្ចុប្បន្ននេះ កម្លាំងចម្រើន(Progressive forces) មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចកកើតទៅជារណសិរ្សពិភពលោកមួយ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងភាពក្រីក្រ អត់ឃ្លាន អយុត្តិធម៌ អំពើហិង្សា និងសង្គ្រាម! ដោយរណសិរ្សមួយនេះ អាចប្រមូលផ្តុំពីប្លុកខាងជើងនិងខាងត្បូង ពីពួកប្រទេសតតីយលោក និងកម្លាំងចម្រើនក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ ! ហើយប្រព័ន្ធ Internet អាចជាអាវុធមួយមានតម្លៃបំផុត ក្នុងការប្រមូលផ្តុំកម្លាំងវិជ្ជមានទាំងនេះ ក្នុងការឯកភាព ឯកច្ឆ័ន្ទឈាន ទៅដល់ Joint Actions ជាមួយគ្នា ដើម្បីពិភពលោកមួយដ៏ល្អ គ្មានភាពអយុត្តធម៌ ប្រទេសធំរំលោភបំពានមកលើប្រទេសតូចនោះ! ។

ក្នុងសម័យសង្រ្គាមឥណ្ឌូចិន លើកទីពិសេសក្នុងសង្រ្គាមនៅវៀតណាម គេឃើញមានរណសិរ្សមួយ យ៉ាង ដូច្នេះបានរួមវិភាគទានយ៉ាងថ្លៃថ្លា ក្នុងការរុញច្រានសង្រ្គាមចេញពីតំបន់នេះបាន ដោយកម្លាំងចម្រើន របស់មហា ជនលើសកលលោក ពេលនោះបានធ្វើមហាបាតុកម្មទាមទារ ឲ្យកងទ័ពអាមេរិកដកទ័ពចេញអស់ ពីប្រទេស ទាំងបីទាំងនៅឥណ្ឌូចិន ដោយគ្មានលក្ខខណ្ឌ(Sic)។

គ្រោះមហមន្តរាយនៃការឈានទៅដល់ “សង្គ្រាមមួយដែលគ្មានការកំណត់” របស់ពិភពលោក !

បន្ទាប់ពីមាន ឧបទវហេតុមួយក្រោយថ្ងៃទី១១ កញ្ញាមក គឺចាប់តាំងពីតុលា ២០០១ សហរដ្ឋអាមេរិកបានបំផុសឲ្យមានសង្គ្រាមនៅតាមតំបន់នីមួយៗ ដែលពេលនោះលោក Paul  Wolfomitz អនុរដ្ឋរមន្ត្រីការពារជាតិ អាមេរិក បានប្រកាសថា “មិនត្រឹមតែពួកឧទ្ទាមនៅ Afghanistan តែមួយនោះទេ តែថែមទាំងវាយ ពួកឧទ្ទាម ភេរវកម្មពួននៅ Iraq ពួកសកម្មប្រយុទ្ធអ៊ីស្លាមនិយមជ្រុល លាក់ខ្លួននៅតាមជ្រលងភ្នំ Bekaa នៅLebanon ទៀតផង។ ឆ្ងាយជាងនេះទៅទៀត អាមេរិកបានបំប៉ោងសំឡេងគំរាមកំហែងថា និងកម្ទេចទាំងស្រុង ដល់ពួកប្រទេសដែលបានផ្តល់ការគាំទ្រដល់កម្លាំងភេរវកម្មអន្តរជាតិទាំងនេះ (រួមមានក្រុមប្រទេស Rogue States ដូចជាAfghanistan Iraq Sudan Iran និងកូរ៉េខាងជើងជាដើម”!។ បើ Collin Powers រដ្ឋមន្ត្រីការបទេសអាមរិកវិញ បានលើកជាមតិថា គួរបង្កើតឡើងនូវរណសិរ្សប្រយុទ្ធប្រឆាំង ទៅនិងអំពើភេរវកម្មមួយ ដែលរណសិរ្ស នេះកាន់តែមានភាពទូលំទូលាយកាន់តែល្អ ដោយរួមមានពួកប្រទេសអារ៉ាប់ មានរុស្ស៊ី និងចិនចូលរួមផង! បន្ទាប់មកចាំកម្ទេចសំអាតប្រទេសមួយៗ ឲ្យចេញពីបញ្ជីពិភពគុននេះ !

បើ Dich Cheney អនុប្រធានាធិបតីអាមេរិកវិញ បានអះអាងថា “សង្គ្រាមប្រយុទ្ធប្រឆាំង ទៅនិងកម្លាំង ភេរវកម្ម និងអូសបន្លាយរាប់សិបឆ្នាំហើយដែលអាចនិយាយបានថា នេះជាផែនការសង្គ្រាមមួយ ដែលមានទ្រង់ទ្រាយធំ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ចប់មក! ។ នេះអាចជាសង្គ្រាមមួយដែលពុំមានការកំណត់ ! Unlimited Warfaeដោយជាសង្គ្រាមមានទ្រង់ទ្រាយពិភពលោក មុននេះយើងមានសកលភាវូបនីយសេដ្ឋកិច្ច! តែឥឡូវ នេះ យើងចាប់មានសកលភាវូបនីយកម្មសង្គ្រាមវិញ”! ។

មុន ១១/៩ ឃើញតែភ្លើងសង្គ្រាមដ៏អយុត្តិធម៌មួយបានកើតមានឡើងនៅ Bosnia, Somalia, Yugoslavie, Caspain , Macedonia, Congo , Colombia , Afghanistan Iraq Libya ល.ល ដែលប្រធានាធិបតី Bush ធ្លាប់បានអះអាងថា “ទាំងអស់នេះជាសង្គ្រាមចុងក្រោយ! តើរហូតមកដល់ពេលនេះ ការគំរាមកំហែងធ្វើសង្គ្រាមនៅដដែល

អំពីសារជាតិសង្គ្រាម ពួកអឺរ៉ុប ហាក់បីមានទស្សនទាន នយោបាយមួយខុសផ្សេងទៅនិង ពួកអាមេរិក ក្នុងទំនាក់ទំនងជាមួយពិភពលោក ដោយ Washington ចង់គ្រប់គ្រងពិភពលោកតាមរយៈវិធានបច្ចេកវិជ្ជាយោធា! តែបើពួក EU វិញ ខិតខំពង្រឹងការជួបប្រាស្រ័យជាមួយគ្រប់នីតិរដ្ឋ តារយៈសន្តិសុខសុវត្ថិភាព ពិភពលោក ដោយចាត់ទុកយោធាគ្រាន់តែជាមធ្យោបាយមួយ ក្នុងចំណោមមធ្យោបាយជាច្រើនសំដៅដោះស្រាយ ដល់រាល់បញ្ហា ទំនាស់ រារាំងតាមគោលមាគ៌ានយោបាយតែប៉ុណ្ណោះ ! ។

តែជាតថាភាព ទាំងសហរដ្ឋអាមេរិក ទាំង EU នៅតែមានការឯកច្ឆ័ន្ទលើគោលដៅរួមមួយ គឺបន្តទម្លាក់រាល់ការ លំបាកពីវិបត្តិសេដ្ឋកិច្ចមកលើស្មា ពួកប្រទេសក្រីក្រ ដោយទិញនូវវត្ថុធាតុដើមក្នុងតម្លៃថោក! ព្រមទាំងប្រើ ប្រាស់ឧត្តមភាពរបស់ខ្លួន ដើម្បីប្រកួតប្រជែង កៀប សង្កត់មកលើពួកផលិត និងសេវាកម្មក្នុងស្រុក សំដៅបើកផ្លូវ ឲ្យក្រុមហ៊ុនមូលធនទាំងឡាយ មានលទ្ធភាព ហូរចូលមកក្នុងស្រុកពួកប្រទេសតតីយលោក ! ។ ក្រៅអំពីការធ្វើពាណិជ្ជកម្ម ពួកលោកខាងលិចនេះ បានបំពេញការងារមួយផ្សេងទៀត គឺការស៊ើបយកការណ៍សម្ងាត់ បង្កបំផុសឱ្យមានសង្គ្រាមសាសនា ជាតិសាសន៍ ដើម្បីបង្កើតឲ្យមានភាពវឹកវរ ចលាចល និងពេលមានឱកាស គឺឆ្ពោះទៅ ដល់ការផ្តួលរំលំរដ្ឋប្រហារ នូវរដ្ឋាភិបាលទាំងឡាយណា ដែលមានគោលនយោបាយមិនស៊ីសង្វាក់ ចុះសម្រុង ជាមួយពួកគេនោះ។

ក្រៅអំពីភាពឯកឆ្ឆ័ន្ទនេះ ពួកចក្រពត្តិមូលធននិយមទាំងនេះ ក៏នៅមានទំនាស់អំពីផលប្រយោជន៍ជាមួយគ្នា ដ៏ជ្រាលជ្រៅ ដូចជាសង្គ្រាមអំពីដែកថែប ! ការប្រកួតប្រជែង ប្តឹងផ្តល់គ្នា រវាងក្រុមហ៊ុនផលិត យន្តហោះ Air Bus និងBoeing ! ការមិនឯកភាពគ្នា រវាងបារាំងនិងអាល្លឺម៉ង់ ជុំវិញដំណើរការសង្គ្រាម របស់ អាមេរិកនៅលើតំបន់មួយចំនូន រួមទាំងបញ្ហា Palestine និងអ៊ីស្រាអែល ! ការខ្វែងគំនិតគ្នា អំពីទស្សននយោបាយជុំវិញបញ្ហារុស្ស៊ី ចិន និងឥណ្ឌាផងដែរ ! ។

២.ផែនការដាក់ទោសកំហុស មកលើចលនារំដោះជាតិថា ជាកម្លាំងភេរវកម្ម !

សហរដ្ឋអាមេរិក បានចេញបញ្ជាឲ្យប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យពិនិត្យមកលើ ចលនាអង្គការ ឬរណសិរ្សទាំងឡាយ ដែលមានចរិតជាភេរវកម្ម ដោយហាមមិនឲ្យប្រទេសម្ព័ន្ធមិត្តទាំងនេះ មានការគាំទ្រដល់ពួកនេះ! ដែលជាការពិតគឺជាក្រុមមនុស្សដែលមិនចុះសម្រុងទៅនិងនយោបាយអយុត្តិធម៌ អគតិរបស់ពួកចក្រពត្តិតែប៉ុណ្ណោះ ។

បទពិសោធន៍ចាស់ តែជាមេរៀនថ្មីសម្រាប់អ្នកនយោបាយ មិនទាន់ស្គាល់ពួកចក្រពត្តិ និងមូលធននិយម !

សោកនាដកម្មសម្រាប់ Chile!

២៥ឆ្នាំក្រោយមក បន្ទាប់ពីមានរដ្ឋប្រហារឆ្នាំ១៩៩៨ នៅ Chileមក មានឯកសារសម្ងាត់ខ្លះរបស់CIA ត្រូវបង្ហើបឲ្យដឹងអំពីតួនាទី របស់ Nixon និង CIA ក្នុងការផ្តួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យ ដឹកនាំដោយលោក Salvador Allende  ព្រមទាំងការបង្កើតឡើងនូវរបបយោធាផ្តាច់ការមួយ ដែលរបបយោធានេះ បានរុញឲ្យប្រទេស Chile ធ្លាក់ទៅក្នុងរណ្តៅសង្គ្រាម ដ៏សោកនាដកម្មបំផុត ! ។ នៅឆ្នាំ១៩៧៣ ពួកCIA បានធ្វើរដ្ឋប្រហារយោធាទម្លាក់ រដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយលោក Salvador Allende មកពីលោក Allende  បានសម្រេចធ្វើជាកូបនីយកម្ម មកលើគ្រឹះស្ថាន ពាណិជ្ជកម្មសេដ្ឋកិច្ច របស់អាមេរិកទាំងអស់ សំដៅនិងដើម្បី កែលំអរដល់ជីវភាព រស់នៅរបស់ប្រជាពលករChile ទាំងមូល ។

បើនៅGuatemala វិញ នៅឆ្នាំ១៩៧៥ លោក Jacofarbenz ប្រធានាធិបតី Guatemala ត្រូវ ផ្តួលរំលំពីលោកបានប្រកាសធ្វើការកែទម្រង់ដីធ្លី ព្រមទាំងលោកបានធ្វើជាតូបនីយកម្មមកលើក្រុមហ៊ុន United Fruit ដែល ក្រុមហ៊ុននេះ ជាកម្មសិទ្ធិ របស់មហាសេដ្ឋីRockefellerនិងរបស់ប្រធានCIA គឺ Allen Dulles ។ ក្រោយពីរដ្ឋ ប្រហារនេះមករដ្ឋាភិបាលGuatemafaជាបន្តបន្ទាប់ បានធ្លាក់មកលើកណ្តាប់ដៃ របស់ពួកបរិវាអាមេរិកដោយពួកនេះនាំគ្នាហែកហួរប្រទេសGuatemate ធ្វើឲ្យប្រជាពលរដ្ឋរាប់ស៊ិបម៉ឺននាក់ស្លាប់ ដោយអំពើអយុត្តិធម៌បំផុត។

ដំណើរវិវត្តន៍ ដោយស្ងាត់ស្ងៀម របស់អង្គការសហជីព Solidarnose នាំដល់ការផ្តួលរំលំរដ្ឋាភិបាលប៉ូឡូញ !

នៅបណ្តាឆ្នាំ១៩៧០ ស្ថានភាពនយោបាយនៅប៉ូឡូញ មានការវិវត្តន៍ ដោយមិនអំណោយផល ទំនិញឡើងថ្លៃ ជីវភាពរស់នៅមានការលំបាកគ្រប់បែបយ៉ាង ហើយគោលនយោបាយសេដ្ឋកិច្ច សង្គមរបស់រដ្ឋាភិបាលប៉ូឡូញ ពេលនោះ ក៏ពុំមានប្រសិទ្ធភាពក្នុងដំណោះស្រាយ ! ។ ពេលនោះហើយ ដែលពួកCIA មើលឃើញថា នេះជា ឱកាសមាស ប្រាក់ ដែលអាចផ្តួលរំលំរដ្ឋាភិបាលមួយនេះ ដែលដឹកនាំដោយកុម្មុយនីស្ត ហើយការផ្តួលរំលំរបស់ ប៉ូឡូញអាចនាំទៅជាការផ្តួលរំលំ ដល់រដ្ឋាភិបាលកម្មុយនីស្តផ្សេងទៀត នៅអឺរ៉ុបខាងកើត ដោយក្រុមប្រទេស សង្គមនិយមទាំងនេះ បាននិងកំពុងជួបប្រទះ ទៅនិងការលំបាកលើវិស័យ សេដ្ឋកិច្ចនិងសង្គម ។ ក្នុងបរិបទមួយ ដ៏រសើបនេះ ពួក CIA បានពឹងពាក់ដោយប្រើប្រាស់ សម្តេចសង្ឃកាតូលិក John Paul 2 ឱ្យទៅបំពេញទស្សនកិច្ចនៅ Poland នាខែមេសា ១៩៧៩ ដោយយកលេសថា ព្រះអង្គមកលេងស្រុកកំណើត។ ពេលទស្សនកិច្ច និងទេសនាធម៌ នៅតាមវិហាការតូលិកJohn Paul 2 តែងតែប្រើធម៌ញុះញង់ និងបំផុសឲ្យប្រជាជន Poland ក្រោកឡើងប្រឆាំង និងរបបកុម្មុយនីស្តកុំខ្លាចរដ្ឋាភិបាល និងមានកម្លាំងខាងក្រៅ ត្រៀមខ្លួន ជួយឧបត្ថម្ភគាំទ្រ នូវបុព្វហេតុតស៊ូនេះ ។

រលកនៃកម្លាំងមហាជនក្រោមការគាំទ្ររបស់CIA បានធ្វើឲ្យជញ្ជាំង Berlin ត្រូវផ្តួលរំលំ នៅថ្ងៃទី៩ វិច្ឆិកា ១៩៨៩ ដល់ខែធ្នូ ១៩៨៩ Vaslav Havel ឡើងធ្វើជាប្រធានាធិបតីនៃសាធារណរដ្ឋឆេក ដល់ខែមីនា ១៩៩០ របបនយោបាយសង្គមនិយមរបស់ ហុងគ្រីទទួលមរណភាពនិងនៅថ្ងៃទី៩ ធ្នូ ១៩៩០ Lech Walesa ប្រធានសហជីពSolidarnoseត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី Poland ។ កម្លាំងចម្បងដែលនាំឲ្យរលក មហាជន ឈ្នះគឺដោយសារកត្តាសារវ័ន្តនៃបណ្តាញវិទ្យុ BBC VOA និង RFA ដែលជាសំឡេងកំណត់ ដល់អាយុជីវិតនៃរបបនយោបាយ របស់ពួកប្រទេសអឺរ៉ុបខាងកើតនេះ ។

អាចនិយាយបានថា នេះជាជ័យជំនះដំបូងក្នុងដំណើរសន្តិភាវូបនីយកម្ម (Pacification) ដោយគ្មានប្រើប្រាស់ នូវកម្លាំងអាវុធណាមួយ ទាំងអស់ របស់ CIA លើសកលលោក ដែលសកម្មភាពទាំងអស់នេះ ទទួលបាន លទ្ធផលជាវិជ្ជាមាន ក្នុងការផ្តួលរំលំពួកប្រទេសសង្គមនិយម ក្នុងអឺរ៉ុបខាងកើត ក្រោមបាតដៃរបស់ CIA

OTPOR សន្លឹកបៀរអាត់របស់ CIAក្នុងការផ្តួលរំលំ Milosevic!

នៅខែតុលា ១៩៩៨ និស្សិត មួយក្រុម Belgrade  បានបង្កើតឡើង នូវអង្គការមួយឈ្មោះ OTPOR ក្នុងគោលបំណងទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ កែលំអរជីវភាពរស់នៅ តែជាការពិត គឺក្នុងបំណងតែមួយ គត់ គឺដើម្បីទម្លាក់ Milosevic ទៅតាមScenario របស់CIA និងពួកលោកខាងលិច ដែលធ្លាប់បានអនុវត្តន៍ នៅPoland តាម រយៈសហជីពSolidarnose នោះ ។

ឆ្លងតាមរយៈបទពិសោធន៍ ក្នុងការជួយសហជីព Solidarnose ទើបពួក CIA បានក្តាប់និងបញ្ជាជាប់ពួក OTPORនេះ ដោយពួកCIA បានចាក់ថវិកាចិញ្ចឹមពួក OTPOR នេះ អោយមានសកម្មភាពស៊ីជម្រៅទៅក្នុងកម្លាំងរដ្ឋាភិបាល និងមហាជន ក្រោមការណែនាំផ្ទាល់របស់IRI និងNDI នាំឱ្យMilosevic ចាញ់ឆ្នោតគូបដិបក្ខ Kostmica បើកផ្លូវឱ្យមានការនាំ Milosevic ទៅកាត់ទោស ដែលជាបំណងតែមួយគត់របស់CIA

Venezuela ក្នុងចក្ខុគំនុំរបស់ CIA!

Chavez ត្រូវអាមេរិក ស្អប់បំផុត ដោយChavez បានថ្កោលទោសយ៉ាងខ្លាំងក្លាមកលើ ការធ្វើសង្រ្គាម អយុត្តិធម៌ នៅAfghanistan Iraq ល.ល… ក្រៅពីនេះChavez ក៏តែងតែវាយប្រហារមកលើស្ថាប័ន IMF ដែលតែងតែអនុវត្តន៍ គោលនយោបាយ បំពុលស្ថានភាព នាំដល់ការជិះជាន់  កេងប្រវ័ញ្ចមកលើពួកប្រទេសក្រីក្រមិនឈប់ មិនឈរនោះ។ ដោយមានចរិតអរិយភាព ទៅនិងថ្នាក់ដឹកនាំរបស់ Venezuela ក្រោមការដឹកនាំរបស់Chavez ពួកCIAឆ្លងតាម រយៈអង្គការ NED- National Endowment of Democracy ដោយCIAបានបញ្ជូនលុយយ៉ាងច្រើន ចូលមកពួកប្រឆាំង ដើម្បីធ្វើរដ្ឋប្រហារ Chavez នៅក្នុងឆ្នាំ ២០០២ ។ តែក្រោយពីChavez ស្លាប់ដោយជំងឺ ពួកCIAបន្តជួយ ឧបត្ថម្ភ គាំទ្រដល់កម្លាំងប្រឆាំងនៅក្នុងស្រុក ដើម្បីបម្រើឱ្យផលប្រយោជន៍របស់អាមេរិក ដោយបន្តរុញឥទ្ធិពល គុយបា រុស្ស៊ី និងចិន ឱ្យចេញឆ្ងាយពីតំបន់នេះ។

បដិវត្តន៍ផ្កាកុលាបនៅ Gruzia ! ៖

បន្ទាប់ពី ប្រធានាធិបតី Edouard Shevardradze របស់ Gruzia ត្រូវផ្តួលរំលំនៅ ថ្ងៃទី ២៣ វិច្ឆិកា ២០០៣ មក បណ្តាញសារព័ត៌មានរបស់លោកខាងលិច បានពិពណ៌នា ថា ការបះបោររបស់ មហាជនក្នុងការផ្តួលរំលំ Shevardradze មានចរិតផ្ទុះឡើងដោយឯកឯង និងអហិង្សា ដោយពួកលោកខាងលិច បានដាក់ឈ្មោះឱ្យការផ្តួលរំលំនេះថាជាបដិវត្តន៍ផ្កាកុលាប!។

ជាការពិត វិទ្យាស្ថានNDIរបស់អាមេរិកក្រោមការដឹកនាំផ្ទាល់របស់លោកស្រី Madelein Albright រដ្ឋមន្រ្តី ការបរទេស អាមេរិកក្នុងសម័យ Bill Clinton គឺជាអ្នកចិញ្ចឹមដល់កម្លាំង ដែលមិនសប្បាយ ចិត្តជាមួយរដ្ឋាភិបាល Gruzia ក្រោមការឧបត្ថម្ភគាំទ្រជាហិរញ្ញប្បទាន របស់មហាសេដ្ឋី George Seros ។ ជាលទ្ធផល ចុងក្រោយ CIAយកជ័យជំនះបានមកលើអាជ្ញាធរ Tbilissi ដើម្បីដើរតាមផលប្រយោជន៍របស់ អាមេរិកនៅក្នុងតំបន់។

នៅប្រទេសដែលមានការដឹកនាំត្រឹមត្រូវ មានចរិតសេ្នហាជាតិ យ៉ាងខ្លាំងក្លានិងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ រក្សាបានកម្លាំងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមា គឺរាល់ឧបាយកលរបស់ ខ្មាំងខាងក្រៅ រួមទាំងពួក CIA ក៏មិនអាចធ្វើអ្វីបាន ។ ករណីប្រទេសគុយបាជាសក្ខីកម្មមួយដ៏ជាក់ស្តែងបំផុត ដែលទោះបីជាគុយបា ស្ថិតនៅជិតមូលដ្ឋាន Guantanamo របស់អាមេរិកក៏ដោយ ក៏គុយបានៅតែរឹងមាំ បន្តដំណើរទៅមុខ ដើម្បីឧត្តមប្រយោជន៍ របស់ប្រជាជាតិគុយបា ដោយឡែក និងដើម្បីសុខសន្តិភាពក្នុងតំបន់ទាំងមូល និយាយជារួម !៕

ស្រាវជ្រាវ ដោយ ហើស សិរីធន អតីតឯកអគ្គរាជទូត ប្រទេសកម្ពុជាប្រចាំនៅឡាវ និងហ្វីលីពីន

To Top