ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង អំពាវនាវឲ្យមានកិច្ចចរចា និងកិច្ចសហប្រតិបត្ដិការ ខណៈកំពុងតានតឹងជាមួយអាមេរិក

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្នុងសុន្ទរកថាវីដេអូ​ មួយនៅឯមហាសន្និបាត អង្គការ សហប្រជាជាតិ កាលពីថ្ងៃអង្គារបានអំពាវនាវ ឱ្យមេដឹកនាំពិភពលោក ដោះស្រាយបញ្ហាភាពខុសគ្នា និងបញ្ហា របស់ពួកគេតាមរយៈ“ ការសន្ទនា និងកិច្ចសហប្រតិបត្តិការ” ខណៈដែលភាពតានតឹង របស់ប្រទេសលោក ជាមួយសហរដ្ឋអាមេរិក បានបង្ហាញពីសញ្ញា នៃការប្រសើរឡើងក្នុងពេលឆាប់ៗនេះ ។

លោកស៊ី ក៏បានទទូចដល់ប្រទេសដទៃទៀត កុំបង្កើតរង្វង់តូចមួយសំដៅលើប្រទេសចិន ដោយយោងទៅលើអ្វីដែលគេហៅថា Quad ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ព្រមទាំងដៃគូសន្តិសុខថ្មី ដែលពាក់ព័ន្ធនឹងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក។

ទោះយ៉ាងណាប្រធានាធិបតីចិនរូបនេះ មិនបានរិះគន់ចំៗ ទៅលើសហរដ្ឋអាមេរិកឡើយ ខណៈដែលប្រធានាធិបតី អាមេរិកលោក ចូ បៃដិន មិនបានដាក់ឈ្មោះប្រទេសចិន យ៉ាងច្បាស់នៅក្នុងសុន្ទរកថា របស់លោកនៅឯអង្គការសហប្រជាជាតិ នៅថ្ងៃដដែលនោះ។

មេដឹកនាំទាំងពីរត្រូវបានគេជឿជាក់ថា នឹងព្យាយាមរៀបចំឱ្យមានកិច្ចប្រជុំកំពូល ទល់មុខគ្នាលើកដំបូងរបស់ពួកគេ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោក ស៊ី បានឲ្យដឹងថា យើងត្រូវតែពង្រឹងសាមគ្គីភាព និងលើកកម្ពស់ការគោរពគ្នា ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ ។

លោកបន្ថែមថា“ យើងត្រូវការការតស៊ូមតិ សន្តិភាពការអភិវឌ្ឍន៍ សមធម៌ យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ដែលជាគុណតម្លៃរួមរបស់មនុស្សជាតិ និងច្រានចោលការអនុវត្តបង្កើតរង្វង់តូច ឬល្បែងសូន្យ” ។

ស្តីពីវិធីដោះស្រាយបញ្ហាការ ប្រែប្រួលអាកាសធាតុលោក ស៊ី បានសន្យានៅក្នុងសុន្ទរកថា របស់លោកថា ប្រទេសចិន នឹងមិនសាងសង់គម្រោង ថាមពលដើរដោយធ្យូងថ្មថ្មី នៅបរទេស ហើយនឹងផ្តល់ការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឱ្យពួកគេអាចអភិវឌ្ឍថាមពល ដែលមិនប៉ះពាល់ដល់បរិស្ថាន ៕

ដោយ ឈូក បូរ៉ា

To Top