ព័ត៌មានអន្តរជាតិ

អាមេរិក គូសបញ្ជាក់ ពីតួនាទីសំខាន់ ដែលសម្ព័ន្ធមិត្តអឺរ៉ុប អាចដើរតួនៅឥណ្ឌូ-ប៉ាស៊ីហ្វិក

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីតួនាទីដែលសម្ព័ន្ធមិត្តអឺរ៉ុប អាចដើរតួនៅតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានជួបជាមួយមេដឹកនាំអង់គ្លេស និងអូស្រ្តាលី បន្ទាប់ពីការ ប្រកាសថ្មីៗនេះ អំពីភាពជាដៃគូបីផ្លូវផ្តោត លើបញ្ហាសន្តិសុខក្នុងតំបន់ចំ ពេលមានការកើនឡើងនូវឥទ្ធិពលរបស់ចិន ។

សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែក ដែលត្រូវបានចេញ បន្ទាប់ពីកិច្ចប្រជុំទាំងពីរបន្ទាប់ពី“ ភាពជាដៃគូសន្តិសុខ” ដែលបានដាក់ឈ្មោះថា AUKUS បានធ្វើឲ្យសម្ព័ន្ធមិត្តចាស់ របស់អាមេរិក គឺប្រទេសបារាំង ខឹងសម្បារយ៉ាងខ្លាំង។

គំនិតផ្តួចផ្តើមដំបូងក្រោមភាពជាដៃ គូទំនងជាអូស្រ្តាលី ទទួលបាននាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ តាមរយៈជំនួយពីសហរដ្ឋអាមេរិក និងអង់គ្លេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

នេះបាននាំឱ្យទីក្រុងកង់បេរ៉ា លុបចោលការបញ្ជាទិញនាវាមុជទឹក ដែលមានតម្លៃរាប់ពាន់លានដុល្លារ ជាមួយប្រទេសបារាំង ដែលជាការកោះហៅមកវិញ នូវឯកអគ្គរដ្ឋទូតរបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិក និងអូស្ត្រាលី នៅក្នុងការកើនឡើងនៃភាពតានតឹង ។

លោក បៃដិន បានជួប នាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កត ម៉ូរីសុន នៅទីក្រុងញូវយ៉ក ដែលការជជែក ដេញ ដោលប្រចាំឆ្នាំ របស់មហាសន្និបាតអង្គការ សហប្រជាជាតិ កំពុងដំណើរការ ។ ក្រោយមកប្រធានាធិបតី អាមេរិករូបនេះ បានត្រលប់មកវ៉ាស៊ីនតោនវិញ ដើម្បីជួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន។

រដ្ឋបាលលោក បៃដិន កំពុងស្វែងរកការបន្ធូរបន្ថយភាព តានតឹងជាមួយបារាំង ដោយលើកឡើងថា ទីក្រុងប៉ារីស ជាពិសេស គឺជាដៃគូដ៏សំខាន់មួយ ខណៈដែលសហរដ្ឋអាមេរិក ព្យាយាមធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ដើម្បីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ។

ប្រទេសបារាំង មានវត្តមានយោធា អចិន្រ្តៃយ៍នៅឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយមានបុគ្គលិកយោធាជាង ៧,០០០ នាក់នៅទីនោះ ហើយជាអ្នកគាំទ្រយ៉ាងសកម្ម ចំពោះការចូលរួមរបស់សហភាពអឺរ៉ុប នៅក្នុងតំបន់ ។

លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី ជេន សាគី បានឲ្យដឹងនៅថ្ងៃអង្គារម្សិលមិញ នេះថា “ការហៅទូរស័ព្ទ រវាងលោក បៃដិន និងប្រធានាធិបតីបារាំង លោក អ៊ីម៉ានូអែល ម៉ាក្រុង នឹងត្រូវធ្វើឡើង ក្នុងពេលឆាប់ៗនេះ” ៕
ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top