វ៉ាស៊ីនតោន ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងសមភាគីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា អ្នកទាំងពីរនឹងជួបគ្នានៅខែតុលា នៅអឺរ៉ុប បន្ទាប់ពីការហៅទូរស័ព្ទនៅថ្ងៃពុធ ជុំវិញភាពជាដៃគូសន្តិសុខអូស្ត្រាលី-ចក្រភព អង់គ្លេស-សហរដ្ឋអាមេរិក (AUKUS) ត្រីភាគីថ្មី។
កិច្ចព្រមព្រៀង AUKUS ដែលត្រូវបានពិពណ៌នាថា ជាការចាក់ពីក្រោយខ្នងលើប្រទេសបារាំង និងបានផ្ទុះឡើងនូវការតវ៉ានៅទូទាំងទ្វីបអឺរ៉ុប បានបង្កឱ្យមានការព្រួយបារម្ភ អំពីការរីកសាយភាយ អាវុធនុយក្លេអ៊ែរ ពីសហគមន៍អន្តរជាតិ ខណៈដែលកិច្ចព្រមព្រៀងនេះ អូស្ត្រាលី បានលុបចោលកិច្ចសន្យាទិញនាវាមុជទឹកពីបារាំង ហើយងាកទៅទទួលយកនាវា នុយក្លេអ៊ែរ ផលិតដោយអាមេរិក។
យោងតាមសេចក្តីថ្លែង ការណ៍រួម របស់ប្រធានាធិបតីទាំងពីរ បានយល់ស្របថា ស្ថានភាពនេះនឹងទទួល បានអត្ថប្រយោជន៍ ពីការពិគ្រោះយោបល់ បើកចំហក្នុងចំណោមសម្ព័ន្ធមិត្ត ស្តីពីបញ្ហា ដែលមានផលប្រយោជន៍ ជាយុទ្ធសាស្ត្រ ចំពោះប្រទេសបារាំង និងដៃគូអឺរ៉ុបរបស់យើង”។
ចាប់តាំងពីកិច្ចព្រមព្រៀង AUKUS ត្រូវបានលាតត្រដាង កាលពីថ្ងៃពុធសប្តាហ៍មុន បារាំងដែលខឹងសម្បាយ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរភ្លាមៗ ដោយមិនបានជូនដំណឹងនោះ បានចោទអូស្រ្តាលី និងអាមេរិកថា“ និយាយកុហកទ្វេដង រំលោភសេចក្តីទុកចិត្ត និងការមើលងាយដ៏ធំ” ហើយបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ចំពោះប្រទេសទាំងពីរ កាលពីថ្ងៃសុក្រ ។
ទាំងលោកម៉ាក្រុង និងលោក បៃដិន “បានសម្រេចចិត្ត បើកដំណើរការ នៃការពិគ្រោះយោបល់ស៊ីជម្រៅ ដែលមានគោលបំណងបង្កើត លក្ខខណ្ឌសម្រាប់ការធានា ទំនុកចិត្ត និងស្នើវិធានការជាក់លាក់ឆ្ពោះទៅ រកគោលបំណងរួម” ។
សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា មេដឹកនាំកំពូលទាំងពីរ គ្រោងនឹងជួបគ្នានៅទ្វីបអឺរ៉ុប នៅចុងខែតុលានេះ ដើម្បីឈានដល់ការយល់ដឹងរួមគ្នា និងរក្សាសន្ទុះនៅក្នុងដំណើរការនេះ ។ លោក ម៉ាក្រុង បានសម្រេចចិត្តថា ឯកអគ្គរដ្ឋទូតបារាំង នឹងត្រលប់មកទីក្រុងវ៉ាស៊ីនតោនវិញនៅសប្តាហ៍ក្រោយ។
ទន្ទឹមនឹងនេះដែរលោក បៃដិន បានបញ្ជាក់សារជាថ្មីថា “ សារៈសំខាន់ជាយុទ្ធសាស្ត្រនៃការចូលរួមរបស់បារាំង និងអឺរ៉ុប នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក” ហើយបានលើកឡើងថា សហរដ្ឋអាមេរិក ទទួលស្គាល់សារៈសំខាន់នៃការការពារអឺរ៉ុប ដែលខ្លាំង និង មានសមត្ថភាព ដែលរួមចំណែកវិជ្ជមាន ដល់សន្តិសុខ អាត្លង់ទិច និងសន្តិសុខ ពិភពលោក និងជាការបំពេញ បន្ថែមដល់ណាតូ៕
ដោយ ឈូក បូរ៉ា