ព័ត៌មានអន្តរជាតិ

CCSA ថៃ៖ ទីក្រុងបាងកក អាចនឹងបើកឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា

បរទេស៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) និយាយថា ទីក្រុងបាងកកអាចត្រលប់មកផែនទីទេសចរណ៍វិញ ហើយបើកឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកា ប្រសិនបើការចាក់ថ្នាំបង្ការវីរុស២ដូស បានគ្របដណ្តប់ទៅលើប្រជាជនយ៉ាងតិច ៧០% នៅរដ្ឋធានីមួយមុនចុងខែនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នេះគឺជាលើកទីមួយហើយដែល CCSA បានលើកយកថ្ងៃទី ១ ខែវិច្ឆិកា ជាពេលវេលាបើកដំណើរការឡើងវិញទីក្រុងបាងកក។ វាកើតឡើងបន្ទាប់ពីអភិបាលក្រុងបាងកក លោកឧត្តមសេនីយ៍ Aswin Kwanmuang ដែលកាលពីមុននេះ បាននិយាយថា ការស្នើឱ្យបើកដំណើរការឡើងវិញនៅថ្ងៃទី ១ ខែតុលា ដែលជាកាលវិភាគទេសចរណ៍ចាប់ផ្តើមឡើងវិញសម្រាប់ទីក្រុងបាងកកនិងស្រុកទេសចរណ៍ក្នុងខេត្តចំនួន ៤ ផ្សេងទៀត វាអាចជាការរំពឹងលើសខ្លាំងពេក។

លោកឧត្តមសេនីយ៍ Aswin Kwanmuang បាននិយាយថា ការបើកឡើងវិញមិនអាចទៅរួចទេ បើគ្មានប្រជាជន ៧០% នៃទីក្រុងបានទទួលវ៉ាក់សាំងចំនួនពីរដូស រួមជាមួយនឹងការធ្លាក់ចុះនៃការឆ្លងថ្មីវីរុស និងការថយចុះអ្នកជំងឺកូវីដ១៩សម្រាកនៅមន្ទីរពេទ្យ៕

ប្រែសម្រួលៈ ណៃ តុលា

To Top