ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹករុស្ស៊ី សមវាយប្រហារគោលដៅ នៅសមុទ្រខ្មៅ ស្របពេលអ៊ុយក្រែន និងអាមេរិកធ្វើសមយុទ្ធ

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពជើងទឹករុស្ស៊ី បានធ្វើការហាត់សម វាយប្រហារគោលដៅ នៅក្នុងដែនសមុទ្រខ្មៅ ក្បែរតំបន់ឆ្នេរនៃឧបទ្វីបគ្រីមា ដោយប្រើប្រព័ន្ធការពារ មីស៊ីលតំបន់ឆ្នេរ Bastion របស់ខ្លួន ស្របពេលដែលអ៊ុយក្រែនបា្ររព្ធ ធ្វើសហសមយុទ្ធយោធា ជាមួយសហរដ្ឋអាមេរិក។

តាមសេចក្តីរាយការណ៍ សហសមយុទ្ធយោធា នៅក្នុងប្រទេសអ៊ុយក្រែន ដែលមានការចូលរួម ដោយកងទ័ពសហរដ្ឋអាមេរិក និងកងទ័ពណាតូផ្សេងទៀតនោះ គឺគ្រោងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១ ខែតុលា ហើយសមយុទ្ធទាំងនេះ គឺធ្វើឡើងតាមក្រោយល្បែងសង្គ្រាមដ៏ធំ ធ្វើឡើងដោយរុស្ស៊ីនិងបេឡារុស កាលពីដើមខែនេះ បង្កឲ្យលោកខាងលិចមានក្តីព្រួយបារម្ភ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បាននិយាយប្រាប់ថា កងនាវាសមុទ្រខ្មៅរបស់ប្រទេសរុស្ស៊ី បានធ្វើការហាត់សមតាមដានសញ្ញា និងវាយប្រហារកម្ទេចគោលដៅក្នុងសមុទ្រ ដោយប្រព័ន្ធអាវុធ Bastion ដែលជាប្រព័ន្ធចល័ត ប្រឆាំងនាវាដ៏ទំនើប។

គួរបញ្ជាក់ថា ចំណងមិត្តភាពរបស់ ទីក្រុងគៀវជាមួយទីក្រុងមូស្គូ បានធ្លាក់ចុះនៅក្នុងឆ្នាំ២០១៤ ជាពេលដែលរុស្ស៊ីបានយក ឧបទ្វីបគ្រីមាពីអ៊ុយក្រែន ដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន និងបានគាំទ្រដល់ពួកបះបោរគាំទ្ររុស្ស៊ី នៅក្នុងតំបន់ Donbass នៃប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top