ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីគុយបា អំពាវនាវឲ្យយូអិន ជួយបញ្ចប់ទណ្ឌកម្មអាមេរិក

បរទេស៖ ប្រធានាធិបតីគុយបា លោក Miguel Mario Díaz-Canel បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ ជួយខ្លួនបញ្ចប់ទណ្ឌកម្មដែលដាក់ជាយូរដោយសហរដ្ឋអាមេរិក ដោយនិយាយថា ទណ្ឌកម្មទាំងនោះ មានឥទ្ធិពលប្រកាន់ពូជសាសន៍ដ៏គួរឲ្យកត់សម្គាល់។


លោក Miguel Mario Díaz-Canel ដែលបានផ្ញើសារជូនមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ នៅព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក បានសម្លុតគម្រាមប្រទេសដទៃទៀត ក្នុងការឲ្យចូលរួមជាមួយខ្លួន នៅក្នុងទណ្ឌកម្មនិងការដាក់ពិន័យសេដ្ឋកិច្ចដទៃទៀត លើប្រទេសគុយបា និងប្រទេសផ្សេងៗទៀត ដូចជាវេណេស៊ុយអេឡាជាដើម។


នៅក្នុងសុន្ទរកថា ប្រធានាធិបតីគុយបារូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្រោមការដឹកនាំនិងគោលនយោបាយកំពុងមានរបស់សហរដ្ឋអាមេរិកនោះ យើងមើលឃើញមានភាពរអាក់រអួលជាអន្តរជាតិធ្ងន់ធ្ងរ កំពុងត្រូវការលើកកម្ពស់ ជាមួយការប្រើប្រាស់អាក្រក់ និងការរំលោភបំពាននៃវិធានការសេដ្ឋកិច្ច ដែលបានក្លាយជាឧបករណ៍កណ្ដាលនៃគោលនយោបាយបរទេសអាមេរិក”។


តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នំា២០២១ បានឲ្យដឹងថា លោក Miguel Mario Díaz-Canel បាននិយាយដូច្នេះថា “វាជាឥរិយាបថ ដែលផ្សារភ្ជាប់នឹងភាពមិនចង់ទទួលវប្បធម៌និងមនោគមវិជ្ជា ជាមួយឥទ្ធិពលប្រកាន់ពូជសាសន៍ និងមានគោលបំណងអនុត្តរភាព”៕


ប្រែសម្រួល៖ប៉ាង កុង

To Top