ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស បារាំង ជួបពិភាក្សាគ្នាជាមួយ ប្រធានាធិបតីអ៊ីរ៉ាក់ 

បរទេស៖រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាយ៉ាងហ្មត់ចត់និងមានទំនុកចិត្ត ជាមួយប្រធានាធិបតីអ៊ីរ៉ាក់ លោក Barham Salih  នៅថ្ងៃព្រហស្បតិ៍ នេះបើតាមសារបង្ហោះនៅលើបណ្ដាញសង្គមធ្វីតធ័រ។

ដោយមិនផ្តល់សេចក្តីលម្អិតបន្ថែមនោះ លោក Jean-Yves Le Drian បានមានប្រសាសន៍បន្ថែមថា “ក្រោយសន្និសីទនៅទីក្រុងបាដាត កាលពីថ្ងៃទី២៨ ខែសីហា និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្នុងទីក្រុងញូយ៉ក នាថ្ងៃទី២១ ខែកញ្ញានោះ ខ្ញុំបានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់បារាំង ចំពោះប្រទេសអ៊ីរ៉ាក់ និងចំពោះកិច្ចពិភាក្សាគ្នាតាមតំបន់”។

ប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានក្លាយជាទីកន្លែងប្រឈមមុខដាក់គ្នា ដោយអ៊ីរ៉ង់ជាភាគីម្ខាង និងសហរដ្ឋអាមេរិកជាភាគីម្ខាងទៀត ដោយមានការវាយប្រហារទៅលើកងកម្លាំងសហរដ្ឋអាមេរិក និងការធ្វើឃាតថ្នាក់ដឹកនាំយោធាអ៊ីរ៉ង់និងអ៊ីរ៉ាក់។

ក្រុមមន្ត្រីតំបន់ឈូងសមុទ្រអារ៉ាប់និងអ៊ីរ៉ង់ បានជួបគ្នាក្នុងទីក្រុងបាដាត កាលពីថ្ងៃទី២៨ ខែសីហា នៅក្រៅជំនួបកំពូលក្នុងតំបន់មួយ ដែលអ៊ីរ៉ាក់សង្ឃឹមថា នឹងជំរុញលើកទឹកចិត្តប្រទេសជិតខាងខ្លួន ឲ្យពិភាក្សាគ្នា ជំនួសការសងសឹកគ្នានៅលើទឹកដីខ្លួន៕ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top