ព័ត៌មានអន្តរជាតិ

សញ្ញាល្អ! បារាំង ថាលោក Johnson មេដឹកនាំអង់គ្លេស ចង់បង្កើតកិច្ចសហ ប្រតិបត្តិការឡើងវិញ

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា នៅថ្ងៃសុក្រទី ២៤ ខែកញ្ញានេះ លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស បានថ្លែងប្រាប់ដល់លោក Emmanuel Macron ប្រធានាធិបតីបារាំង ថា លោកចង់ “បង្កើតកិច្ចសហប្រតិបត្តិការឡើងវិញ” ការិយាល័យរបស់ Macron បានលើកឡើងស្របពេល មានវិបត្តិការទូតជុំវិញ កិច្ចសន្យាទិញនាវាមុជទឹក ជាមួយប្រទេសអូស្ត្រាលី ។

កាលពីសប្តាហ៍មុន លោក Macron មានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីប្រទេសអូស្រ្តាលី បានបោះបង់កិច្ចព្រមព្រៀងធំមួយ ដើម្បីទិញនាវាមុជទឹក ប្រើម៉ាស៊ូតពីប្រទេសបារាំង ដើម្បីជាប្រយោជន៍ដល់ ថាមពលនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ដែលត្រូវបានធានាក្នុងកំឡុងពេល ចរចាដោយសម្ងាត់ដែលសម្របសម្រួល ដោយចក្រភពអង់គ្លេស ។

នៅក្នុងការសន្ទនា នៅឯវិមាន Elysee តាមសំណើរបស់លោក Johnson នាយករដ្ឋមន្រ្តីអង់គ្លេស ដែលបានថ្ថែងថា គាត់សង្ឃឹមថា កិច្ចសហប្រតិបត្តិការ “ស្របតាមគុណតម្លៃ និងផលប្រយោជន៍រួមរបស់យើង” ដូចជាការប្រយុទ្ធប្រឆាំងនឹងការផ្លាស់ប្តូរអាកាសធាតុ ធានាបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងប្រយុទ្ធប្រឆាំងនឹងភេរវកម្មផងដែរ ។

ការិយាល័យរបស់លោក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ខ្លីមួយថា លោក Macron បានប្រាប់ដល់លោក Johnson ថា “គាត់កំពុងរង់ចាំសំណើរបស់គាត់” ។

កំហឹងរបស់បារាំងចំពោះអ្វី ដែលខ្លួនមើលឃើញថា ជាការ “ចាក់ចំពីក្រោយខ្នង” ជុំវិញកិច្ចសន្យានាវាមុជទឹកបានឃើញ លោក Macron រំលឹកឯកអគ្គរដ្ឋទូតបារាំង ប្រចាំទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកង់បេរ៉ា ក្នុងការតវ៉ាការទូតដែល មិនធ្លាប់មានពីមុនមកនោះទេ ។

ប៉ុន្តែប្រេសិតបារាំងប្រចាំទីក្រុងឡុងដ៍ នៅតែរក្សាតំណែងរបស់នាងដដែល ដោយរដ្ឋមន្ត្រីអឺរ៉ុបរបស់បារាំងលោក Clement Beaune បានច្រានចោលទីក្រុងឡុងដ៍ថា ជា “កង់ទី៣” នៅក្នុងកិច្ចព្រមព្រៀងនេះ និងជា “ដៃគូតូចតាច” ចំពោះសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top