ព័ត៌មានអន្តរជាតិ

៦៥ប្រទេស ប្រឆាំងការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ចិន ក្រោមលេស សិទ្ធិមនុស្ស

ហ្សឺណែវ ៖ ប្រទេសប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍រួម ក្នុងនាមប្រទេសចំនួន ៦៥ នៅក្នុងកិច្ចប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដោយសង្កត់ធ្ងន់ថា ការគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាព ទឹកដី របស់រដ្ឋ និងការមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់រដ្ឋអធិបតេយ្យ តំណាងឱ្យមូលដ្ឋាន បទដ្ឋានដែលគ្រប់គ្រង ទំនាក់ទំនងអន្តរជាតិ ។

សេចក្តីថ្លែងការណ៍រួមឲ្យដឹងថា បញ្ហាទាក់ទង នឹងទីក្រុងហុងកុង តំបន់ស៊ីនជាំង និងទីបេ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនមានការជ្រៀតជ្រែក ពីកម្លាំងខាងក្រៅណាមួយឡើយ ហើយសូមបញ្ជាក់ឡើងវិញ ចំពោះការគាំទ្រ របស់ចិន ចំពោះការអនុវត្ត“ ប្រទេសមួយប្រព័ន្ធពីរ” នៅក្នុងតំបន់រដ្ឋបាល ពិសេសហុងកុង ។

សេចក្តីថ្លែងការណ៍រួមឲ្យដឹងទៀតថា គ្រប់ភាគីទាំងអស់ គួរតែគោរពតាមគោលបំណង និង គោលការណ៍ នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ និងគោលការណ៍សកលភាព មិនលំអៀងវត្ថុបំណង និង មិនជ្រើសរើស។ គោរពសិទ្ធិរបស់ប្រជាជន នៃរដ្ឋនីមួយៗ ដើម្បីជ្រើសរើសផ្លូវឯករាជ្យសម្រាប់ ការអភិវឌ្ឍន៍សិទ្ធិមនុស្ស ស្របតាមលក្ខខណ្ឌជាតិ របស់ពួកគេ និងគោរពសិទ្ធិមនុស្សទាំងអស់ ដោយសង្កត់ធ្ងន់ដូចគ្នា។

ក្នុងនោះបានអំពាវនាវដល់រដ្ឋទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវពហុភាគីនិយម សាមគ្គីភាព និងការសហការគ្នា និងលើកកម្ពស់ និងការពារសិទ្ធិមនុស្ស តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ប្រកបដោយលក្ខណៈស្ថាបនា។

សេចក្តីថ្លែងការណ៍រួមនេះ សង្កត់ធ្ងន់ថា ប្រទេសទាំង ៦៥ ប្រឆាំងនឹងការធ្វើនយោបាយ នៃសិទ្ធិមនុស្ស និងស្តង់ដារទ្វេរ ។ ពួកគេក៏ប្រឆាំង នឹងការចោទប្រកាន់ ដែលគ្មានមូលដ្ឋានប្រឆាំងនឹងប្រទេសចិន ដោយហេតុផល នយោបាយ និងផ្អែកលើព័ត៌មានមិនពិត ហើយបដិសេធ ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ក្រោមលេសសិទ្ធិមនុស្ស។

ប្រទេសជាសមាជិកចំនួន ៦ នៃក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រ (GCC) ក៏បានចេញលិខិតរួមគ្នា គាំទ្រជំហររបស់ចិន ផងដែរ ហើយប្រទេសជាង ២០ទៀត បានសម្តែងការគាំទ្រចំពោះចិន នៅក្នុងសេចក្តីថ្លែង ការណ៍ជាតិរបស់ពួកគេ៕
ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top