ព័ត៌មានអន្តរជាតិ

តួកគី បញ្ជូនកងកម្លាំងជំនួយ ស្របពេលរុស្ស៊ី បង្កើនការវាយប្រហារ នៅស៊ីរីភាគពាយព្យ

បរទេស ៖ ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានបញ្ជូនកងកម្លាំងជំនួយ ទៅកាន់ទីកន្លែង ពួកឧទ្ទាមកាន់កាប់ចុងក្រោយ នៅប្រទេសស៊ីរី ភាគពាយព្យ ស្របពេលដែលរុស្ស៊ី បង្កើនការវាយប្រហារ តាមអាកាសនៅទីនោះ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅមុនពេល៣ថ្ងៃ ដែលមេដឹកនាំទំាងពីរ គឺលោក វ៉្លាឌីមៀរ ពូទីន និងលោក Tayyip Erdogan នឹងត្រូវជួបពិភាក្សាគ្នា ។

ប្រភពពីប្រជាពលរដ្ឋ ក៏ដូចជាក្រុមប្រឆំាងនិងយោធា បាននិយាយថា យន្តហោះរុស្ស៊ី បានទម្លាក់គ្រាប់បែកលើភូមិនានា នៅជុំវិញទីក្រុង Afrin កាលពីថ្ងៃអាទិត្យ ធ្វើការបង្កើនការវាយប្រហារ តាមអាកាស ទៅលើទីក្រុងនិងភូមិ ដែលពួកឧទ្ទាមគាំទ្រ ដោយតួកគីកាន់កាប់ ។

យុទ្ធនាការទម្លាក់គ្រាប់រុស្ស៊ីនេះ បានចាប់ផ្តើមពីតំបន់ Jabal al Zawya ក្នុងខេត្ត Idlib ឆ្ពោះទៅកាន់តំបន់ Afrin ស្ថិតនៅទិសពាយព្យ ជិតព្រំដែនតួកគី ជាមួយការបាញ់គ្រាប់ផ្លោង ពីកងប៉ុស្តិ៍កងទ័ពស៊ីរី ដែលជួយដោយកងជីវពល គាំទ្រដោយអ៊ីរ៉ង់ ។

គួរបញ្ជាក់ថា ការបង្កើនការវាយប្រហារនេះ គឺត្រូវបានធ្វើឡើង នៅមុនប៉ុន្មានថ្ងៃប្រធានាធិបតីតួកគី ត្រូវគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតី រុស្ស៊ី នៅក្នុងទីក្រុង Sochi នា ថ្ងៃពុធ ដើម្បីពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀងមួយ ដែលធ្វើឡើង កាលពីឆ្នាំមិញ បានបញ្ចប់ការវាយលុក ពីកងទ័ពស៊ីរីគាំទ្រដោយរុស្ស៊ី ៕ ប្រែសម្រួល៖ប៉ាង កុង

To Top