ព័ត៌មានអន្តរជាតិ

ជំនួយការ លោក ចូ បៃដិន នឹងជួបជាមួយព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត ស្តីពី យេម៉ែន

បរទេស៖ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Jake Sullivan នៅថ្ងៃចន្ទនេះ កំពុងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ស្របពេលដែលអាមេរិកព្យាយាមជំរុញអារ៉ាប៊ីសាអូឌីត ឲ្យជំហានទៅរកបទឈប់បាញ់គ្នា ក្នុងសង្គ្រាមជាច្រើនឆ្នាំជាមួយពួកឧទ្ទាមហូធី នៅយេម៉ែន។

លោក Jake Sullivan នឹងជាមន្ត្រីឋានៈខ្ពស់បំផុតក្នុងរដ្ឋបាលលោក បៃដិន ដែលធ្វើទស្សនកិច្ចប្រទេសអារ៉ាប៊ីសាអូឌីត ហើយក្រៅពីជួបជាមួយព្រះរាជ្ជទាយាទ លោក ត្រូវបានគេរំពឹងថា នឹងជួបអនុរដ្ឋមន្ត្រីការពារជាតិ ព្រះអង្គម្ចាស់ Khalid bin Salman នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អាមេរិកពីររូប។

មន្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក Emily Horne បានមានប្រសាសន៍ថា លោក Sullivan នៅថ្ងៃចន្ទនេះ កំពុងតែធ្វើដំណើរទៅទីក្រុងរីយ៉ាដ ហើយក៏នឹងធ្វើដំណើរទៅសហភាពអារ៉ាប់រួម ដែលជាសម្ពន្ធមិត្តរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងសង្គ្រាមយេម៉ែន ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ។

គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ ប្រេសិតពិសេសអង្គការសហប្រជាជាតិ លោក Hans Grundberg បានប្រកាសថា ប្រទេសកំពុងតែជាប់គាំងភាពមិនច្បាស់លាស់នៃសង្គ្រាម ហើយការបន្តកិច្ចពិភាក្សាគ្នា ដើម្បីបញ្ចប់ជម្លោះជាង៦ឆ្នាំនោះ នឹងមិនមែនជារឿងងាយទេ៕ប្រែសម្រួល៖ប៉ាង កុង

To Top