ព័ត៌មានអន្តរជាតិ

អាមេរិក រៀបផែនការគម្រោងនៅ អាមេរិក ឡាទីន ទប់ទល់នឹងកម្មវិធីក្រវ៉ាត់ផ្លូវ របស់ចិន

បរទេស៖មន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅអាមេរិកឡាទីន នាសប្ដាហ៍នេះ ដើម្បីវាយតម្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ ស្របពេលដែលពួកគេត្រៀម សម្រាប់ការប្រជែងរាប់សែនលានដុល្លារ ទល់នឹងគម្រោងក្រវ៉ាត់ផ្លូវចិន។

គណៈប្រតិភូនៃមន្ត្រីការទូតនិងមន្ត្រីអភិវឌឍន៍ ដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិរងរបស់លោកប្រធានាធិបតី ចូ បៃដិន គឺលោក Dilip Singh នាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងប្រទេសកូឡំប៊ី ជាទីដែលលោកគ្រោងជួបជាមួយលោកប្រធានាធិបតី Ivan Duke នៅមុនចាកចេញទៅអេក្វាឌ័រនិងប៉ាណាម៉ា នាចុងសប្ដាហ៍នេះ។

បន្ថែមលើការជួបជាមួយប្រធានាធិបតីកូឡំប៊ី ប្រធានាធិបតីអេក្វាឌ័រ និងមន្ត្រីប៉ាណាម៉ានោះ ដំណើរទស្សនកិច្ចនេះ នឹងអនុញ្ញាតឲ្យមន្ត្រីអាមេរិកជួបនិយាយជាមួយវិស័យឯកជន សង្គមស៊ីវិល និងក្រុមមិនសូវទទួលបានផលប្រយោជន៍នានា។

គួរបញ្ជាក់ថា គម្រោងក្រវ៉ាត់ផ្លូវរបស់ចិន ដែលចាប់ផ្តើមដោយលោក ស៊ី ជីនពីង នៅក្នុងឆ្នាំ២០១៣ រួមមានទាំងគោលគំនិតអភិវឌ្ឍន៍និងវិនិយោគសកល ហើយមានប្រទេសជាង១០០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយចិន លើគម្រោង BRI ដូចជាផ្លូវដែក កំពង់ផែនិងផ្លូវហៃវ៉េ៕ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top