ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ ការពង្រីករបស់ណាតូ នៅអ៊ុយក្រែន គឺជាការឆ្លងបន្ទាត់ក្រហម សម្រាប់លោក ពូទីន

បរទេស៖ វិមានក្រឹមឡាំង និយាយនៅថ្ងៃចន្ទនេះថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាណាតូ នៅក្នុងប្រទេសអ៊ុយក្រែន គឺជាការឆ្លងបន្ទាត់ក្រហម សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងថា ប្រទេសរុស្ស៊ីនិងបេឡារុស នឹងធ្វើសកម្មភាពការពារសន្តិសុខខ្លួនផ្ទាល់។

ប្រធានាធិបតីនៃប្រទេសបេឡារុស លោក Alexander Lukashenko បានមានប្រសាសន៍ នៅព្រឹកថ្ងៃចន្ទនេះថា លោកនិងលោក ពូទីន ទើបបានព្រមព្រៀងគ្នា នៅក្នុងអំឡុងកិច្ចពិភាក្សាគ្នា ដើម្បីធ្វើប្រតិកម្មចំពោះអ្វីដែលលោកពិពណ៌នាថា ជាសកម្មភាពកើនឡើង ធ្វើដោយកងទ័ពណាតូ និងអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ជាពិសេសនោះ លោក Alexander Lukashenko បានធ្វើការចោទប្រកាន់ ចំពោះអាមេរិក ពីបទបង្កើតមជ្ឈ មណ្ឌលបណ្ដុះបណ្ដាលយោធា នៅក្នុងប្រទេសអ៊ុយក្រែន ដែលលោកថា បានក្លាយជាមូលដ្ឋានយោធា។

លោកប្រធានាធិបតីនៃ ប្រទេសបេឡារុសរូបនេះ ត្រូវបានទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ឈ្មោះ RIA ធ្វើការដកស្រង់សម្តីយ៉ាងដូច្នេះថា “យើងបានព្រមព្រៀងថា យើងចាំបាច់ត្រូវតែធ្វើការ ចាត់វិធានការប្រភេទខ្លះ ដើម្បីជាការឆ្លើយតបវិញ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×