ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា កំពុងប្រឈម នឹងវិបត្ដិមនុស្សធម៌ កាន់តែធ្ងន់ធ្ងរ

យូអិន៖ មីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ដែលមានប្រជាជនប្រហែល ៣ លាននាក់ កំពុងត្រូវការជំនួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

វិបត្តិនេះកាន់តែធ្ងន់ធ្ងរទៅ ៗ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងព្រឹត្តិការណ៍បន្ទាប់ពីការឃុំខ្លួនមេដឹកនាំនយោបាយ ដោយយោធានៅក្នុងប្រទេសនៅថ្ងៃទី០១ ខែកុម្ភៈ ក្នុងចំណោមប្រជាជន ៣ លាននាក់ ដែលត្រូវការជំនួយមនុស្សធម៌ មនុស្ស ២ លាននាក់ត្រូវបានកំណត់អត្តសញ្ញាណចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ នេះបើយោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA។

ប្រភពពី OCHA បានឲ្យដឹងថាគ្រួសារដែលងាយរងគ្រោះបំផុត ដែលរស់នៅក្នុងតំបន់ទីក្រុង និងទីប្រជុំជន ជាពិសេសនៅទីក្រុងយ៉ាំងហ្គោន និងម៉ាន់ដាឡេ ក៏ដូចជាប្រជាជន ដែលរងផលប៉ះពាល់ដោយជម្លោះនៅភាគអាគ្នេយ៍ និងភាគខាងលិចប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងនោះដែរ មនុស្សជាង ២២០,០០០ នាក់ត្រូវបានភៀសខ្លួនពីខាងក្នុង ដោយសារការប៉ះទង្គិចប្រដាប់អាវុធ ក៏ដូចជាអសន្តិសុខរួមចាប់តាំងពីរដ្ឋប្រហារយោធានៅក្នុងប្រទេសនេះ នៅថ្ងៃទី០១ ខែកុម្ភៈ។

ខណៈពេលដែលគ្រួសារខ្លះបានវិលត្រឡប់ទៅកន្លែងដើមវិញ គ្រួសារជាច្រើននៅតែបន្តរស់នៅក្នុងស្ថានភាពមិនច្បាស់លាស់ រួមទាំងការផ្លាស់ប្តូរព្រៃ និងតំបន់ដាច់ស្រយាល ដែលជារឿយៗមិនមានលទ្ធភាពទទួលបានសេវាកម្មមូលដ្ឋាន រួមទាំងទីជំរក និងរបស់របរ គ្មានអាហារជាដើម។

ស្ថានការណ៍នៅរដ្ឋរ៉ាក់ឃីន នៅតែស្ងប់ស្ងាត់បើទោះជាស្ថានការណ៍នៅតែធ្ងន់ធ្ងរ OCHA បានឲ្យដឹងថា អសន្ដិសុខស្បៀង កំពុងក្លាយជាកង្វល់ដែលកំពុងវិវត្តជាមួយនឹងរបាយការណ៍អំពីកង្វះស្បៀងអាហារ នៅតាមកន្លែងផ្លាស់ទីលំនៅ និងសហគមន៍នៅរដ្ឋសាន ភាគខាងជើង និងរដ្ឋរ៉ាឃីន។

ជំងឺរាតត្បាតកូវីដ -១៩ នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង។ គិតត្រឹមថ្ងៃសុក្រករណីជាង ៤៥៥,០០០ ករណី និងការស្លាប់ ១៧,០០០ នាក់ ត្រូវបានរាយការណ៍។ វាទំនងជាចំនួននេះខ្ពស់ជាងនេះដោយសារសមត្ថភាពតេស្តទាបនៅក្នុងប្រទេសនេះ៕


ដោយ ឈូក បូរ៉ា

To Top