ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ អ៊ីរ៉ងបានឆ្លងបន្ទាត់ក្រហម នុយក្លេអ៊ែ

បរទេស៖នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីស្រាអែល លោក Naftali Bennett បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់បានបំពានលើបន្ទាត់ក្រហមទាំងអស់ ដែលមានបំណងទប់ស្កាត់កម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួន ប៉ុន្តែថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យទីក្រុងតេអេរ៉ង់ ទទួលបានគ្រាប់បែកនុយក្លេអ៊ែនោះឡើយ។

នៅក្នុងសុន្ទរកថាដំបូងថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Bennett បានអះអាងថា សាធារណរដ្ឋឥស្លាម នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបោះជំហានទៅមុខដ៏ធំ ក្នុងសមត្ថភាពផលិតនុយក្លេអ៊ែរបស់ខ្លួន ដោយធ្វើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមថ្នាក់អាវុធ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន France 24 នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Bennett ដែលបានលើកកាន់តំណែងនៅក្នុងខែមិថុនារូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “កម្មវិធីអាវុធនុយក្លេអ៊ែរបស់អ៊ីរ៉ង់ គឺកំពុងស្ថិតនៅចំណុចដ៏សំខាន់មួយ ហើយបន្ទាត់ក្រហមទាំងអស់ ត្រូវបានឆ្លង”។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ ដែលតែងនិយាយថា កម្មវិធីនុយក្លេអ៊ែរបស់ខ្លួន គឺសម្រាប់គោលបំណងស៊ីវិលប៉ុណ្ណនោះ បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនរំពឹងថា កិច្ចពិភាក្សាគ្នានឹងបន្តនាពេលខាងមុខឆាប់ៗនេះ លើការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ឡើងវិញ៕ប្រែសម្រួល៖ប៉ាង កុង

To Top
×