ព័ត៌មានអន្តរជាតិ

ចិន មានឆន្ទៈ ចែករំលែកបទពិសោធន៍ បក្សកាន់អំណាច ជាមួយវៀតណាម (Video)

ប៉េកាំង៖ លោក Chen Xi ប្រធានសាលាបក្សនៃបក្សកុម្មុយនិស្តចិន (CPC) បានលើកឡើងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងការរៀនសូត្របទពិសោធន៍គ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងគណបក្ស និងប្រទេស ជាមួយវៀតណាម។

លោក Chen ក៏ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល CPC ផងដែរបានធ្វើការកត់សម្គាល់នៅពេលថ្លែងសុន្ទរកថាតាមអ៊ិនធឺណិតរវាង CPC និងបក្សកុម្មុយនិស្តវៀតណាម (CPV) ។

ដោយដកស្រង់ពីប្រវត្តិ ១០០ ឆ្នាំនៃ CPC លោក Chen បានលើកឡើងថា CPC បានរួបរួម និងដឹកនាំប្រជាជនចិន ក្នុងការតស៊ូ ដើម្បីឯករាជ្យជាតិការរំដោះប្រជាជន និងការសម្រេចបាននូវវិបុលភាពជាតិ និងសុខុមាលភាពប្រជាជន។

ចិនមានឆន្ទៈធ្វើការជាមួយវៀតណាម ដើម្បីរក្សាប្រពៃណីនៃការរៀនសូត្រ និងគាំទ្រគ្នាទៅវិញទៅមក និងប្រើប្រាស់គុណសម្បត្តិពិសេសនៃការផ្លាស់ប្តូរអន្តរភាគី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Chen បានបន្ថែមថា ប្រទេសចិននឹងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងការរៀនសូត្របទពិសោធន៍គ្នាទៅវិញទៅមក និងរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងគណបក្សទាំងពីរ ប្រទេសទាំងពីរ និងបុព្វហេតុសង្គមនិយម៕

To Top