ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ស្នើឲ្យរឹតបន្តឹងច្បាប់ ដើម្បីទប់ស្កាត់ មិនឲ្យចិន លួចយកបច្ចេកវិទ្យា

បរទេស៖ រដ្ឋាភិបាលតៃវ៉ាន់ នៅថ្ងៃពុធនេះ បានស្នើឲ្យមានការរឹតបន្តឹងច្បាប់ ដើម្បីទប់ស្កាត់ប្រទេសចិន មិនឲ្យលួចយកបច្ចេកវិទ្យាសំខាន់ៗ ដែលនេះជាការឆ្លុះបញ្ចាំង ពីក្តីព្រួយបារម្ភនៅទីក្រុងតៃប៉ិថា ទីក្រុងប៉េកាំង កំពុងតែបង្កើនកិច្ចប្រឹងប្រែងចារកម្ម ប្រឆាំងតៃវ៉ាន់។

ក្រុមប្រឹក្សាកិច្ចការចិនដីគោក របស់កោះតៃវ៉ាន់ បាននិយាយថា ខ្លួនកំពុងតែដាក់សំណើឲ្យធ្វើការកែប្រែ ចំពោះច្បាប់មានស្រាប់គ្រប់គ្រង ការទាក់ទងនឹងចិន ដែលនឹងតម្រូវឲ្យប្រជាជន ផ្តល់ប្រាក់ជូនរដ្ឋាភិបាល សម្រាប់បច្ចេកវិទ្យាជាក់លាក់ ដើម្បីទទួលបានការអនុញ្ញាត នៅមុនពេលធ្វើដំណើរ ទៅប្រទេសចិន។ នឹងមានការពិន័យ រហូតដល់ទៅ ៣៦០.៥៥៥ដុល្លារអាមេរិក សម្រាប់អ្នកដែលបំពានច្បាប់នេះ។

ប៉ុន្តែក្រុមប្រឹក្សានេះ មិនបានបញ្ជាក់ថា អ្វីជាបច្ចេកវិទ្យាស្នូលជាតិ ឬក៏របៀបដែលរដ្ឋាភិបាលកំណត់ និយមន័យចំពោះពាក្យថា “ឧបត្ថម្ភធនជាក់លាក់” ដែលពួកគេផ្តល់ឲ្យ ដោយនិយាយថា វានឹងស្វះស្វែងរកជំនួយ ពីក្រសួងបច្ចេកវិទ្យា និងធ្វើវិសោធនកម្មច្បាប់បន្ថែមទៀត។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលតៃវ៉ាន់មួយរូប ដែលដឹងពីរឿងនេះ បាននិយាយកាលពីខែមុនថា ការកែប្រែនេះ គឺជាមធ្យោបាយការពារបច្ចេកវិទ្យា ផលិតរបស់កោះតៃវ៉ាន់ សម្រាប់បន្ទះឈីបដ៏ទំនើប ដែលអ្នកជំនាញឧស្សាហកម្ម និយាយថា ទំនើបជាងរបស់ចិន៕ ប្រែសម្រួល៖ប៉ាង កុង

To Top