ព័ត៌មានអន្តរជាតិ

តួកគី និងរុស្ស៊ី បន្តធ្វើការងារដើម្បី ដោះស្រាយបញ្ហានៅតំបន់ Idlib ប្រទេសស៊ីរី

បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃព្រហស្បតិ៍នេះ បានមានប្រសាសន៍ប្រាប់ថា លោកបានព្រមព្រៀងគ្នា ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅក្នុងអំឡុងជំនួបមួយ ដើម្បីបន្តការងារស្វែងរក ដំណោះស្រាយមួយ ក្នុងតំបន់ Idlib ប្រទេសស៊ីរី ជាទីមានអំពើហិង្សាកើនឡើង នាពេលថ្មីៗនេះ។

ក្រុមមន្ត្រីនៃប្រទេសតួកគី បាននិយាយនៅមុនជំនួបកំពូល រវាងមេដឹកនាំទាំងពីរថា លោក Erdogan បានជំរុញលោក ពូទីន ឲ្យវិលត្រឡប់ទៅរក បទឈប់បាញ់គ្នាវិញ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅពេលធ្វើដំណើរតាម យន្តហោះត្រឡប់ ពីទីក្រុង Sochi ប្រទេសរុស្ស៊ីវិញ លោកប្រធានាធិបតីតួកគី បានមានប្រសាសន៍ប្រាប់ថា លោកបានពិភាក្សាគ្នាស្វែងរក ដំណោះស្រាយយូរអង្វែងចុងក្រោយ ចំពោះស្ថានការណ៍នៅក្នុងប្រទេសស៊ីរី។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ប្រទេសតួកគីនិងប្រទេសរុស្ស៊ី កាលពីឆ្នាំមិញ បានព្រមព្រៀងគ្នាលើ បទឈប់បាញ់គ្នាមួយ ដើម្បីបញ្ចប់ការវាយប្រហារ របស់រុស្ស៊ី និងកងទ័ពស៊ីរី ទៅលើក្រុមប្រយុទ្ធគាំទ្រដោយតួកគី នៅក្នុងតំបន់ Idlib ប្រទេសស៊ីរី។ បទឈប់បាញ់គ្នានោះ បានទប់ស្កាត់ភាពតានតឹងយោធាធំៗ ប៉ុន្តែពួកឧទ្ទាមនិយាយថា រុស្ស៊ីបានបង្កើនការវាយប្រហារតាមអាកាស នៅជុំវិញតំបន់ Idlib នេះ កាលពីសប្ដាហ៍មុន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top