ព័ត៌មានអន្តរជាតិ

ផ្ទុះជំងឺគ្រុនឈាម នៅប៉ាគីស្ថាន បណ្តាលឲ្យមាន អ្នកឆ្លងជំងឺ ដល់ទៅ២២៣ករណី

អ៊ីស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ថា ខេត្ត Punjab ស្ថិតនៅភាគខាងកើត នៃប្រទេសប៉ាគីស្ថាន បានរាយការណ៍ថា មានករណីជំងឺគ្រុនឈាម ចំនួន២២៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបង្កឲ្យមានការភ័យខ្លាច នៃការផ្ទុះឡើងនៅក្នុងតំបន់។

លោក Imran Sikandar លេខាធិការនៃនាយកដ្ឋាន ថែទាំសុខភាពបឋម និងមធ្យមសិក្សានៃរដ្ឋ Punjab បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្នុងចំណោមករណីជំងឺគ្រុនឈាម ចំនួន២២៣ករណី ការឆ្លងចំនួន១៦៧ករណី នៅក្នុងខេត្តនេះត្រូវបានរាយការណ៍ ពីរដ្ឋធានី Lahore ។

យ៉ាងហោចណាស់មាន៣៥ករណី ត្រូវបានរាយការណ៍ពីទីក្រុង Rawalpindi ស្រុកជិតខាងទៅរដ្ឋធានីអ៊ីស្លាម៉ាបាដ សហព័ន្ធរដ្ឋ Punjab ដែលមានប្រជាជនជាងពាក់កណ្តាល នៃប្រជាជនសរុបរបស់ប្រទេសនេះ បានរាយការណ៍ថា មានករណីជំងឺគ្រុនឈាម ចំនួន១.៦៥៩ករណីនៅក្នុងឆ្នាំនេះ ។

មន្ត្រីរូបនេះបានលើកឡើងថា មន្ទីរសុខាភិបាល បាននឹងកំពុងធ្វើប្រតិបត្តិការនៅទូទាំងខេត្ត ដើម្បីកំចាត់កូនដង្កូវដែលបង្កជំងឺគ្រុនឈាម ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា រដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ក៏បានប្រឈមមុខនឹងការកើនឡើងនៃការឆ្លង ហើយអ្នកជំងឺតិចបំផុត ៣នាក់បានស្លាប់ ដោយសារជំងឺនេះក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×