ព័ត៌មានអន្តរជាតិ

អ្នកឆ្លងវីរុសកូវីដ១៩ នៅប្រទេសកូរ៉េខាងត្បូង ៩៣ភាគរយ ស្ថិតក្នុងចំណោមអ្នកដែល មិនបានចាក់វ៉ាក់សាំង ឬចាក់មិនបានពេញលេញ

បរទេស៖ ភាគច្រើនរហូតដល់៩៣ ភាគរយ នៃអ្នកដែលឆ្លងមេរោគកូរ៉ូណា ដែលបានរាយការណ៍នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលបីខែចុងក្រោយនេះ បានកើតឡើងក្នុងចំណោមមនុស្សដែលមិនបានចាក់វ៉ាក់សាំង ឬមិនបានចាក់វ៉ាក់សាំង ឱ្យបានពេញលេញ ដែលបណ្តាលឱ្យមានការព្រួយបារម្ភ ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមទីស្នាក់ការកណ្តាលគ្រប់គ្រង គ្រោះមហន្តរាយ របស់កូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ គឺមានមនុស្សសរុបចំនួន ១០៨ ៦៤៦ នាក់បានធ្វើតេស្ត៍វិជ្ជមានវីរុសនេះ នៅចន្លោះថ្ងៃទី ៤ ខែកក្កដា ដល់ថ្ងៃទី ១៩ ខែកញ្ញា ក្នុងនោះ ៩៣ ភាគរយ មិនចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងខ្លះ។

ក្នុងកំឡុងពេលដូចគ្នានេះដែរ ក៏មាន ៩៦ ភាគរយនៃអ្នកជំងឺធ្ងន់ធ្ងរចំនួន ២.២៩២ នាក់មិនបានទទួលថ្នាំបង្ការពេញលេញទេ ខណៈដែល ៨៧ ភាគរយនៃអ្នកស្លាប់ ២៨០ នាក់ គឺជាអ្នកជំងឺដែលមិនបានចាក់វ៉ាក់សាំងពេញលេញ។

ដោយទទួលបានទិន្នន័យបែបនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បាននិយាយថា មនុស្សដែលមិនបានចាក់វ៉ាក់សាំង គឺមានហានិភ័យខ្ពស់នៃការឆ្លងមេរោគ ៕ ប្រែសម្រួលៈ ណៃ តុលា

To Top
×