ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ រិះគន់ការបំពេញ ទស្សនកិច្ច របស់រដ្ឋមន្ត្រី ក្រសួងការបរទេស អ៊ីស្រាអ៊ែល ទៅកាន់ប្រទេស បារ៉ែន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានធ្វើការទិះតៀនចំៗ ទៅលើ ដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រី ក្រសួងការបរទេសអ៊ីស្រាអ៊ែល ទៅកាន់ប្រទេសបារ៉ែន កាលពីប៉ុន្មាន ថ្ងៃចុងក្រោយនេះ ។

លោក Amir បានបញ្ជាក់ថា ការស្វាគមន៍របស់រដ្ឋាភិបាលនៃប្រទេសបារ៉ែន ចំពោះវត្តមាន របស់រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអ៊ែល Yair Lapid គឺជាការក្បត់ដោយមិនមានភាព លាក់លៀមឡើយ ចំពោះ បុព្វហេតុនៃពលរដ្ឋប៉ាឡេស្ទីន ដែលកំពុងត្រូវបានគេគៀប សង្កត់ និងធ្វើបាបនោះ។

លើសពីនេះ លោករដ្ឋមន្ត្រី នៃរដ្ឋាភិបាលក្រុងតេហរ៉ង់ រូបនេះក៏បានលើកឡើងដែរថា វត្តមានរបស់មន្ត្រីជាន់ខ្ពស់អ៊ីស្រាអ៊ែល នៅក្នុងតំបន់នឹងនាំមកនូវបញ្ហា អសន្តិសុខ ទៅដល់ប្រទេស បារ៉ែន ព្រមទាំងក្នុងតំបន់ ទាំងមូលជាមិនខាន ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល លោក Yair Lapid បានបំពេញទស្សនកិច្ច នៅក្នុងប្រទេសបារ៉ែន ជាលើកដំបូង ព្រមទាំងបើកសំភោធ ស្ថានទូត អ៊ីស្រាអ៊ែល ប្រចាំនៅក្នុងរដ្ឋធានី Manama នៃប្រទេសបារ៉ែន ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top