ព័ត៌មានអន្តរជាតិ

អាស៊ាន ពិភាក្សា ដើម្បីផាត់មេដឹកនាំយោធាមីយ៉ាន់ម៉ា ចេញពីកិច្ចប្រជុំកំពូលចុងខែនេះ

BANDAR SERI BEGAWAN៖  បេសកជនក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងពិភាក្សាគ្នា អំពីការមិនអញ្ជើញប្រមុខរបបមីយ៉ាន់ម៉ា ឱ្យមកចូលរួមកិច្ចប្រជុំកំពូលនៅចុងខែតុលានេះទេ ដោយសារកង្វះវឌ្ឍន៍ភាពលើផែនទីបង្ហាញផ្លូវដែលបានព្រមព្រៀងគ្នាដើម្បីស្តារសន្តិភាពឡើងវិញ​ នៅក្នុងប្រទេសដែលហែកហួរដោយជម្លោះមួយនេះ។

យោងតាមសារព័ត៌មាន Reuter ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ភាពអសកម្មរបស់របបយោធា លើផែនការ ៥ ចំណុច ដែលខ្លួនបានព្រមព្រៀងគ្នាកាលពីខែមេសា ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺដូចគ្នានឹងការដើរថយក្រោយដែរ។ នេះបើតាមការលើកឡើងរបស់លោក Erywan Yusof ប្រេសិតពិសេសរបស់ប្លុកនេះ ប្រចាំប្រទេសមីយ៉ាន់ម៉ាបានប្រាប់សន្និសីទសារព័ត៌មានមួយ។

សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ា មានភាពច្របូកច្របល់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ដឹកនាំដោយប្រមុខយោធា លោកឧត្តមសេនីយ៍ មីនអ៊ុង ឡាំង ដែលបានបញ្ចប់នូវលទ្ធិប្រជាធិបតេយ្យដែលមាននិន្នាការមួយទសវត្សរ៍ ហើយការវិលត្រឡប់មកគ្រប់គ្រងប្រទេសដោយយោធាវិញនេះ គឺបានបង្កឱ្យមានកំហឹង ទាំងក្នុងនិងក្រៅប្រទេសផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top