ព័ត៌មានអន្តរជាតិ

WHO កំពុងបញ្ជូនការផ្គត់ផ្គង់ សម្ភារៈវេជ្ជសាស្ត្រ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ទៅកាន់កូរ៉េខាងជើង

សេអ៊ូល៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO កំពុងធ្វើការដើម្បីបញ្ជូនការផ្គត់ផ្គង់វេជ្ជសាស្ត្រកូវីដ-១៩ ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលជាសញ្ញាមួយដែលបង្ហាញថា កូរ៉េខាងជើង កំពុងបន្ធូរបន្ថយការបិទព្រំដែន រាតត្បាតដ៏តឹងរ៉ឹងបំផុតមួយ របស់ពិភពលោកដើម្បីទទួលបានជំនួយពីខាងក្រៅ ។

WHO បានឲ្យដឹងនៅក្នុងរបាយការណ៍ ឃ្លាំមើលប្រចាំសប្តាហ៍ថា ខ្លួនបានចាប់ផ្តើមបញ្ជូនការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្តសំខាន់ៗ ទាក់ទងនឹងជំងឺកូវីដ-១៩ តាមរយៈកំពង់ផែ Dalian ប្រទេសចិន សម្រាប់ “ការស្តុកទុកយុទ្ធសាស្ត្រ និងការបញ្ជូនបន្ត” ទៅកាន់ប្រទេសកូរ៉េខាងជើង ។

នៅថ្ងៃព្រហស្បតិ៍ទី ៧ ខែតុលានេះ មន្រ្តីអង្គការសុខភាពពិភពលោក មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំព័ត៌មានលម្អិតទេ រួមទាំងអ្វីដែលជាការផ្គត់ផ្គង់ និងថាតើ ពួកគេបានទៅដល់កូរ៉េខាងជើង ឬយ៉ាងណា ។

ការពិពណ៌នាអំពីយុទ្ធនាការប្រឆាំងមេរោគរបស់ខ្លួន គឺជាបញ្ហានៃ “ អត្ថិភាពជាតិ” ប្រទេសកូរ៉េខាងជើង បានរឹតបន្តឹងយ៉ាងខ្លាំងនូវការធ្វើចរាចរ និងពាណិជ្ជកម្មឆ្លងដែនក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បើទោះបីជាមានភាពតានតឹងលើសេដ្ឋកិច្ច ដែលកំពុងជួបការលំបាកក្តី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top