ព័ត៌មានអន្តរជាតិ

បារាំង ចំអកទៅអូស្ដ្រាលីថា នៅខ្ចីណាស់ ដែលលាក់បារាំង ពីកិច្ចចរចាសម្ងាត់ជាមួយអាមេរិក និងអង់គ្លេស

ប៉ារីស៖ បេសកជនបារាំងប្រចាំទីក្រុងកង់បេរ៉ា បានឲ្យដឹងថា ការអះអាងរបស់អូស្រ្តាលីថា ខ្លួនមិនអាចប្រាប់បារាំងអំពីកិច្ចចរចាសម្ងាត់កំពូលរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ គឺជារឿងក្មេងខ្ចីណាស់។

 អូស្ត្រាលី បានដើរចេញពីកិច្ចព្រមព្រៀង ៤០ ពាន់លានដុល្លារជាមួយក្រុមហ៊ុន Naval Group របស់បារាំង ដើម្បីបង្កើតនាវាមុជទឹកធម្មតា កាលពីខែមុន ហើយនឹងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរយ៉ាងតិច ៨ គ្រឿងជាមួយបច្ចេកវិទ្យាអាមេរិក និងអង់គ្លេស បន្ទាប់ពីបានធ្វើឱ្យមានភាពជាដៃគូសន្តិសុខត្រីភាគីជាមួយប្រទេសទាំងពីរ។

 ការលុបចោលនេះបានធ្វើឱ្យបារាំង ខឹងសម្បារយ៉ាងខ្លាំង ដែលបានចោទអូស្រ្តាលី និងសហរដ្ឋអាមេរិកថា បានចាក់ចំពីក្រោយខ្នង ដោយធ្វើកិច្ចចរចាដោយមិនបានប្រាប់ពួកគេ។

 នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក បានលើកឡើងថាលោកបានលើកឡើងពីកង្វល់ជាមួយប៉ារីស ជុំវិញកិច្ចសន្យា Naval Group ដែលមានបញ្ហា ប៉ុន្តែលោកមិនអាចបង្ហាញការពិភាក្សាជាមួយសហរដ្ឋអាមេរិកនោះទេ  រហូតដល់ភាពជាដៃគូយុទ្ធសាស្ត្រនោះត្រូវបានព្រមព្រៀងគ្នា។

 ប៉ុន្តែឯកអគ្គរដ្ឋទូតបារាំងប្រចាំអូស្រ្តាលី Jean-Pierre Thebault ដែលប៉ារីសបានកោះហៅកាលពីខែមុនបានលើកឡើងថា បារាំង គឺជាដៃគូសន្តិសុខជិតស្និទ្ធរបស់សហរដ្ឋអាមេរិក អូស្ត្រាលីនិងអង់គ្លេស ហើយអាចជឿជាក់បានជាមួយព័ត៌មានបែបនេះ។

 លោក Thebault បានប្រាប់វិទ្យុ ABC នៅថ្ងៃសុក្រនេះថា“ វាជារឿងក្មេងៗដែលលើកឡើងថា មិនអាចទៅពិគ្រោះជាមួយប្រទេសបារាំង” ដោយបន្ថែមថាប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានលើកឡើងថា បញ្ហានេះអាចត្រូវបានដោះស្រាយបានល្អប្រសើរ៕ដោយ ឈូក បូរ៉ា

To Top