បរទេស ៖ សិង្ហបុរី កំពុងបើកព្រំដែន របស់ខ្លួនទៅកាន់ប្រទេស ជាច្រើនទៀត សម្រាប់ការធ្វើដំណើរ ដោយគ្មានការ ដាក់ឲ្យនៅដាច់ ដោយឡែក (ចត្តាឡីស័ក) ខណៈរដ្ឋទីក្រុងនេះ ព្យាយាមស្តារឡើងវិញ នូវឋានៈរបស់ខ្លួនជាមជ្ឈមណ្ឌល អាកាសចរណ៍អន្តរជាតិ និងត្រៀមខ្លួន ដើម្បីរស់នៅជាមួយ មេរោគកូវីដ-19 ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលបាននិយាយ នៅថ្ងៃសៅរ៍នេះថា ចាប់ពីថ្ងៃទី ១៩ ខែតុលា អ្នកដែលបានចាក់វ៉ាក់សាំង ពេញលេញមកពីប្រទេស ចំនួន ៨ រួមទាំងអង់គ្លេស បារាំង អេស្ប៉ាញ និង សហរដ្ឋអាមេរិក នឹងអាចចូលទៅ ក្នុងប្រទេសដីកោះនេះបាន ដោយមិនមានការដាក់ឲ្យ នៅដោយឡែក ប្រសិនបើពួកគេឆ្លងកាត់ការធ្វើតេស្ត រកមេរោគកូវីដ ១៩ ។
ការប្រកាសនេះ គឺជាជំហានដ៏សំខាន់មួយ នៅក្នុងយុទ្ធសាស្ត្ររបស់សិង្ហបុរី ក្នុងការបន្តទំនាក់ទំនង អន្តរជាតិឡើងវិញ។
ប្រជាជាតិអាស៊ីអាគ្នេយ៍មួយ ដែលជាមជ្ឈមណ្ឌលធ្វើដំណើរ និងហិរញ្ញវត្ថុធំបំផុត របស់ពិភពលោកនេះ គឺជាទីស្នាក់ការកណ្តាល នៅអាស៊ីរបស់ក្រុមហ៊ុនពិភពលោក រាប់ពាន់ ដែលនាយកប្រតិបត្តិបានពឹងផ្អែកជាយូរ មកហើយលើការតភ្ជាប់ របស់សិង្ហបុរី។
ប្រទេសដែលមានប្រជាជន ចំនួន ៥,៤៥ លាននាក់ បានរាយការណ៍ពីកំណត់ត្រាប្រចាំថ្ងៃ នៃការឆ្លងមេរោគកូវីដ១៩ ជាង ៣ ០០០នាក់ ក្នុងរយៈពេលប៉ុន្មាន ថ្ងៃកន្លងមកនេះ ដោយស្ទើរតែករណីឆ្លងទាំងអស់ មិនមានរោគសញ្ញា ឬមានរោគស្រាលក៏ដោយ ។ ប្រហែល ៨៣ ភាគរយនៃប្រជាជនសឹង្ហបុរី ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ដែលជាអត្រាខ្ពស់បំផុត មួយរបស់ពិភពលោក ៕
ប្រែសម្រួលៈ ណៃ តុលា
