ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី កោះតៃវ៉ាន់ បញ្ជាក់ថា គ្មាននរណាអាចបង្ខំ តៃវ៉ាន់ ឱ្យដើរតាមផ្លូវ ដែលចិន បានដាក់ចេញឡើយ

បរទេស ៖ ប្រមុខកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងតៃប៉ិសង្ឃឹមថា នឹងបន្ធូរបន្ថយភាពតានតឹង របស់កោះនេះជាមួយចិន ប៉ុន្តែខ្លួននឹងមិនអត់ធ្មត់ នឹងសម្ពាធ របស់ទីក្រុង ប៉េកាំងឡើយ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងនៅក្នុងពិធីជួបជុំគ្នានៅទិវាជាតិ នៅថ្ងៃអាទិត្យ លោកស្រី Tsai បានសន្យាថា កោះតៃវ៉ាន់នឹងបន្តពង្រឹង ការការពារជាតិរបស់ខ្លួន និង បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការការពារខ្លួន ដើម្បីធានាថា គ្មាននរណា អាចបង្ខំតៃវ៉ាន់ ឱ្យដើរតាមផ្លូវដែលចិន បានដាក់ចេញនោះទេ ។

លោកស្រីបានអះអាងថា “ នេះដោយសារតែផ្លូវដែលចិន បានដាក់ចេញមិនផ្តល់នូវរបៀបរស់ នៅបែបសេរី និងប្រជាធិបតេយ្យ សម្រាប់កោះតៃវ៉ាន់ ឬអធិបតេយ្យភាពសម្រាប់ប្រជាជន ២៣ លាននាក់ របស់យើងឡើយ” ។

លោកស្រី Tsai ក៏បានប្តេជ្ញាទៀតថា កោះតៃវ៉ាន់នឹងមិន“ ធ្វើសកម្មភាព ដោយប្រញាប់ប្រញាល់” ក្នុងការអភិវឌ្ឍវិស័យការពារជាតិរបស់ខ្លួនឡើយ ដោយបន្ថែមថា “ មិនគួរមានការបំភ័ន្តណាមួយដែលថា ប្រជាជនតៃវ៉ាន់ នឹងចុះចាញ់នឹងសម្ពាធឡើយ” ៕

To Top