ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ដកបម្រាមគោចរ សម្រាប់អ្នកចាក់វ៉ាក់សាំង បានទាំងស្រុង

បរទេស ៖ ប្រទេសម៉ាឡេស៊ី នៅថ្ងៃអាទិត្យនេះ បានដកការរឹតបន្តឹង លើការធ្វើដំណើរ ក្នុងប្រទេសនិងអន្តរជាតិ សម្រាប់ប្រជាពលរដ្ឋ ដែលបានចាក់ថ្នាំវ៉ាក់សាំង ទាំងស្រុង ប្រឆាំង នឹងជម្ងឺកូវីដ១៩ ស្របពេលដែលប្រទេស សម្រេចគោលដៅខ្លួន ក្នុងការចាក់ថ្នាំវ៉ាក់សាំង ដល់ប្រជាជនពេញវ័យ ចំនួន៩០ភាគរយ ។

លោកនាយករដ្ឋមន្ត្រី លោក Ismail Sabri Yaakob បាននិយាយថា រដ្ឋាភិបាល បានព្រមព្រៀងគ្នា អនុញ្ញាតឲ្យប្រជាជនម៉ាឡេស៊ី ចាក់ថ្នាំវ៉ាក់សំាង បានទាំងស្រុង ធ្វើដំណើរទៅបរទេស ដោយមិនបាច់ដាក់ពាក្យ ស្នើសុំការអនុញ្ញាត ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ច្បាប់ថ្មីនេះ នឹងដាក់ឲ្យមានប្រសិទ្ធភាពនៅថ្ងៃចន្ទស្អែកនេះ ។

លោក Ismail Sabri Yaakob បាននិយាយប្រាប់សន្និសីទ កាសែតមួយថា រដ្ឋាភិបាលកំពុង តែត្រៀមរៀបចំ ធ្វើការផ្លាស់ប្តូរទៅក្នុងដំណាក់ កាលជម្ងឺកូវីដ១៩មួយ ដែលខ្លួននឹងមិនដាក់បម្រាមគោចរធំៗ ជាថ្មី ប្រសិនបើករណីឆ្លងកើនឡើង ។

លោកបានមានប្រសាសន៍ យ៉ាងដូច្នេះថា “យើងចាំបាច់ត្រូវតែបង្វឹកខ្លួនឯង ឲ្យរស់នៅជាមួយជម្ងឺកូវីដ ព្រោះជម្ងឺកូវីដ នឹងមិនអាចកម្ចាត់ចោល បានទាំងស្រុងនោះទេ” ។

គួរបញ្ជាក់ថា ចំនួនជិត៦៥ភាគរយ នៃប្រជាជន៣២លាននាក់ក្នុងប្រទេសម៉ាឡេស៊ី រួមមានទាំងអ្នក មានអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ បានទទួលការចាក់ថ្នាំវ៉ាក់សាំង បានទាំងស្រុង គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញនេះ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top