ព័ត៌មានអន្តរជាតិ

អាមេរិក នឹងរៀបចំកិច្ចជំនួប ត្រីភាគី ជាមួយអ៊ីស្រាអែល និង សហភាពអារ៉ាប់រួម

បរទេស ៖ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken នឹងរៀបចំកិច្ចជំនួបត្រីភាគី Abraham Accords ជាមួយរដ្ឋមន្ត្រីការបរទេស របស់អ៊ីស្រាអែល និងសហភាពអារ៉ាប់រួម នៅក្នុងសប្ដាហ៍ក្រោយ ក្នុងទីក្រុងវ៉ាស៊ីនតោន ។

ក្រសួងការបរទេសអាមេរិក បាននិយាយប្រាប់ថា លោក Antony Blinken នឹងប្រារព្ធធ្វើជំនួបទ្វេភាគីផ្សេងគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid និងរដ្ឋមន្ត្រីការបរទេស សហភាពអារ៉ាប់រួម ព្រះអង្គម្ចាស់ Abdullah Bin Zayed Al Nahyan នៅថ្ងៃពុធសប្ដាហ៍ក្រោយ នៅមុនពេលជួប ពួកលោករួមគ្នាម្តងទៀត ក្នុងជំនួបត្រីភាគី។

តាមសេចក្តីរាយការណ៍ គោលបំណង នៃជំនួបនោះ គឺដើម្បីធ្វើការវាយតម្លៃភាពវិវត្តរីកចម្រើន ដែលបានបង្កើតឡើង រវាងអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម ចាប់តាំងពីចុះហត្ថលេខា កិច្ចព្រមព្រៀង Abraham Accords សម្របសម្រួលដោយអាមេរិក កាលពីឆ្នាំមិញ ដែលប្រទេសជិតខាងគ្នា ទាំងនោះ បានព្រមព្រៀងគ្នាបង្កើត ចំណងមិត្តភាពប្រក្រតី។

ក្រសួងការបរទេសអាមេរិក បាននិយាយប្រាប់ថា កិច្ចពិភាក្សាត្រីភាគីនេះ ក៏នឹងសង្កត់ធ្ងន់លើឱកាសអនាគត សម្រាប់កិច្ចសហការគ្នា និងបញ្ហាទ្វេភាគីនានា រួមមានទាំងបញ្ហាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ផងដែរ ៕

To Top