ព័ត៌មានអន្តរជាតិ

អាមេរិក ៖ កិច្ចពិភាក្សា ជាមួយពួកតាលីបង់ នៅទីក្រុងដូហា មានភាពស្មោះត្រង់ និងប្រកប ដោយវិជ្ជាជីវៈ

បរទេស ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយ ក្នុងពេលថ្មីៗនេះថា កិច្ចពិភាក្សាគ្នា រវាងមន្ត្រីសហរដ្ឋអាមេរិក និងមន្ត្រីពួកតាលីបង់ នៅក្នុងទីក្រុងដូហា ប្រទេសកាតា គឺមានភាពស្មោះត្រង់ និងប្រកប ដោយវិជ្ជាជីវៈ ។

មន្ត្រីនាំពាក្យ របស់ ក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Ned Price បានមានប្រសាសន៍ នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា គណៈប្រតិភូ សហរដ្ឋអាមេរិក បានជួបគ្នាជាមួយតំណាងជាន់ខ្ពស់ របស់ពួកតាលីបង់ នៅក្នុងទីក្រុងដូហា កាលពីចុងសប្ដាហ៍ថ្មីៗនេះ។

យោងតាមសេចក្តីថ្លែងការណ៍ គណៈប្រតិភូសហរដ្ឋអាមេរិក ក្នុងកិច្ចពិភាក្សាគ្នានោះ បានផ្តោតលើក្តី ព្រួយបារម្ភអំពីសន្តិសុខនិងអំពើភេរវកម្ម ការធ្វើដំណើរ ដោយសុវត្ថិភាព សម្រាប់ពលរដ្ឋអាមេរិក ជនបរទេសដទៃទៀត និងជនជាតិអាហ្វហ្គានីស្ថាន ជាដៃគូ ក៏ដូចជាសិទ្ធិមនុស្ស និង បញ្ហាជំនួយមនុស្សធម៌ ។

គួរបញ្ជាក់ថា ជំនួបគ្នានេះ គឺជាកិច្ចប្រជុំជួបគ្នាផ្ទាល់ដំបូង រវាងសហរដ្ឋអាមេរិក និងពួកតាលីបង់ គិតចាប់តំាងពីអាមេរិក ដកចេញពីអាហ្វហ្គានីស្ថាន នៅចុងខែសីហា និងជាដំណើរទស្សនកិច្ច ទៅបរទេសដំបូងធ្វើឡើង ដោយមន្ត្រីរដ្ឋាភិបាលពួកតាលីបង់ ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×