ព័ត៌មានអន្តរជាតិ

ស៊ីរី ថ្កោលទោសផែនការអ៊ីស្រាអ៊ែល បង្កើនចំនួនពលរដ្ឋក្នុងតំបន់ Golan Heights

ដាម៉ាស៖ ក្រសួងការបរទេសរបស់ ប្រទេសស៊ីរីកាលពី ថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការប្រកាសថ្កោលទោស យ៉ាងខ្លាំងក្លាទៅលើសេចក្តីថ្លែងការណ៍ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett អំពីផែនការក្នុងការបង្កើនចំនួន ពលរដ្ឋអ៊ីស្រាអ៊ែល រស់នៅក្នុងតំបន់ Golan Heights។

ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានបញ្ជាក់ទៀតថា ក្រសួងការបរទេសស៊ីរី នឹងមិនអាចទទួលយក បាននូវផែនការនេះឡើយ ហើយនិយាយដែរថា ការសម្រេចចិត្តរបស់អ៊ីស្រាអ៊ែល ក្នុងការបង្កើនចំនួនពលរដ្ឋអ៊ីស្រាអ៊ែល នឹងមិនអាចកែប្រែការពិតបានទេ
ថាតំបន់ Golan គឺនៅតែជាទឹកដី របស់អារ៉ាប់ និងរបស់ប្រទេសស៊ីរីនៅឡើយ។

ក្រសួងក៏បានធ្វើការកត់សម្គាល់ដែរថា រាល់វិធានការដែលបានអនុម័ត ដោយការកាន់កាប់របស់អ៊ីស្រាអែល គឺត្រូវតែចាត់ទុកជាមោឃៈ ហើយគ្មានប្រសិទ្ធភាពតាមផ្លូវច្បាប់ឡើយ និងសង្កត់ធ្ងន់ថាកងទ័ពស៊ីរី នឹងប្តេជ្ញារំដោះតំបន់ Golan Heights ចេញពីការកាន់កាប់ របស់អ៊ីស្រាអែល
ព្រមទាំងកំទេចផែនការ របស់អ៊ីស្រាអែលឲ្យបាន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×