ព័ត៌មានអន្តរជាតិ

មេដឹកនាំ ក្រុមហេស៍ប៊ុលឡា ៖ លីបង់ គួរតែស្វែងរកការ លើកលែង ទណ្ឌកម្មអាមេរិក ដើម្បីនាំចូលប្រេងអ៊ីរ៉ង់

បរទេស ៖ ប្រធានពួកហេស៍ប៊ុលឡា លោក Sayyed Hassan Nasrallah បានធ្វើការស្នើឡើងជាថ្មី នៅថ្ងៃចន្ទសប្ដាហ៍នេះ ឲ្យគណៈរដ្ឋមន្ត្រី ស្វែងរកការលើកលែង ទណ្ឌកម្មអាមេរិក ដើម្បីនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ និងកាត់បន្ថយភាពខ្វះខាត ។

លោក Sayyed Hassan Nasrallah បាននិយាយថា រដ្ឋាភិបាលគួរតែធ្វើភាពខ្វះខាតថាមពល ឲ្យជាអាទិភាព និងបានបន្ថែមថា ការដាច់អគ្គិសនីទាំងស្រុង ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍ នៅពេលដែលរោងចក្រ ថាមពលដ៏ធំបំផុត ចំនួនពីររបស់លីបង់ ត្រូវផ្អាកដំណើរការនោះ គឺហាក់ដូចជាការស្លាប់សម្រាប់ប្រទេស ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារ ព័ត៌មាន Today World នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសុន្ទរកថាផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោកបានមានប្រសាសន៍ដូច្នេះថា “សូមឲ្យរដ្ឋាភិបាល ស្នើសុំការលើកលែងទណ្ឌកម្ម និងអនុញ្ញាតឲ្យក្រុមហ៊ុន លីបង់ទៅទិញ ហើយបន្ទាប់មក យើងនឹងដកខ្លួនចេញ ពីសំណើរនោះវិញទំាងស្រុង” ។

គួរបញ្ជាក់ថា ពួកសកម្មប្រយុទ្ធហេស៍ ប៊ុលឡា ដែលគាំទ្រ ដោយអ៊ីរ៉ង់ បានធ្វើការ សម្របសម្រួល លើការដឹកជញ្ជូនប្រេង និងប្រេងសាំងអ៊ីរ៉ង់ សម្រាប់ប្រទេស លីបង់ ចាប់តាំងពីខែ សីហាមក ស្របពេលដែលភាព ខ្វះខាតរីកសាយភាយ ក្នុងខណៈសេដ្ឋកិច្ចធ្លាក់ចុះ បើទោះជាអាមេរិកដាក់ទណ្ឌកម្ម លើការលក់ប្រេងអ៊ីរ៉ង់ក៏ដោយ ៕ប្រែសម្រួល៖ប៉ាង កុង

To Top
×