ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវឲ្យ G20 ផ្ដល់សន្ដិភាព ស្ថេរភាព ដល់អាហ្វហ្គានីស្ថាន

ប៉េកាំង៖ លោក វ៉ាង យី តំណាងពិសេសរបស់ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងថា ក្រុមប្រទេស G20 គួរតែផ្តល់នូវអត្ថប្រយោជន៍ ពេញលេញរបស់ខ្លួន ដើម្បីរួមចំណែកដល់សន្តិភាពស្ថេរភាព វិបុលភាព និងការអភិវឌ្ឍន៍ របស់អាហ្វហ្គានីស្ថាន និងតំបន់។

លោកវ៉ាង យី ក៏ជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនផងដែរ បានធ្វើសុន្ទរកថាតាមរយៈវីដេអូ ភ្ជាប់ក្នុងកិច្ចប្រជុំកំពូលមេដឹកនាំ G20 ពិសេសមួយ ស្តីពីបញ្ហានៅអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បទពិសោធន៍ និងមេរៀនពីអាហ្វហ្គានីស្ថាន ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ បានបង្ហាញថា វិធីត្រឹមត្រូវក្នុងការរួបរួមគ្នា រវាងប្រទេសគឺជាការគោរព ចំពោះជម្រើសឯករាជ្យនៃផ្លូវអភិវឌ្ឍន៍ និងការរួមបញ្ចូលគ្នាទៅវិញទៅមក និងការរៀនសូត្រទៅវិញទៅមក ក្នុងចំណោមអរិយធម៌ផ្សេងៗគ្នា។

លោកវ៉ាង បានបន្ថែមថា ការដាក់មនោគមន៍វិជ្ជាផ្ទាល់ខ្លួន លើអ្នកដទៃការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ ប្រទេសផ្សេងទៀត តាមអំពើចិត្ត ឬសូម្បីតែការប្រើអន្តរាគមន៍យោធា នឹងនាំមកនូវភាពចលាចល និងភាពក្រីក្រជាបន្តបន្ទាប់ និងបង្កមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរ។

អំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ជួយអាហ្វហ្គានីស្ថាន ទប់ទល់នឹងវិបត្តិមនុស្សធម៌លោកវ៉ាង យី បានលើកឡើងថា ប្រទេសចិនកំពុងពន្លឿន ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់អាហ្វហ្គានីស្ថានដែលមានទឹកប្រាក់ ២០០ លានយ័ន (៣១ លានដុល្លារអាមេរិក) ជាអាហារសម្ភារៈរដូវរងា ថ្នាំបង្ការ និងថ្នាំពេទ្យ។ សម្ភារៈបាច់ដំបូងត្រូវបាន បញ្ជូនទៅអាហ្វហ្គានីស្ថាន។

សហគមន៍អន្តរជាតិ គួរតែលើកកម្ពស់ ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីដើរលើផ្លូវអភិវឌ្ឍន៍ ដែលបើកចំហ និងរួមបញ្ចូលគ្នា។ លោកបានបន្ថែមថា ទណ្ឌកម្មឯកតោភាគី លើអាហ្វហ្គានីស្ថាន គួរតែត្រូវបានដកចេញ ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបានហើយ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ គួរតែបង្កើនការគាំទ្រថវិកា ដល់គម្រោងកាត់បន្ថយភាពក្រីក្រ និងហេដ្ឋារចនាសម្ព័ន្ធ របស់អាហ្វហ្គានីស្ថាន ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×