ព័ត៌មានអន្តរជាតិ

អាមេរិក និងពួកតាលីបង់ មានកិច្ចពិភាក្សា ដ៏អំណោយផល ស្តីពីជំនួយមនុស្សធម៌

បរទេស ៖ មន្ត្រីនាំពាក្យក្រសួង ការបរទេស សហរដ្ឋអាមេរិក លោក Ned Price បាននិយាយប្រាប់នៅថ្ងៃអង្គារ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក និងពួកតាលីបង់ មានការពិភាក្សាគ្នាប្រកប ដោយអំណោយ ផលល្អ លើបញ្ហាជំនួយមនុស្សធម៌ សម្រាប់អាហ្វហ្គានីស្ថាន នៅក្នុងអំឡុងជំនួប នៅប្រទេសកាតា កាលពីថ្ងៃចុងសប្ដាហ៍ ។

ក្រុមមន្ត្រីទាំងពីរ បានពិភាក្សាគ្នា អំពីការបញ្ជូនជំនួយមនុស្សធម៌ នៅក្នុងអំឡុងកិច្ចប្រជុំពីរថ្ងៃ រវាងតំណាងពួកតាលីបង់ និងមន្ត្រីអាមេរិក ដែលមានខ្លះមកពីសហគមន៍ ស៊ើបការណ៍សម្ងាត់ និងទីភ្នាក់ងារអាមេរិក សម្រាប់អភិវឌ្ឍន៍អន្តរជាតិ ។

តាមសេចក្តី រាយការណ៍ លោក Ned Price បាននិយាយថា កិច្ចពិភាក្សាគ្នានោះ ផ្តោតលើក្តីព្រួយបារម្ភ អំពីសន្តិសុខនិង អំពើភេរវកម្ម ការធ្វើដំណើរ ដោយសុវត្ថិភាព សម្រាប់ជនបរទេសនិងជនជាតិ អាហ្វហ្គានីស្ថាន ជាសម្ពន្ធមិត្តរបស់អាមេរិក ចាកចេញពីប្រទេស ក៏ដូចជាបញ្ហាសិទ្ធិមនុស្ស ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន ជារឿយៗបានស្នើឲ្យអ្នកដឹកនាំថ្មី របស់អាហ្វហ្គានីស្ថាន បង្ហាញការគោរពចំពោះសិទ្ធិមនុស្ស រួមមានទាំងសិទ្ធិស្ត្រី និងក្មេងស្រី ដើម្បីទទួលបានភាព ស្របច្បាប់អន្តរជាតិ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top