ព័ត៌មានអន្តរជាតិ

ចាប់ពីថ្ងៃទី១៦ តុលា ថៃឡង់ដ៏ នឹងចាប់ផ្តើមបន្ធូរបន្ថយ នូវការរឹតបន្តឹង នៅទូទំាងប្រទេស ខណៈការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ មានសន្ទុះកើនឡើង

បាងកក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ថា ប្រទេសថៃឡង់ដ៏ បានប្រកាស នៅថ្ងៃព្រហស្បតិ៍នេះថា នឹងមានការបន្ធូរបន្ថយ នូវការរឹតបន្តឹង នៃជំងឺកូវីដ-១៩ទូទាំង ប្រទេស ចាប់ពីថ្ងៃទី១៦ ខែតុលាតទៅ ខណៈអត្រានៃការចាក់ថ្នាំបង្ការ របស់ប្រទេសនេះ បានកើនឡើង នាពេលថ្មីៗនេះ ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានការណ៍កូវីដ-១៩ ហៅកាត់ (CCSA) ការដាក់បម្រាមគោចរនា” ពេលយប់នឹងត្រូវកាត់បន្ថយមកត្រឹម ៤ម៉ោង ចាប់ពីម៉ោង១១យប់ ដល់ម៉ោង៣ និង០០នាទីព្រឹកចំនួននៃខេត្ត “ក្រហមខ្មៅ” ដែលស្ថិតនៅក្រោមការគ្រប់គ្រង អតិបរិមានឹងត្រូវកាត់បន្ថយពី២៩ មក២៣ខេត្តវិញ ។

អ្នកនាំពាក្យ CCSA លោក Taweesin Visanuyothin បានលើកឡើងថា ទន្ទឹមនឹងនេះ ចំនួន “តំបន់ក្រហម” ឬតំបន់ដែលមានការគ្រប់គ្រង អតិបរិមាក៏នឹងកាត់បន្ថយ ពី៣៧មក៣០ផងដែរ ដែលបង្ហាញពីការធ្វើឱ្យប្រសើរឡើង និងស្ថិរភាព នៃការគ្រប់គ្រង លើស្ថានភាពកូវីដ-១៩ ។

មជ្ឈមណ្ឌល CCSA ក៏បានប្រកាស ពីការបន្ធូរបន្ថយបន្ថែមទៀត ទៅលើហាងលក់អាហារទីផ្សារ កន្លែងកីឡាគ្រប់ប្រភេទ មជ្ឈមណ្ឌលផ្សារទំនើប និងរោងភាពយន្តដោយអនុញ្ញាត ឱ្យពន្យារពេលម៉ោង ធ្វើការដល់ម៉ោង១០យប់ ។

ពិព័រណ៍ពាណិជ្ជកម្ម មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ និងសណ្ឋាគារត្រូវបានអនុញ្ញាត ឱ្យរៀបចំកិច្ចប្រជុំ រហូតដល់៥០០ នាក់ក្នុងមួយព្រឹត្តិការណ៍នេះ បើយោងតាម CCSA ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×