ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងចិន ប្រារព្ធធ្វើសហសមយុទ្ធ ទ័ពជើងទឹក នៅសមុទ្រជប៉ុន

បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បាននិយាយក្នុងសេចក្តី ថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីនិងប្រទេសចិន បានប្រារព្ធធ្វើសហសមយុទ្ធទ័ពជើងទឹក នៅក្នុងសមុទ្រជប៉ុន នាថ្ងៃសុក្រនេះ និងបានអនុវត្តពីវិធីប្រតិបត្តិការរួមគ្នា និងកម្ទេចគ្រាប់មីនបណ្ដែតរបស់សត្រូវ ដោយការបាញ់កាំភ្លើងធំ។ 

ល្បែងសង្គ្រាមនេះ គឺជាផ្នែកនៃសហប្រតិបត្តិការជើងទឹក រវាងប្រទេសទាំងពីរ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលានិងចូលរួមដោយនាវាចម្បាំង និងនាវាគាំទ្រ មកពីកងនាវាប៉ាស៊ីហ្វិក របស់រុស្ស៊ី រួមមានទាំងនាវាបោសសម្អាតមីន និងនាវាមុជទឹកមួយគ្រឿង។ 

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងមូស្គូនិងប៉េកាំង បានបង្កើតចំណងយោធានិងការទូត កាន់តែជិតស្និទ្ធឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលដែលចំណងមិត្តភាព ជាមួយលោកខាងលិច បានធ្លាក់ចុះ។ 

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នាវាពិឃាតចិន២គ្រឿង នាវាមុជទឹក១គ្រឿង និងនាវាចម្បាំង២គ្រឿង គឺស្ថិតក្នុងចំណោមនាវា ដែលទីក្រុងប៉េកាំងបញ្ជូន ទៅចូលរួមក្នុងសមយុទ្ធនោះ និងបានបន្ថែមថា នាវាទាំងនោះ បានបោះយុទ្ធការនៅក្នុង តំបន់ភាគខាងកើតរបស់រុស្ស៊ី កាលពីមួយថ្ងៃមុន៕

ប្រែសម្រួល៖ ប៉ាង កុង 

To Top