ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែក អត្តឃាត នៅឯព្រះវិហារឥស្លាមមួយ កន្លែង នៅអាហ្វហ្គានីស្ថាន បណ្តាលឲ្យស្លាប់ រហូត៣២នាក់

កាប៊ុល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែក អត្តឃាតនៅខាង ក្នុងវិហារអ៊ីស្លាមមួយ នៅ ក្នុងទីក្រុង Kandahar រដ្ឋធានីនៃ Kandahar ភាគខាងត្បូង ប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើង ដល់៣២នាក់ ខណៈ៦៨នាក់ផ្សេងទៀត បានរងរបួស ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក Bakhtar បានឲ្យដឹង ថា ការផ្ទុះបានកើតឡើង នៅខាងក្នុងអគារវិហារឥស្លាម និកាយស៊ីអ៊ីត នៅពេលថ្ងៃត្រង់នៅពេលដែលអ្នកគោរព បូជារាប់រយនាក់កំពុង បួងសួងថ្ងៃសុក្រ ។

យ៉ាងហោចណាស់ មានអ្នកវាយប្រហារ ចំនួន៤នាក់ ត្រូវបានគេរាយការណ៍ថា បានជាប់ពាក់ព័ន្ធនឹងការវាយ ប្រហារដ៏សាហាវនេះ ។

ចំនួនអ្នកស្លាប់អាចកើន ឡើងបន្ថែមទៀត ខណៈអ្នករបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

មិនទាន់មានក្រុមណាមួយអះអាង ទទួលខុសត្រូវ ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត នេះនៅឡើយទេ ។

ស្ថានភាពសន្តិសុខ ជាទូទៅនៅតែមានភាព ស្ងប់ស្ងាត់ ប៉ុន្តែមិនច្បាស់លាស់ នៅទូទាំងប្រទេស អាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់ បានកាន់កាប់ នៅពាក់កណ្តាលខែសីហា ។

ទោះយ៉ាងណា ការវាយប្រហារដោយគ្រាប់បែក មួយត្រូវបានបង្កើតឡើង ដោយក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនង ជាមួយរដ្ឋអ៊ីស្លាម (IS) ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

កាលពីថ្ងៃព្រហស្បតិ៍ មេប៉ូលិស ស្រុកតាលីបង់ម្នាក់ ត្រូវបានសម្លាប់ និង មនុស្ស១១នាក់ទៀត បានរងរបួសនៅពេល ដែលគ្រាប់បែកមួយគ្រាប់បាន វាយប្រហារ រថយន្តតាលីបង់ នៅភាគខាងកើតខេត្ត Kunar ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×