ព័ត៌មានអន្តរជាតិ

ប្រធានចារកម្មអាមេរិក នឹងជួបជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុន

បរទេស៖ ប្រធានចារកម្មរបស់សហរដ្ឋអាមេរិក ជប៉ុននិងកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងជួបគ្នានៅក្នុងទីក្រុងសេអ៊ូល នៅដើមសប្ដាហ៍ក្រោយ សម្រាប់កិច្ចពិភាក្សាសម្ងាត់ ស្តីពីកូរ៉េខាងជើង នៅក្នុងចំណោមបញ្ហាដទៃទៀត នេះបើតាមសេចក្តីរាយការណ៍ពីកាសែត យុនហាប់។


ប្រធានចារកម្មជាតិសហរដ្ឋអាមេរិក លោក Avril Haines នឹងជួបគ្នាជាមួយលោក Park Jie-won ប្រធានទីភ្នាក់ងារចារកម្មជាតិរបស់ប្រទេសកូរ៉េខាងត្បូង និងលោក Hiroaki Takizawa ប្រធានចារកម្មគណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន ហើយនេះជាកិច្ចជួបគ្នាដំបូងនៃលោកទាំង៣ គិតចាប់តាំងពីខែឧសភាមក។


យោងតាមសេចក្តីរាយការណ៍ ប្រធានចារកម្មទាំង៣រូប ត្រូវបានគេរំពឹងថា នឹងផ្តោតសំខាន់លើបញ្ហានានាជុំវិញបញ្ហាកូរ៉េខាងជើង ប៉ុន្តែការិយាល័យប្រធានចារកម្មជាតិអាមេរិក នៅពេលភ្លាមៗនេះ មិនបានឆ្លើយតបនឹងការសុំអត្ថាធិប្បាយនោះទេ។


គួរបញ្ជាក់ថា ស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន សហរដ្ឋអាមេរិក បាននិយាយដដែលៗថា ខ្លួនចង់និយាយគ្នាជាមួយកូរ៉េខាងជើង ប៉ុន្តែនាពេលថ្មីៗនេះ បានទាមទារឲ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែ នៅមុនពេលទណ្ឌកម្មត្រូវបានបន្ធូរបន្ថយ៕

ប្រែសម្រួល៖ប៉ាង កុង

To Top