ព័ត៌មានអន្តរជាតិ

លោក Lloyd Austin ធ្វើទស្សនកិច្ចអ៊ុយក្រែន បង្ហាញការគាំទ្រអាមេរិក ប្រឆាំងការលុកលុយ របស់រុស្ស៊ី

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Lloyd Austin បានមានប្រសាសន៍ នៅក្នុងអំឡុងធ្វើដំណើរទស្សនកិច្ច ទីក្រុងគៀវនៅថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែនបន្តមាន ការគាំទ្ររបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី និងមានសេរីភាពធ្វើការសម្រេចចិត្ត លើគោលនយោបាយបរទេសផ្ទាល់ខ្លួន។

មន្ទីរបញ្ចកោណនិយាយថា លោក Lloyd Austin បានជួបគ្នាជាមួយ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Andrii Taran និងក្រោយមកជាមួយ លោកប្រធានាធិបតី Volodymyr Zelensky សង្កត់ធ្ងន់ថា ភាពជាដៃគូការពារជាតិរបស់អ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក និងណាតូ នៅតែរឹងមាំ។

លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានធ្វើការអះអាងបែបនេះ ស្របពេលដែលកងទ័ពរុស្ស៊ី បន្តគ្រប់គ្រងលើឧបទ្វីបក្រៃមា និងទីក្រុងមូស្គូគាំទ្រពួកឧទ្ទាមផ្តាច់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ក្នុងដំណើរបះបោរមួយ ដែលបានឆក់យកជីវិតមនុស្ស ១៤.០០០នាក់ ចាប់តាំងពីឆ្នាំ២០១៤មក។

ផ្ទាំងពាណិជ្ជកម្ម

លោក Lloyd Austin ក៏បង្ហាញការគាំទ្រចំពោះស្មារតីអ៊ុយក្រែន ចូលរួមក្នុងអង្គការណាតូ ជុំវិញការជំទាស់ពីរុស្ស៊ី និងបានធ្វើការថ្កោលទោស ចំពោះការប្រមូលផ្តុំយោធាប្រមាណ ១០០.០០០នាក់ របស់វិមានក្រឹមឡាំង នៅតាមព្រំដែនអ៊ុយក្រែន កាលពីដើមឆ្នាំនេះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top