ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង យល់ព្រមបន្ថយទណ្ឌកម្ម ប្រសិនបើកូរ៉េខាងជើង ទទួលយកសំណើចរចា

សេអ៊ូល៖ រដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូងលោក Chung Eui-yong នៅថ្ងៃពុធនេះបានលើកឡើងថា ប្រទេសនេះនឹងពិចារណា ពីការបន្ធូរបន្ថយទណ្ឌកម្ម ប្រសិនបើកូរ៉េខាងជើង ទទួលយកសំណើពិភាក្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកបានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលសវនកម្មសភា នៃការិយាល័យរដ្ឋាភិបាល ដោយលើកឡើងថា សកម្មភាពមួយចំនួនគួរតែ ត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ដើម្បីការពារកូរ៉េខាងជើង មិនឱ្យអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលបន្ថែមទៀត។

លោកបានលើកឡើងថា ការបន្ធូរបន្ថយទណ្ឌកម្មអាច ត្រូវបានគេពិចារណាយ៉ាងច្បាស់ ក្នុងចំណោមវិធីដើម្បីការពារ ការអភិវឌ្ឍន៍បន្ថែមទៀត តាមលក្ខខណ្ឌ ដែលកូរ៉េខាងជើង ទទួលយកសំណើពិភាក្សា។

ការអត្ថាធិប្បាយរបស់លោក ត្រូវបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីទីភ្នាក់ងារព័ត៌មានកណ្តាល ផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាង បានធ្វើការបាញ់សាកល្បង ដោយជោគជ័យនូវមីស៊ីលផ្លោង ឆ្លងទ្វីបប្រភេទថ្មីមួយ កាលពីថ្ងៃអង្គារ។

នៅពេលសួរថា តើសហរដ្ឋអាមេរិក នៅលើទំព័រតែមួយ ជាមួយកូរ៉េខាងត្បូង ទាក់ទងនឹងការបន្ធូរបន្ថយទណ្ឌកម្ម ដោយផ្អែកលើលក្ខខណ្ឌ ឬយ៉ាងណានោះ លោកបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ជាផ្លូវការថា ខ្លួនអាចពិភាក្សាពីបញ្ហាទាំងអស់ ប្រសិនបើកូរ៉េខាងជើង ត្រលប់មកតុពិភាក្សាវិញ។

លោកបានកត់សម្គាល់ថា សំណើរបស់ប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន ជេអ៊ីន ដើម្បីប្រកាសបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ គឺជាជម្រើសមួយក្នុង ចំណោមជម្រើសជាច្រើន ដើម្បីចាប់ផ្តើមដំណើរការសន្តិភាព នៅឧបទ្វីបកូរ៉េឡើងវិញ។

រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា ការប្រកាសបញ្ចប់សង្គ្រាម មានគោលបំណងបង្កើតការជឿទុកចិត្ត ដើម្បីបង្កើតបរិយាកាស សម្រាប់ការសន្ទនាដោយបន្ថែមថា វាគឺជាច្រកចេញចូលទីមួយ និងជាជំហានសំខាន់ សម្រាប់ដំណើរការសន្តិភាពនៅឧបទ្វីប ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×