ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី រុស្ស៊ីបញ្ជាឲ្យបិទផ្អាកការងាររមួយ សប្ដាហ៍ ប្រយុទ្ធនឹងជម្ងឺកូវីដ១៩

បរទេស៖នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងជម្ងឺកូវីដ១៩ និងការសម្លាប់ពីជម្ងឺនេះ ប្រធានាធិបតិរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃពុធសប្ដាហ៍នេះ បានចេញបញ្ជាឲ្យបិទផ្អាកការងារនៅមានប្រាក់ឈ្នួលរយៈពេលមួយសប្ដាហ៍ សម្រាប់អ្នកធ្វើការងារ នៅក្រុមហ៊ុនពាណិជ្ជកម្មមិនសំខាន់និងនៅក្នុងរដ្ឋាភិបាល។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការបិទផ្អាកនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ហើយបញ្ជារបស់លោក ពូទីន នេះ ក៏អនុញ្ញាតឲ្យអាជ្ញាធរក្នុងតំបន់បន្ថែមថ្ងៃឈប់សម្រាក នៅក្រោយថ្ងៃទី០៧ ខែវិច្ឆិកាផងដែរ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានរាយការណ៍ពីកំណត់ការស្លាប់ដោយសារជម្ងឺកូវីដ១៩ប្រចាំថ្ងៃជាច្រើន ក្នុងរយៈពេល៣សប្ដាហ៍កន្លងមក ដោយមានការស្លាប់ត្រូវបានគេរាយការណ៍ចំនួន១.០២៨នាក់ កាលពីថ្ងៃអង្គារ ហើយចំនួនការស្លាប់សរុប គិតចាប់តាំងពីចាប់ផ្តើមមានការរាតត្បាតនៃជម្ងឺកូវីដ១៩ក្នុងប្រទេសមក គឺចំនួន២២៦.៣៥៣នាក់។

នៅក្នុងអំឡុងថ្លែងសុន្ទរកថាផ្សាយផ្អាល់លើទរទស្សន៍ លោកប្រធានាធិបតីរុស្ស៊ី បានស្នើឲ្យប្រជាជនថែមទៀតទៅទទួលការចាក់ថ្នាំវ៉ាក់សាំងការពារជម្ងឺកូវីដ និងទៅធ្វើតេស្តនៅទូទាំងប្រទេស។

លោកថ្លែងដូច្នេះថា “ពិតជាចម្លែកណាស់ ដែលមនុស្សមានការអប់រំល្អ និងមានកម្រិតសិក្សាខ្ពស់ មិនចង់ចាក់ថ្នាំវ៉ាក់សាំង ហើយយើងមានថ្នាំវ៉ាក់សាំងដ៏មានសុវត្ថិភាពនិងប្រសិទ្ធភាព។ ខ្ញុំសូមអំពាវនាវឲ្យលោកអ្នកធ្វើដំណើរចេញទៅទទួលថ្នាំវ៉ាក់សំាង វាជាប្រស្នារមួយនៃជីវិតអ្នកនិងជីវិតមនុស្សជិតស្និទ្ធនឹងលោកអ្នក”៕ប្រែសម្រួល៖ប៉ាង កុង

To Top