ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ធ្វើទស្សនកិច្ចទីក្រុងកាប៊ុល ជាលើកដំបូង តាំងពីពួកតាលីបង់ កាន់អំណាចមក

បរទេស៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi បានទៅដល់ទីក្រុងកាប៊ុល នៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់ដំណើរទស្សនកិច្ច រដ្ឋធានីអាហ្វហ្គានីស្ថាន ជាលើដំបូងរបស់លោក ចាប់តាំងពីជ័យជំនះពួកតាលីបង់ ក្នុងខែសីហា ក្រោយប៉ុន្មានសប្ដាហ៍បន្ទាប់ ពីមានភាពតានតឹងជុំវិញការរឹតបន្តឹង លើផ្លូវដឹកជញ្ជូនរវាងប្រទេសជិតខាងពីរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស របស់ប្រទេសប៉ាគីស្ថាន បាននិយាយប្រាប់ថា លោក Shah Mahmood Qureshi នឹងផ្តោតសំខាន់ ក្នុងកិច្ចពិភាក្សារបស់លោក ជាមួយរដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន លោក Amir Khan Muttaqi និងថ្នាក់ដឹកនាំលីបង់ដទៃទៀត លើមធ្យោបាយនានា នងមានន័យធ្វើឲ្យស៊ីជម្រៅ នូវសហប្រតិបត្តិការ ក្នុងតំបន់នានា។

តាមសេចក្តីរាយការណ៍ សេចក្តីថ្លែងការណ៍ក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយដូច្នេះថា “ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសនេះ ឆ្លុះបញ្ចាំងពីគោលនយោបាយ ដ៏ជាក់លាក់របស់ប៉ាគីស្ថាន ក្នុងការគាំទ្រដល់ប្រជាជន អាហ្វហ្គានីស្ថាន ការធ្វើឲ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាព ជំនួញនិងសេដ្ឋកិច្ចទ្វេភាគី និងសម្របសម្រួលកិច្ចទំនាក់ទំនង រវាងប្រជាជននិងប្រជាជន កាន់តែជិតស្និទ្ធ”។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺត្រូវបានធ្វើឡើង ក្រោយមានបញ្ហានានា នៅច្រកព្រំដែន Chaman ដែលជាច្រកមួយក្នុងចំណោម ច្រកជំនួញឆ្លងកាត់ដ៏ចម្បង រវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ដែលបានបិទអស់រយៈពេល ជាង២សប្ដាហ៍ បង្កឲ្យមានបញ្ហាធ្ងន់ធ្ងរនានា សម្រាប់អ្នកបើករថយន្តដឹកទំនិញធុនធំ និងអ្នកនាំទំនិញចេញ៕ ប្រែសម្រួល៖ប៉ាង កុង

To Top