ព័ត៌មានអន្តរជាតិ

សមាជិកសភាសហភាពអឺរ៉ុប ជំរុញឲ្យមានចំណងកាន់តែ ជិតស្និទ្ធជាមួយតៃវ៉ាន់ បង្កឲ្យចិនខឹង

បរទេស៖ សមាជិកសភាសហភាពអឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហភាពអឺរ៉ុប ត្រូវតែធ្វើឲ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងចាប់ផ្តើមការងារលើកិច្ចព្រមព្រៀងវិនិយោគជាមួយកោះតៃវ៉ាន់ ហើយនេះជាទង្វើមួយបង្កឲ្យចិនខឹង ស្របពេលមានកិច្ចព្រមព្រៀងសហភាពអឺរ៉ុបនិងចិនស្រដៀងគ្នានេះ ដែលធ្វើឡើងក្នុងឆ្នាំ២០២០ កំពុងតែសាបរលាប។


រដ្ឋសភាអឺរ៉ុបនៅក្នុងទីក្រុង Strasbourg ប្រទេសបារាំង ជាមួយសម្លេងឆ្នោតភាគច្រើន៥៨០សម្លេងទល់នឹង២៦សម្លេង បានគាំទ្រសេចក្តីសម្រេចស្នើឲ្យគណៈកម្មការប្រតិបត្តិអឺរ៉ុប ចាប់ផ្តើមបន្ទាន់នូវការវាយតម្លៃពីផលប៉ះពាល់ កិច្ចប្រឹក្សាជាសាធារណៈ និងអនុវត្តវិសាលភាពលើកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី។


សមាជិកសភា ក៏បានទាមទារឲ្យប្តូរឈ្មោះការិយាល័យជំនួញរបស់សហភាពអឺរ៉ុប នៅទីក្រុងតៃប៉ិ ទៅជាការិយាល័យសហភាពអឺរ៉ុបប្រចាំតៃវ៉ាន់ ដែលជាការពង្រឹងបេសកកម្ម មិនថាសហភាពអឺរ៉ុប និងប្រទេសជាសមាជិក មានចំណងមិត្តភាពការទូតផ្លូវការជាមួយតៃវ៉ាន់ ដែលចិនអះអាងកម្មសិទ្ធិថាជាទឹកដីខ្លួន។


គួរបញ្ជាក់ថា ភាពតានតឹងយោធា រវាងប្រទេសចិន និងកោះតៃវ៉ាន់ នាពេលថ្មីៗនេះ បានកើនខ្លាំងឡើង ហើយទីក្រុងតៃប៉ិនិយាយថា ទីក្រុងប៉េកាំង នឹងអាចមានសមត្ថភាពបង្កើនការលុកលុយទាំងស្រុង លើកោះតៃវ៉ាន់ នៅត្រឹមឆ្នាំ២០២៥៕

ប្រែសម្រួល៖ប៉ាង កុង

To Top
×