ព័ត៌មានអន្តរជាតិ

ថៃ នឹងអនុញ្ញាតឲ្យអ្នកទេសចរមកពីប្រទេសទាំង ៤៦ ចូលទស្សនាប្រទេសនេះដោយគ្មានការធ្វើច័តាឡីស័ក

បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានប្រកាសថា ប្រទេសថៃ នឹងអនុញ្ញាតឱ្យអ្នកទេសចរមកពីប្រទេសចំនួន ៤៦ រួមទាំងជប៉ុនចូលមកទស្សនាប្រទេសនេះ ដោយគ្មានការ ដាក់ឲ្យនៅដោយឡែក ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ពេញលេញ។

អ្នកទេសចរត្រូវបង្ហាញភស្តុតាង ដែលបានធ្វើតេស្តអវិជ្ជមានចំពោះកូវីដ -១៩ មុនពេលចាកចេញទៅប្រទេសថៃ ហើយពួកគេក៏នឹងត្រូវធ្វើតេស្តនៅពេលមកដល់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

នាយករដ្ឋមន្រ្តីថៃរូបនេះ បានឲ្យដឹងកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលថៃ ដំបូងនឹងទម្លាក់តម្រូវការដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់អ្នកទេសចរមកពី ១០ ប្រទេស ដែលចាត់ទុកថា មានហានិភ័យទាប ចំពោះការរីករាលដាលមេរោគ។

ច្បាប់ថ្មីនេះត្រូវបានគេរំពឹងថា នឹងជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសនេះ ឡើងវិញតាមរយៈការជំរុញឧស្សាហកម្មទេសចរណ៍របស់ខ្លួន។

លោកប្រាយុទ្ធ បានលើកឡើងថា“ ប្រសិនបើយើងរង់ចាំអ្វីៗគ្រប់យ៉ាងឱ្យបានល្អឥតខ្ចោះនោះយើងនឹងយឺតពេលហើយ” អ្នកទេសចរនឹងសម្រេចចិត្តទៅប្រទេសផ្សេងជាជាងស៊ូទ្រាំនឹងការ ដាក់ឲ្យនៅដាច់ពីគេ នៅក្នុងប្រទេសថៃ។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសថៃ បានចុះបញ្ជីករណីឆ្លងវីរុសថ្មីចំនួន ៩,៧២៧ ករណីនិងមានអ្នកស្លាប់ចំនួន ៧៣ នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបឡើងដល់ ១,៨២១,៥៧៩ ករណី ដោយមានអ្នកស្លាប់សរុបចំនួន ១៨,៥៥៩ នាក់៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×