ព័ត៌មានអន្តរជាតិ

ពលរដ្ឋ​ ប្រមាណជាង ១០០.០០០នាក់ ជម្លៀសខ្លួនចេញពីតំបន់ ភាគកណ្តាលសូម៉ាលី ខណៈភាពតានតឹង កំពុងកើតឡើង

ម៉ូហ្គាឌីស៊ូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ថា អង្គការ សហប្រជាជាតិ (UN) បានឲ្យដឹងកាលពីថ្ងៃសុក្រថា មនុស្សជាង១០០.០០០នាក់ បានភៀសខ្លួនចេញពីទីក្រុង ក្នុងស្រុកមួយ ក្នុងរដ្ឋ Galmudug ភាគកណ្តាល នៃប្រទេសសូម៉ាលី ដោយសារតែភាពតាន តឹងខ្លាំង និងជម្លោះដែលអាចកើតមាន រវាងរដ្ឋាភិបាល ក្នុងតំបន់ និងក្រុមទាហានប៉ារ៉ា ។

ការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាតិ ហៅកាត់ថា (UNOCHA) បានឲ្យដឹងថា ភាពតានតឹងបានរីករាលដាល ដល់ភូមិជនបទ ចំនួន២៨ហើយ ។

ការិយាល័យ UNOCHA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅទីក្រុង ម៉ូហ្គាឌីស៊ូ រដ្ឋធានីនៃប្រទេសសូម៉ាលី ថា “ជនភៀសខ្លួន រួមមានអនីតិជន ដែលមិនបានអមដំណើរប្រហែល១.០០៥នាក់ និងជនពិការចំនួន ២.០០៩នាក់ និងផលវិបាកទាក់ទងនឹងសុខភាព” ។

ពលរដ្ឋសូម៉ាលី បានភៀសខ្លួនចេញពីទីប្រជុំជន Guriel ដោយសារភាពតានតឹងខ្លាំង និងជម្លោះដ៏មានសក្តានុពលរវាងរដ្ឋាភិបាល Galmudug និងអាហ៊ូលស៊ុនណាវ៉ាលហ្សាម៉ាអា (ASWJ) ដែលជាក្រុមឥស្លាម ដែលមានមូលដ្ឋាន នៅតំបន់កណ្តាល ។

រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួនបានឡោមព័ទ្ធទីក្រុង Guriel បន្ទាប់ពីកិច្ចពិភាក្សាដែលដឹកនាំដោយរដ្ឋាភិបាល និងក្រុមត្រកូលព្រឹទ្ធាចារ្យជំនាន់ មុនបានដួលរលំ ។

រដ្ឋាភិបាល Galmudug បានលើកឡើងថា កម្លាំងរបស់ខ្លួនចង់ ដណ្តើមយកទីក្រុង Guriel មកវិញពី Ahlu Sunna Waljama’a ដែលបានគ្រប់គ្រងទីក្រុងនេះ ប្រហែលមួយខែមកហើយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×