ព័ត៌មានអន្តរជាតិ

លោក បៃដិន និងម៉ាក្រុង នឹងជួបពិភាក្សាគ្នា នៅទីក្រុងរ៉ូម នាចុងខែនេះ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ថា ប្រភពព័ត៌មានចេញពីសេតវិមាន បានឲ្យដឹងថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងសមភាគីបារាំង លោក Emmanuel Macron កាលពីថ្ងៃសុក្របានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ Sahel និងឥណ្ឌូប៉ាស៊ីហ្វិក ហើយបានយល់ព្រមជួបប្រជុំគ្នា នៅទីក្រុងរ៉ូម នៅចុងខែនេះ ។

យោងតាមសេចក្តីថ្លែងការណ៍ របស់សេតវិមាន លោក បៃដិន និង លោក ម៉ាក្រុង នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ Sahel បង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។

មេដឹកនាំទាំង២ នឹងជួបគ្នានៅទីក្រុងរ៉ូម នៅចុងខែនេះ ដើម្បីបន្តការសន្ទនារបស់ពួកគេស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយ សេតវិមានបានឲ្យដឹងថា អនុប្រធានាធិបតី Kamala Harris នឹងធ្វើទស្សនកិច្ចនៅប្រទេសបារាំង នៅខែក្រោយ ដើម្បីជួបជា មួយលោក Macron និងចូលរួមក្នុងសន្និសីទប៉ារីស ស្តីពីប្រទេសលីប៊ី នៅថ្ងៃទី១២ ខែវិច្ឆិកា ។

ដំណើររបស់ Harris ត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែង បន្តរបស់រដ្ឋបាល បៃដិន ដើម្បីស្តារទំនាក់ទំនងអាមេរិក-បារាំង ដែលបានជួបការបរាជ័យ ដោយសារតែកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ ដ៏ចម្រូងចម្រាសដែលប្រកាសដោយសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី កាលពីខែមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top