ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងចិន រួមគ្នាធ្វើការល្បាត តាមដែនទឹកជាលើកដំបូង នៅភាគខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វិក

មូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា នាវាចម្បាំងរុស្ស៊ី និងចិន បានធ្វើការល្បាតរួមគ្នាជាលើកដំបូង របស់ពួកគេនៅតំបន់ភាគខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែតុលា ។

ក្រុងម៉ូស្គូ និងក្រុងប៉េកាំង ដែលបានធ្វើសមយុទ្ធសហប្រតិបត្តិការ កងទ័ពជើងទឹកនៅសមុទ្រជប៉ុន កាលពីដើមខែតុលា បានបង្កើតទំនាក់ទំនងយោធា និងការទូតកាន់តែជិតស្និទ្ធ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅគ្រាដែលទំនាក់ទំនង របស់ពួកគេជាមួយបស្ចិមប្រទេស បានថមថយនោះ ។

សមយុទ្ធកងទ័ពជើងទឹក ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដោយប្រទេសជប៉ុន ដែលបានឲ្យដឹងកាល ពីដើមសប្តាហ៍នេះថា ក្រុមនាវាចំនួន ១០គ្រឿង មកពីប្រទេសចិន និងរុស្ស៊ី បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Tsugaru ដែលបំបែកកោះសំខាន់ របស់ប្រទេសជប៉ុន និងកោះភាគខាងជើង នៃកោះហុកកៃដូ ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ថា “ក្រុមនាវាបានឆ្លងកាត់ច្រកសមុទ្រ Tsugaru ជាលើកដំបូងដែល ជាផ្នែកមួយនៃការល្បាត” ។ ច្រកសមុទ្រត្រូវបានចាត់ទុកថា ជាដែនទឹកអន្តរជាតិ ។

ក្រសួងខាងលើបានឲ្យដឹងទៀតថា “ភារកិច្ចនៃការល្បាត គឺការបង្ហាញទង់ជាតិរុស្ស៊ី និងចិនការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងការការពារប្រធានបទ នៃសកម្មភាពសេដ្ឋកិច្ច សមុទ្រនៃប្រទេសទាំង២” ផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×