ព័ត៌មានអន្តរជាតិ

របបយោធា មីយ៉ាន់ម៉ា ចាត់ទុកថា របាយការណ៍ សិទ្ធិមនុស្សរបស់ UN ជាការញុះញ៉ង់ បង្កឲ្យមានអំពើហិង្សា

រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ថា របបយោធាមីយ៉ាន់ម៉ា កាលលពីថ្ងៃអាទិត្យ បានចាត់ទុករបាយការណ៍ សិទ្ធិចុងក្រោយរបស់អង្គការ សហប្រជាជាតិ (UN) ស្តីពីប្រទេស ដែលមានជម្លោះថា ជា “ការញុះញង់ឲ្យមានអំពើហិង្សា” ហើយបានចោទប្រកាន់ស្ថាប័ននេះថា បានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ខ្លួនទៀតផង ។

ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចលចាប់ តាំងពីរដ្ឋប្រហារខែកុម្ភៈ ដោយមានអ្នកស្លាប់ជាង ១.១០០នាក់ នៅក្នុងការបង្រ្កាបលើ អ្នកប្រឆាំង នេះបើយោងតាមក្រុមឃ្លាំមើល ក្នុងតំបន់បានឲ្យដឹងដូច្នេះ ។

គួររំលឹកថា កាលពីថ្ងៃសុក្រអង្គការ សហប្រជាជាតិ បានឲ្យដឹងថា ខ្លួនខ្លាចគ្រោះមហន្តរាយសិទ្ធិមនុស្ស កាន់តែខ្លាំងឡើង ចំពេលមានរបាយការណ៍ថា កងទ័ពរាប់ម៉ឺននាក់ និងអាវុធធុនធ្ងន់ កំពុងត្រូវបានផ្លាស់ប្តូរទៅតំបន់ ដែលមានភាពធូរស្រាល នៅភាគខាងជើង និងភាគពាយព្យប្រទេសនេះ ។

ផ្ទាំងពាណិជ្ជកម្ម

លោក Tom Andrews អ្នករាយការណ៍ពិសេស ស្តីពីមីយ៉ាន់ម៉ា បានព្រមានដល់ មហាសន្និបាតអ. ស.ប ។

របបយោធាបានរិះគន់ របាយការណ៍នេះកាលពីថ្ងៃអាទិត្យ ហើយបានចោទប្រកាន់អង្គការ សហប្រជាជាតិថា បានប្រើប្រាស់សិទ្ធិមនុស្ស ជាឧបករណ៍នយោបាយ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសមីយ៉ាន់ម៉ា ។

ក្រសួងការបរទេស ដែលតែងតាំងដោយរបបយោធា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា របាយការណ៍នេះនឹង “នាំឱ្យមានការបែកបាក់កាន់ តែខ្លាំងឡើងៗ ក្នុងចំណោមប្រទេសជាតិ និងការញុះញង់ឱ្យមានអំពើហិង្សាផ្ទៃក្នុង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×