ព័ត៌មានអន្តរជាតិ

ប្រេសិតអាមេរិក៖ កិច្ចប្រឹងប្រែងចរចា នុយក្លេអ៊ែអ៊ីរ៉ង់ កំពុងស្ថិតក្នុង ដំណាក់កាលដ៏សំខាន់

បរទេស៖ប្រេសិតសហរដ្ឋអាមេរិក លោក Robert Malley នាពេលថ្មីៗនេះ បានធ្វើការព្រមានថា កិច្ចប្រឹងប្រែងដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ កំពុងតែចូលដល់ ដំណាក់កាលដ៏សំខាន់ ដោយលោកនិយាយថា មានភាពអត់ធ្មត់រួម រវាងទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្តខ្លួន ជុំវិញកម្មវិធីនុយក្លេអ៊ែកាន់តែ ទំនើបរបស់ទីក្រុងតេអេរ៉ង់។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Robert Malley បានលើកឡើងជាថ្មី នូវគោលជំហររដ្ឋបាល របស់សហរដ្ឋអាមេរិកថា អាមេរិកពេញចិត្តឲ្យ មានកិច្ចការការទូត ដើម្បីចរចាដោះស្រាយជាមួយ កម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ ប៉ុន្តែបាននិយាយថា សហរដ្ឋអាមេរិកក៏មាន ជម្រើសផ្សេងទៀតដែរ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Robert Malley បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនឹងបន្តប្រើប្រាស់កិច្ចការការទូត ប៉ុន្តែយើងនឹងប្រើប្រាស់ ជម្រើសផ្សេងវិញ ប្រសិនបើយើងប្រឈមមុខនឹងពាក្យមួយ ដែលយើងចាំបាច់ត្រូវតែធ្វើបែបនោះ”។

គួរបញ្ជាក់ថា កិច្ចពិភាក្សាគ្នាជុំចំនួន ៦ជុំនៅក្នុងទីក្រុងវីយែន កាលពីដើមឆ្នាំនេះ បានបរាជ័យក្នុងការស្តារ កិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ ហៅកាត់ថា JCPOA ដែលឲ្យអ៊ីរ៉ង់បន្ថយទំហំនៃ កម្មវិធីនុយក្លេអ៊ែរបស់ខ្លួន ដើម្បីជាការដោះដូរយកការដក ទណ្ឌកម្មអន្តរជាតិលើសេដ្ឋកិច្ចរបស់ខ្លួន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×